អាជ្ញាធរទីក្រុងម៉ានីលបានប្រកាសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ថា អគ្គិភ័យបានឆាបឆេះតំបន់ទីប្រជុំជនក្នុងទីក្រុងម៉ានីលបណ្តាលឲ្យបាត់បង់ជីវិតមនុស្ស៩នាក់ ។ នេះជាហេតុការណ៍អគ្គិភ័យលើកទី៣នៅក្នុងទីប្រជុំជននេះគិតក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកថ្មីៗនេះ ដែលធ្វើឲ្យជនរងគ្រោះបាត់បង់ជីវិតដោយសារតែគ្រោះអគ្គិភ័យនៅហ្វីលីពីនសម្រាប់ឆ្នាំ២០១៥កើនឡើងដល់៣២៣នាក់ ។
ជនរងគ្រោះម្នាក់ឈ្មោះ Arman Altoveros បានថ្លែងថា ហេតុការណ៍អគ្គិភ័យបានចាប់ផ្តើមឡើងនៅវេលាម៉ោងពាក់កណ្តាលអធាត្រ ស្ថិតនៅក្នុងតំបន់ទីប្រជុំជន Damayang Lagi ។ អគ្គិភ័យនេះបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សបំផុត ។
អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យហ្វីលីពីន លោក Renato Marcial បានបញ្ជាក់ថា ជនរងគ្រោះមានទាំងក្មេងស្រីអាយុ៧ឆ្នាំផងដែរ ។ ជនរងគ្រោះជាក្មេងស្រីម្នាក់ រួមជាមួយមនុស្ស៨នាក់ផ្សេងទៀតបានជាប់គាំងនៅក្នុងផ្ទះរបស់ខ្លួនដែលមិនអាចរត់ចេញបានទាន់ពេលវេលានោះឡើយ ។
មន្ត្រីបានអះអាងថា ហេតុការណ៍អគ្គិភ័យបណ្តាលឲ្យស្លាប់មនុស្សពេលនេះធ្វើឲ្យហ្វីលីពីនកើនជនរងគ្រោះរហូតដល់៣២៣នាក់ ស្ថិតនៅក្នុងឆ្នាំ២០១៥ ដែលបាត់បង់ជីវិតដោយសារតែគ្រោះអគ្គិភ័យ កើនឡើងជាងកាលពីឆ្នាំ២២៨ ដែលមានមនុស្ស២២៨នាក់បាត់បង់ជីវិតដោយសារតែហេតុការណ៍អគ្គិភ័យ ។
អាជ្ញាធរបានបញ្ជាក់ថា ហេតុការណ៍នៅពេលនេះបណ្តាលឲ្យលំនៅឋាន៥០ខ្នងរងការបំផ្លាញ និងធ្វើឲ្យពលរដ្ឋរហូតដល់៦០០នាក់បាត់បង់ជម្រក ៕
ប្រែសម្រួល៖ ថាច់ យ៉ាត