ខេត្តកំពង់ឆ្នាំង៖ ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ សេង វណ្ណសាយ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៥ បានចុះពិនិត្យដំណើរការការងារអន្តរាគមន៍បូមទឹកបញ្ចូលអាង សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង ។
ថ្លែងក្នុងឱកាសចុះពិនិត្យការងារ លោកស្រី សេង វណ្ណសាយ បានឱ្យដឹងថា ការងារអន្តរាគមន៍ប្រមូលទឹកបញ្ចូលអាង បឹងបួរ និងព្រែកធម្មជាតិ នៅក្នុងខេត្តកំពង់ឆ្នាំង បានចាប់ផ្តើមតាំងពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៥ នៅតាមបណ្តាក្រុងស្រុកចំនួន ០៥ រួមមាន ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកកំពង់លែង ស្រុកជលគិរី និងស្រុកកំពង់ត្រឡាច ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ២១គ្រឿង ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានផ្តល់ប្រេងសម្រាប់ដំណើរការម៉ាស៊ីនខ្នាតតូចរបស់សហគមន៍ទំនប់ និងប្រជាកសិករ ដែលមាននៅនឹងកន្លែងស្រាប់ ជាង ២០០ គ្រឿងទៀត ដើម្បីជួយដល់ការងារអន្តរាគមន៍ប្រមូលទឹកនេះ ។
លោកស្រី សេង វណ្ណសាយ បានបន្តថា មកដល់ពេលនេះ អាងទឹក បឹងបួរ និងព្រែកធម្មជាតិ ចំនួន ៦៥ កន្លែង ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ឱ្យផ្ទៃដីស្រូវប្រមាណជាង ៥.០០០ ហិកតា ត្រូវបាន និងកំពុងបូមទឹកបំពេញជាបន្តបន្ទាប់ ហើយប្រជាកសិករក៏កំពុងទាញយកពីតាមបណ្តាអាង បឹងបួរ និងព្រែកធម្មជាតិទាំងនោះ មកប្រើប្រាស់ក្នុងការងារបង្កបង្កើនផលស្រូវរបស់ពួកគាត់យ៉ាងសស្រាក់សស្រាំផងដែរ ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ក៏បានប្រាប់ឱ្យដឹងដែរថា ជាលទ្ធផលនៃការងារប្រមូលទឹកបញ្ចូលអាង បឹងបួរ និងព្រែកធម្មជាតិ មកដល់ពេលនេះសក្តានុពលទឹកដែលយើងមាន គឺអាចធានាបានទាំងស្រុងលើផ្ទៃដីបង្កបង្កើនផលទាំងស្រូវប្រាំងទៅតាមផែនការកំណត់ និងស្រូវវស្សាដែលបាន និងកំពុងប្រមូលផលជាបណ្តើរៗ ។
លោកបន្តថា ទោះជាយ៉ាងនេះក្តី ក្រុមការងាររបស់យើង ក៏បាន និងកំពុងចុះពិនិត្យជាប់ជាប្រចាំ និងបន្តបូមទឹកជួយពួកគាត់ ទាំងការបូមប្រមូលទឹក ទាំងបូមបម្រើ និងបូមសង្គ្រោះស្រូវ ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នប្រជាកសិករអនុវត្តការងារបង្កបង្កើនផលស្រូវប្រាំង បានចំនួន ២០.៦៤៥ ហិកតា ស្មើនឹងជាង ៧៦ ភាគរយ នៃផែនការ ខណៈប្រមូលផលស្រូវវស្សាបានចំនួន ៦០.៦២៨ ហិកតា ស្មើនឹងប្រមាណ ៥០ ភាគរយ នៃផ្ទៃដីផលិតបាន ៕
ដោយ៖ សុខ ខេមរា