ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ថា ការរកឃើញលោក ស៊ុំ ម៉ឺន គឺជាការបញ្ចប់នូវការ លាបពណ៌ និងការចោទ ប្រកាន់របស់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិមួយចំនួន ព្រម ទាំងក្រុមប្រឆាំងទាំងនោះ ដែលតែងចាត់ទុកករណីនេះជាការរំលោភសិទ្ធិមនុស្សទៅវិញ។
នេះបេីយោងតាមការប្រកាសអោយដឹងពីមន្ត្រី
រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញលោក ស៊ុំ ម៉ឺន ដែលអាជ្ញាធរតាមចាប់ខ្លួន រឿងកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេពនិងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព នាពេលថ្មីៗនេះ។
រដ្ឋបាលខេត្តព្រះវិហារបញ្ជាក់ទៀតថា លោក ស៊ុំ ម៉ឺន បានលួចរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង ០៧៖៤៣នាទីព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០១៩កន្លង ទៅ ដោយផ្លោះរបងខាងក្រោយទីចាត់ការដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេពតាចឹង ស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន បន្ទាប់ពីត្រូវបានកម្លាំងអាជ្ញាធរស្រុកជាំក្សាន្ត និងកម្លាំងរបស់ក្រុមហ៊ុនវិនិយោគ ចាប់ខ្លួនពីការកាប់ទន្ទ្រានដីព្រៃក្នុងតំបន់ ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនមេត្រីភាព ប្រគល់មកឲ្យមន្ត្រីឧទ្យាននុរ័កគូលែន-ព្រហ្មទេព កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីប្រកាសព័ត៌មានអោយដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទរវាងអាជ្ញាធរខេត្ត ស្រុក ជាមួយគ្រួសាររបស់ ស៊ុំ ម៉ឺន កិច្ចសហការរវាងកម្លាំងសមត្ថកិច្ចជំនាញ និង
កម្លាំងសមត្ថកិច្ចជំនាញខេត្តព្រះវិហារ-ឧត្តរមាន ជ័យ និងជាមួយកម្លាំងអគ្គស្នងការនគរបាលជាតិ ទើបអាចរកឃើញ លោក ស៊ុំ ម៉ឺន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩នេះ នៅរាជធានី ភ្នំពេញ ។
រដ្ឋបាលខេត្តព្រះវិហារអះអាងថា ការរកឃើញលោក ស៊ុំ ម៉ឺន ជាការបញ្ចប់នូវការលាបពណ៌របស់ក្រុមប្រឆាំងដែលទាញករណីនេះ ទៅការរំលោភសិទ្ធិមនុស្ស ៕ ដោយ ៖ វណ្ណៈ