ខេត្ដកំពត ៖ ក្រោយពីធ្វើការប្រណាំង ចាប់តាំងពីវគ្គជម្រុះរហូតដល់វគ្គពាក់ កណ្ដាលនិងផ្ដាច់ព្រ័ត្ររួចមកទូកចំនួន ២៦គ្រឿងបានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ១ ដល់លេខ៤បើទោះបីការប្រកួតនេះគ្រាន់តែចូលរួមអបអរសាទរក្នុងទិវាបុណ្យ សមុទ្រក៏ដោយ ប៉ុន្ដែក្រុមកីឡាករទូក ប្រពៃណីរបស់បងប្អូនប្រជាពលរដ្ឋខេត្ដកំពតបានព្យាយាមអស់ពីកម្លាំងកាយ ចិត្ដបញ្ចេញសមត្ថភាពឱ្យភ្ញៀវជាតិ និងអន្ដរជាតិបានស្គាល់ថាអ្វីទៅគឺជាទូកផ្កាចារនិងទូកនេសាទរបស់ប្រជានេសាទ សមុទ្រនៅលើទឹកដីខេត្ដកំពតក្នុងនោះ ចំណាត់ថ្នាក់លេខ១បានលើទូកក្រុងកំពតកាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ។
ជាលទ្ធផលទូកក្រុងកំពតទទួលបាន ជ័យជម្នះជាប់ចំណាត់ថ្នក់លេខ១ដោយ ប្រើថិរវេលា១នាទី២៥វិនាទីនិង៨៥ ទទួលបានពានរង្វាន់១អមជាមួយថវិកាចំនួន៦០ម៉ឺនរៀលចំណាត់ថ្នាក់លេខ២ បានទៅលើទូកស្រុកអង្គរជ័យដងទង់ប្រើថិរវេលា១នាទី២៧វិនាទី១២ទទួលបាន ពានរង្វាន់១អមជាមួយថវិកាចំនួន៤០ម៉ឺនរៀលនិងចំណាត់ថ្នាក់លេខ៣បានទៅទូករបស់សាកលវិទ្យាល័យអង្គរខេមរា ប្រើថិរវេលា១នាទី២៨វិនាទី៦៥ទទួល បានពានរង្វាន់១អមនឹងថវិកាចំនួន៣០ម៉ឺនរៀល ។
លោក ស្រ៊ុន លាង អនុគណៈកម្ម ការទូកមានប្រសាសន៍ថាសម្រាប់ការ ប្រណាំងទូកផ្កាចារ និងទូកនេសាទសរុប មាន២៦ទូកក្នុងនោះទូកនេសាទមាន ចំនួន១៦ទូកនិងផ្កាចារចំនួន១០ប្រណាំងចម្ងាយ៥០០ម៉ែត្រ ។
លោកបានបន្ដទៀតថា តាមរូបមន្ដ ប្រកួតក្នុងមួយប្រភេទមាន៤សេរីមួយ សេរីមាន៤ទូកជម្រុះយកតែ១ទូកប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ប៉ុន្ដែទូកទាំង២ប្រភេទនឹង មិនចាត់ទុកថាជាទូកផ្កាចារឬក៏ទូក នេសាទតទៅទៀតទេបន្ទាបពីប្រកួតវគ្គជម្រុះតាមសេរីចប់អស់ហើយនោះនៅ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគិតជាទូកផ្កាចារទាំងអស់ដោយសារតែកីឡាករទូក ទាំង២ខាងលើពួកគាត់អាចលេងបាន មានន័យថា កីឡាករអាចប្រណាំងទូក ផ្កាចារហើយមកអុំប្រណាំងទូកនេសាទមួយទៀត ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានជាតិនិងអន្ដរជាតិយ៉ាងដូច្នេះថា ចំពោះកម្មវិធីប្រកួតកីឡាក្នុងពិធីបុណ្យសមុទ្រអត្ថន័យរបស់បុណ្យនេះ គឺធ្វើ យ៉ាងណាឱ្យប្រជាពលរដ្ឋខេត្ដកំពតទទួលបានភាពសប្បាយរីករាយ ។
លោកបានបន្ដទៀតថា ចំពោះសកម្ម ភាពកីឡាយើងផ្ដោតទៅលើប្រភេទ កីឡាបែបប្រពៃណីខ្មែរទំនៀមទម្លាប់តាម តំបន់ក្នុងខេត្ដកំពតជាពិសេសដូចជាថ្ងៃ នេះការប្រណាំងទូកផ្កាចារនិងទូកនេសាទ របស់ប្រជានេសាទសមុទ្រដែលពួកគាត់យកទៅប្រើដើម្បីប្រកបមុខរបរទទួល ទានប្រចាំថ្ងៃ ។
គួររំលឹកថា លោក ស្រ៊ុន លាង ប្រធានគណៈកម្មការរៀបចំការប្រកួត បានឱ្យដឹងថា នៅក្នុងការប្រណាំងនេះ គណៈកម្មការសម្រេចយកត្រឹមចំណាត់ថ្នាក់លេខ១ដល់លេខ៣ប៉ុណ្ណោះដែលអាច ទទួលបានជ័យលាភីចំណែកឯចំណាត់ ថ្នាក់លេខ៤មិនទទួលបានជ័យលាភីទេ ប៉ុន្ដែក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ដស្មើៗគ្នាដែរ ៕
ដោយ៖ សារីម