ខេត្តស្វាយរៀង៖ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាល ខណៈដែលកំពុងឈរជ្រកភ្លៀងត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកនិងបន្តទៅបុកធុងទឹកអំពៅកាលពីវេលាម៉ោង៤ និង១០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានអោយដឹងថា ជនរងគ្រោះដែលកំពុងជ្រកភ្លៀងមានឈ្មោះ ហេង វុទ្ធី ភេទស្រី អាយុ ២៧ ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិ ថ្នល់កែង សង្កាត់ ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងឈ្មោះ ព្រហ្ម វិចិត្រ ភេទប្រុសអាយុ៣៧ឆ្នាំ មានទីលំនៅភូមិ បាក់រនាស់ សង្កាត់សង្ឃ័រ ក្រុង-ខេត្តស្វាយរៀង។
រីឯជនបង្កឈ្មោះ ម៉ុក បញ្ញា ភេទប្រុសជាកម្មកររោងចក្រមិនទាន់ដឹងស្គាល់ទីលំនៅនៅឡើយខណៈជិះម៉ូតូ ម៉ាក វីស្តុន ពណ៌ក្រហម គ្មានស្លាកលេខ ខូចខាតយ៉ាងដំណំ។
ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានមនុស្សប្រុសស្រី២នាក់ធ្វើដំណើរតាមដងផ្លូវដោយមេឃមានធ្លាក់ភ្លៀងខ្លាំងហើយក៏ចូលទៅជ្រកនៅក្បែរតូបលក់ទឹកអំពៅបន្ទាប់ពីកំពុងឈរជ្រកភ្លៀងស្រាប់តែម៉ូតូមួយគ្រឿងធ្វើដំណើរពីកើតមកលិចមិនដឹងយ៉ាងម៉េចស្រាប់តែរ៉េចង្កូត មកបុកចំធុងទឹកអំពៅ និងបន្តទៅបុកចំជនរងគ្រោះទាំង២នាក់ដែលឈរ ហើយទៅបុកដើមជ្រៃទើបរលត់ម៉ាស៊ីន។
ក្រោយមកទើបសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងដឹកជនរងគ្រោះមកកាន់មន្ទីរពេទ្យបង្អែកជីភូ ព្រមទាំងអូសម៉ូតូទាំង២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបរងចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ យឹម សុថាន