សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដឹកនាំបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦ ស្របពេលព្រះករុណា ផ្ញើព្រះរាជ​សារ​​​កោតសរសើរចំពោះប្រធានរដ្ឋសភា 

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ បានបើកសម័យប្រជុំលើកទី២នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦នេះ ព្រះករុណាព្រះបាទសម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជ​សារ​​​ជូន​សម័យ​ប្រជុំរដ្ឋសភា ផងដែរ និងបានកោតសរសើរចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងថ្នាក់ដឹកនាំ និងសមាជិកសមាជិការដ្ឋសភា ទំាងអស់ ដែលបានបំពេញការងារអស់ពីកម្លំាងកាយចិត្ត ពុំគិតពីការនឿយហត់ ខិតខំយកចិត្តទុកដាក់ក្នុងការបម្រើប្រជាពលរដ្ឋ ដែលជាភារកិច្ចរបស់រដ្ឋសភានោះរួមមានការអញ្ជើញ យ៉ាងសកម្មចុះសួរសុខទុក្ខជួយដោះស្រាយបញ្ហាប្រជារាស្រ្តជាម្ចាស់ឆ្នោត នៅតាមមូលដ្ឋាន ព្រមទំាងទទួលយកនូវរាល់បញ្ហាកង្វល់ និងបញ្ហាប្រឈមនានា មកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីរិះរកវិធានការដោះស្រាយជាបន្ទាន់បញ្ហាទំាងឡាយនោះ។

នៅក្នុងព្រះរាជសារផ្ញើជូនសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦នេះ ព្រះមមហាក្សត្រ ក៏បានកោតសរសើរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគុណបំណាច់ដ៏ថ្លៃថ្លាក្នុងការ​បម្រើប្រទេស​ជាតិ។ ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា វីរភាពដ៏ឧត្តុង្គឧត្តម និងជាមគ្គុទេសក៍ដ៏ឆ្នើមដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត និងសក្តានុពល របស់ សម្តេចនាយក បានធ្វើឲ្យព្រះរាជា​ណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យជាលំដាប់រហូតមកទល់ពេលនេះ។

ព្រះមហាក្សត្រ ទ្រង់បានគូសបញ្ជាក់ថា រយៈពេលកន្លងមកនេះ រដ្ឋសភាបានយកចិត្តទុកដាក់ សហការជាមួយរាជរដ្ឋាភិបាល ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់ការរស់នៅដោយសុខក្សេមក្សាន្ត របស់ប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងផ្ទៃប្រទេស និងប្រឹងប្រែងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមគ្រប់វិស័យដោយផ្តោតជាអាទិភាព ទៅលើការកែទម្រង់អភិបាលកិច្ចល្អ ការកសាង សមត្ថភាព អភិវឌ្ឍធនធានមនុស្ស និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញលើកកម្ពស់ និងកែលម្អជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង និងពង្រឹងប្រព័ន្ធគំាពារសង្គម សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ពិសេសអ្នកក្រីក្រ និងជនងាយរងគ្រោះ។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានគូសបញ្ជាក់ថា “ ខ្ញុំមានសេចក្តីសង្ឃឹមថា រដ្ឋសភាដ៏ឧត្តុង្គឧត្តម ជាតំណាងរបស់ប្រជាពលរដ្ឋទូទំាងព្រះរាជាណាចក្រកម្ពុជា នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមចំពោះមុខបន្តទៀត សំដៅធានាបាននូវសង្គមជាតិកម្ពុជា ប្រកបដោយភាពសុខដុមរមនា មានសន្តិភាព ស្ថិរភាព នយោបាយ និងការអភិវឌ្ឍទៅតាមទិដៅរួមជាជំហានៗ ”។

សូមជម្រាបថានៅក្នុងសម័យប្រជុំរដ្ឋសភាថ្ងៃទី១ខែមេសាឆ្នាំ២០១៩ ដែលជាឱកាសបើកបវេសនកាលសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៦នេះ បានអនុម័តលើរបៀបវារៈចំនួន៤ មាន៖

១-ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហនុមី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៦។

២-របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា
លើកទី១ និង លើកទី២ នីតិកាលទី៦ ។

៣- ការបោះឆ្នោតជ្រើសតំាង លោកជំទាវ លី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មី ឆ្នាំ(២០១៩-២០២៨)។

៤-ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម ប្រាជ្ញ ច័ន្ទ ត្រូវបានអង្គសភាបោះឆ្នោតជ្រើសតំាងជាសមាជិកគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា និង ឯកឧត្តម ច័ន្ទ សុផល ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ។

សម័យប្រជុំរដ្ឋសភាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានពិភាក្សានិងអនុម័ត លើរបៀបវារៈ ជាលំដាប់លំដោយ ៕

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print