ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួប ១០០ឆ្នាំ ថ្ងៃបង្កើត អង្គការអន្តរជាតិខាងការងារ (International Labour Organization-ILO) និងខួប ៥០ឆ្នាំ ដែលកម្ពុជាក្លាយជាសមាជិកអង្គការ ILO។
គួរបញ្ជាក់ថា អង្គការអន្តរជាតិខាងការងារ គឺជាទីភ្នាក់ងារត្រីភាគីឯកទេសផ្នែកពិភពការងារនៃអង្គការសហប្រជាជាតិ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩១៩ ដើម្បីកំណត់បទដ្ឋានការងារ និងរៀបចំគោលនយោបាយនានាក្នុងគោល បំណងបង្កើនយុត្តិធម៌សង្គម និងលើកកម្ពស់ការងារសមរម្យសម្រាប់ស្ត្រី និងបុរស។
ក្នុងរយៈពេល ១០០ឆ្នាំកន្លងមកនេះ អង្គការអន្តរជាតិខាងការងារបានអនុម័តអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៨៩ ពិធីសារចំនួន៦ និងអនុសាសន៍ចំនួន២០៥ ដើម្បីជាបទដ្ឋានរួមសម្រាប់ប្រទេសជាសមាជិកក្នុងការអភិវឌ្ឍពិភពការងារប្រកបដោយសុខដុមរមនា និងចីរភាព។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការអន្តរជាតិខាងការងារនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៦៩។
លោករដ្ឋមន្ត្រីបន្តថា ក្នុងរយៈពេល ៥០ឆ្នាំមកនេះ កម្ពុជាបានផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារចំនួន១៣ ក្នុងនោះមានអនុសញ្ញាស្នូលទាំង៨ គឺអនុសញ្ញាលេខ២៩, លេខ៨៧, លេខ៩៨, លេខ១០០, លេខ១០៥, លេខ១១១, លេខ១៣៨, លេខ១៨២, និងអនុសញ្ញាបច្ចេកទេសចំនួន៤ គឺអនុសញ្ញាលេខ៤, លេខ៦, លេខ១៣, លេខ១៥០ ព្រមទាំងអនុសញ្ញាអាទិភាពចំនួន១ គឺអនុសញ្ញាលេខ១២២។
មន្ត្រីដដែលបញ្ជាក់ថា ខ្លឹមសារនៃអនុសញ្ញាអន្តរជាតិទាំងនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់កម្ពុជា។ ក្នុងនោះកម្ពុជាធ្លាប់បានជាប់ឆ្នោតជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាភិបាលរបស់អង្គការអន្តរជាតិខាងការងារ (Governing Body) ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ហើយបានចូលរួមយ៉ាងសកម្មក្នុងយន្តការនេះរបស់អង្គការអន្តរជាតិខាងការងារ និងបានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនទៅតាមអនុសញ្ញាដែលបានផ្តល់សច្ចាប័ន ព្រមទាំងបានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍវិស័យការងារ និងបានចែករំលែកនូវបទពិសោធន៍ល្អៗដល់ប្រទេសជាមិត្តមួយចំនួន ៕