អ៉ីស្រាអ៊ែល បានពង្រីកទឹកដីកាន់តែធំឡើងៗ ក្រោយពេលប្រទេសនេះបានសម្រេចដាក់បញ្ជូនដែនដីដែលខ្លួនបានគ្រប់គ្រង ដោយប្រើកម្លាំងវាយប្រហារ ។ ការទទួលស្គល់មានតែអាមេរិក បើទោះបី មានប្រទេសជាច្រើនជំទាស់ក្តី។
នៅពេលនេះក្រៅពីក្រុមឧទ្ទាមនៅកាហ្សា និងមានក្រុមនៅក្នុងប្រទេសស៊ីរី ជាបន្តទៀត វាយប្រហារទៅលើទឹកដីអ៊ីស្រាអែលជាការព្រមាន។ ពេលថ្មីៗ គឺនៅថ្ងៃ ទី៣១ខែមីនាទឹកដីអ៊ីស្រាអ៊ែលបន្តរងការវាយប្រហារដោយរ៉ុក្កែតជាថ្មីពីតំបន់កាហ្សា ដោយមិនមានប្រព័ន្ធការពារមីស៊ីលណាមួយរបស់អ៊ីស្រាអ៊ែលវាយស្ទាក់នោះឡើយ។
សារព័ត៌មានTimes of Israel បានដកស្រង់ការប្រកាសរបស់កម្លាំងការពារអ៊ីស្រាអ៊ែល IDF បញ្ជាក់ថា មានរ៉ុក្កែត៥គ្រាប់បាញ់ចេញពីកាហ្សាទៅលើទឹកដី អ៊ីស្រាអ៊ែល ។ ការវាយប្រហារខាងលើបង្កឲ្យមានភាពចលាចលកើតឡើង នៅអ៊ីស្រាអ៊ែល ក្រោយពេល សំឡេងប្រកាសអាសន្នបានបន្លើឡើង ភ្លាមៗនោះពលរដ្ឋបាននាំគ្នា ស្វែងរកកន្លែងលាក់ខ្លួន ។ ទទឹមនឹងនោះក៏មានសំឡេងផ្ទុះខ្លាំងៗជាច្រើនលើក ពីការវាយប្រហារដោយក្រុមហាម៉ាស។
បើទោះបីពលរដ្ឋស្វែងរកកន្លែងលាក់ខ្លួន ដោយសុវត្ថិភាព ប៉ុន្តែរ៉ុក្កែតទាំងនោះ បានធ្លាក់ចំតំបន់គ្មានមនុស្សរស់នៅ មិនបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនោះឡើយ។ ចំណុចទាំងនោះហើយទើប អ៊ីស្រាអែលមិនបានវាយស្ទាក់ កម្ទេចរ៉ុក្កែតខាងលើដូចរាល់លើក។
បើទោះបីអ៊ីស្រាអ៊ែលមិនដឹងថារ៉ុក្កែតបាញ់ប្រហារមកពីទីណា ប៉ុន្តែ កម្លាំងទាហានអ៊ីស្រាអែលដែលមានរថក្រោះ កាំភ្លើងធំបានវាយប្រហារតបតវិញ នៅតំបន់កាហ្សា ។ នៅពេលនេះ គេមិនទាន់ដឹងថាមអ្នកស្លាប់និងរបួសនោះឡើយ។
កាលពីចុងខែមីនានោះដែរពលរដ្ឋនៅព្រំដែនកាហ្សា បានធ្វើបាតុកម្ម ដុតកងឡាន បង្ខំឲ្យកម្លាំងទាហានអ៊ីស្រាអែលបាញ់ឧស្ម័នបង្ហូទឹកភ្នែក និងបាញ់កាំភ្លើងគ្រាប់ពិត បណ្តាលឲ្យមានមនុស្ស ៤នាក់ស្លាប់ និង ៦៤នាក់រងរបួស។
ពាក់ព័ន្ធការដាក់បញ្ជូនតំបន់ហ្គោឡែនស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ពេលនេះសម្ព័ន្ធអារ៉ាប់ស្វះស្វែងរកដំណោះស្រាយ ដោយជំរុញឲ្យ ក្រុមប្រឹក្សាសន្តិសុខ ច្រានចោលការស្រប់ច្បាប់ របស់អ៊ីស្រាអែលនៅតំបន់ខ្ពង់រាប ហ្គោឡេន។
អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានថ្លែងកាលពីថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ថា ប្រទេសសម្ព័ន្ធអារ៉ាប់ កំពុងតែស្វះស្វែងរកដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រឆាំងសហរដ្ឋអាមេរិក ដែលប្រកាសទទួលស្គាល់ដែនដីខ្ពង់រាប ហ្គោឡេន (Golan)ជាដែនដីរបស់អ៊ីស្រាអែល ។
កាលពីថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានចុះហត្ថលេខាលើការទទួលស្គាល់ដែនដីខ្ពង់រាប ហ្គោឡេន របស់ស៊ីរី ថា ជាដែនដីរបស់ប្រទេសអ៊ីស្រាអែល បង្កឲ្យមានការភ្ញាក់ផ្អើល និងថ្កោលទោសយ៉ាងខ្លាំងពីប្រទេសសម្ព័ន្ធអារ៉ាប់ ក៏ដូចពីបណ្តាប្រទេសមួយចំនួននៅជុំវិញពិភពលោក ។
ដែនដីខ្ពង់រាប ហ្គោឡេន ស៊ីរី កាលពីឆ្នាំ១៩៦៧ ត្រូវពួក ជីព (អ៊ីស្រាអែល) ចូលលុកលុយធ្វើសង្គ្រាមរយៈពេល៦ថ្ងៃ ដណ្តើមកាន់កាប់មិនព្រមប្រគល់ឲ្យស៊ីរីនោះទេ បើទោះបីចប់សង្គ្រាមហើយក៏ដោយ ។ នៅក្នុងឆ្នាំ១៩៨១ រដ្ឋាភិបាលអ៊ីស្រាអែល បានប្រកាសដាក់បញ្ចូលដែនដីខ្ពង់រាបនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែពុំមានការទទួលស្គាល់ជាអន្តរជាតិនោះឡើយ រហូតមកដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ មេដឹកនាំសហរដ្ឋអាមេរិក បានចុះហត្ថលេខា ទទួលស្គាល់ដែនដី ហ្គោឡេន នេះថា ជាកម្មសិទ្ធិរបស់អ៊ីស្រាអែលផ្តាច់មុខ ។
ស្ថិតនៅឯប្រទេសទុយណេស៊ី នៃកិច្ចប្រជុំកំពូលរបស់ប្រទេសសម្ព័ន្ធអារ៉ាប់ លោក Ahmed Aboul Gheit បានបញ្ជាក់ថា «យើង ជាមេដឹកនាំបណ្តាប្រទេសអារ៉ាប់ ដែលបានជួបជុំគ្នានៅប្រទេសទុយណេស៊ី…សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ទទួលស្គាល់ថា ជាទឹកដីរបស់អ៊ីស្រាអែល ទៅលើដែនដីខ្ពង់រាប ហ្គោឡេននោះ» ។
លោកបានបញ្ជាក់ថា ប្រទេសសម្ព័ន្ធអារ៉ាប់ នឹងព្រាងដំណោះស្រាយមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីស្វែងរកការយល់ព្រមផ្លូវច្បាប់ពីតុលាការយុត្តិធម៌អន្តរជាតិ លើការសម្រេចចិត្តរបស់អាមេរិកនោះ ។ ជាមួយគ្នានេះដែរ ប្រទេសសម្ព័ន្ធអារ៉ាប់ ក៏សូមព្រមាន បណ្តាប្រទេសដទៃផ្សេងទៀត មិនត្រូវដើរតាមលំអានរបស់អាមេរិក ទទួលស្គាល់ដែនដីហ្គោឡេន នេះជារបស់អ៊ីស្រាអែលឡើយ ។
ជាមួយគ្នានេះសហគមន៍អន្តរជាតិ ក៏បានថ្កោលទោសដល់អាមេរិក ដែលបានទទួលស្គល់តំបន់ហ្គោលឡែន ទាំងខុសច្បាប់ ។ សកម្មភាពខាងលើ គឺជាការឃុបឃិតរវាងអាមេរិកនិងអ៊ីស្រាអែល នៅក្នុងការពង្រីកទឹកដីអ៊ីស្រាអែល ឲ្យកាន់តែធំ មិនខ្វល់ពីច្បាប់អន្តរជាតិជាតិ ៕