កម្លាំងនគរបាលនិងប្រជាពលរដ្ឋជួយសង្រ្គោះតូបលក់អីវ៉ាន់៨៦០តូបនៅក្នុងផ្សារចំការគរហៅផ្សារថ្មី ក្រុងសិរីសោភ័ណគ្រាន់តែឆេះអស់១តូបលក់សម្ភារៈជ័រក្មេងលេងគិតជាទឹកប្រាក់២ម៉ឺនដូល្លារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​កម្លាំងនគរបាលនិងប្រជាពលរដ្ឋបានចេញអន្តរាគមន៍ជួយសង្រ្គោះតូបលក់អីវ៉ាន់របស់អាជីវករ៨៦០តូបនៅក្នុងផ្សារចំការគរហៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បាញ់ទឹកពន្លត់អគ្គិភ័យប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ៣គ្រឿង និងបំពង់ឧស័្មនពន្លត់អគ្គីភ័យជាច្រើនបំពង់ ខណៈដែលមានអគ្គិភ័យ ឆេះតូបលក់សម្ភារៈជ័រសម្រាប់ក្មេងលេងទំហំ៥ម៉ែត្រគុណ៥ម៉ែត្រនៅក្នុងផ្សារចំការគរហៅផ្សារថ្មី កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ខណៈដែលម្ចាស់តូបចាក់សោចោលសម្រាកនៅផ្ទះ។

អគ្គិភ័យឆេះតូបលក់សម្ភារៈជ័របានរងការខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រមាណ២ម៉ឺនដូល្លា។ខណៈដែលអគ្គិភ័យកើតឡើងគេឃើញប្រជាពលរដ្ឋសហការជាមួយនិង កម្លាំងនគរបាលក្រុងសិរីសោភ័ណ កម្លាំងនគរបាលការិយាល័យជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធរួមនិងអាជ្ញាធរក្រុងសិរីសោភ័ណ ដឹកនាំបញ្ជាផ្ទាល់ នៅកន្លែងកើតហេតុដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម និងមានវត្តមានលោកអធិការនគរបាលក្រុងសិរីសោភ័ណ លោកស្នងការរងទទួលផែនការងារបង្ការពន្លត់អគ្គិភ័យ និងអភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា ចំណាយពេលសង្រ្គោះប្រហែលជិត១ម៉ោងអស់ទឹកជាច្រើនរថយន្តទើបគ្រប់គ្រងស្ថានការណ៍មិនឱ្យភ្លើងរាលដាល់បន្តឆាបឆេះតូបអាជីវករនៅក្នុងផ្សារនោះថែមទៀតឡើយ។

​អធិការនគរបាលក្រុងសិរីសោភ័ណលោកវរសេនីយ៍ឯក ស៊ី ឌី បានប្រាប់ ឱ្យដឹងថា តូបលក់សម្ភារៈជ័រសម្រាប់ក្មេងលេងលេខ៥៣៧ម្ចាស់ឈ្មោះ សំ ឌី ភេទប្រុសអាយុ៦៣ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បានរងការឆាបឆេះខូចខាតទាំងស្រុងសរុបជាទឹកប្រាក់ប្រមាណ២ម៉ឺនដូល្លា។

លោកអធិការប្រាប់ឱ្យដឹងទៀតថា តាមការសាកសួររបស់សមត្ថកិច្ចចំពោះប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍គេឃើញមុនពេលកើតហេតុភ្លើងចាប់ផ្តើមឆេះចេញពីក្នុងតូបខាងលើ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករដែលទៅរៀបចំបើកតូបលក់អីវ៉ាន់នៅក្បែរនោះ។ខណៈដែលភ្លើងកំពុងឆេះតូបគឺមានប្រជាពលរដ្ឋបានយកបំពង់ឧស័្មនពន្លត់អគ្គិភ័យ ជាច្រើនបំពង់នាំគ្នាបាញ់សង្រ្គោះបឋមទប់ស្កាត់ភ្លើងកុំឱ្យឆាបឆេះខ្លាំង។ប៉ុន្តែមិនអាចទប់ស្កាត់បាននោះឡើយភ្លើងនៅតែបន្តឆេះ។បន្ទាប់មករថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត២គ្រឿងនិងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ១គ្រឿងបានចេញទៅជួយអន្តរាគមន៍ ទើបដោះស្រាយបញ្ហាអគ្គិភ័យនោះបាន។អគ្គិភ័យឆេះតូបលក់សម្ភារៈជ័រក្មេងលេងតាមការសន្និដ្ឋានរបស់សមត្តកិច្ចអាចបង្កឡើងដោយទុស្សេខ្សែភ្លើង។

​លោកអធិការក្រុងសិរីសោភ័ណប្រាប់ឱ្យដឹងទៀតថា ខណៈដែលមានអគ្គិភ័យកើតឡើង រថយន្តពន្លត់អគ្គិភ័យ មិនអាចចូលទៅដល់ក្នុងផ្សារនោះបានឡើយ ដោយសារនៅក្នុងផ្សារមានភាពចង្អៀត បង្កការលំបាកនៃការសង្រ្គោះ។

ជុំវិញបញ្ហាអគ្គិភ័យស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ក្នុងពិធីចែកអំណោយនិងសាកសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅស្រុកម៉ាឡៃកាលពីព្រឹកថ្ងៃទី១ ខែមេសា ក៏បានអំពាវនាវប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ដោយរដូវប្រាំងឆ្នាំនេះអាកាសធាតុមានសភាពក្តៅហួត ហែងខ្លាំងវាប្រឈមនិងកើតឡើងគ្រោះអគ្គិភ័យជាយថាហេតុណាមួយបើសិនព្រជាពលរដ្ឋមានការធ្វេសប្រហែស ។លោកក៏សូមអំពាវនាវប្រជាពលរដ្ឋចេញពីផ្ទះត្រូវបិទគូបភ្លើងនិង​ពិនិត្យភ្លើងចង្រ្កាន ភ្លើងធូបទានជាដើមនោះ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print