ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បញ្ចូនទៅកាន់តុលាការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ក្នុងករណីលួចយកក្រណាត់រោងចក្រអស់៤០កី ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ប្រភព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោងប្រហែល៩ និង៣០នាទីព្រឹក ជនរងគ្រោះឈ្មោះសុខ ចំរើន ភេទប្រុស អាយុ២៩ ឆ្នាំ បានកំពុងនៅនាយកដ្ឋានគយ និងរដ្ឋករ ស្ថិតនៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ ។ ហើយបន្ទាប់មកឈ្មោះស៊ុយ សុវណ្ណតុលា តួនាទី ជាប្រធានឃ្លាំងរោងចក្រ ខូល័រស្ដារ ស្ថិតក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានទូរស័ព្ឋប្រាប់ជនរងគ្រោះថា នៅក្នុងរោងចក្របានបាត់ក្រណាត់ រួចជនរងគ្រោះក៏បានត្រឡប់មកវិញដើម្បីពិនិត្យមើលឃើញមានស្នាមគាស់បង្អូចឃ្លាំងចូលយកក្រណាត់អស់ចំនួនប្រហែល៤០កី។ ពេលនោះជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលយើងចុះជួយអន្តរាគមន៍ ឆែកមើលកាមេរ៉ាសុវត្ថិភាពក្នុងរោងចក្រ ក៏ឃើញមានជនសង្ស័យដែលធ្វើសកម្មភាពលួចនោះចំនួន៥នាក់ ទី១ឈ្មោះស៊ុយ សុលាភ ហៅនី ភេទប្រុស អាយុ៣២ឆ្នាំ ទី២ឈ្មោះវ៉ាន់ សារ៉ាត់ ភេទប្រុស ទី៣ឈ្មោះវ៉ាន់ សារាជ ភេទប្រុស ទី៤ឈ្មោះម៉េត សៅលី ហៅត្រេន ហៅខេមរះ ភេទប្រុស អាយុ១៩ឆ្នាំ និងទី៥មិនស្គាល់ឈ្មោះ ប្រើរថយន្តកូរ៉េពណ៌ស ចំនួន១គ្រឿងបានធ្វើសកម្មភាពលួចយកក្រណាត់រោងចក្រ ។
លុះដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១៨ និង២០នាទី ជនរងគ្រោះក៏បានឃើញជនសង្ស័យម្នាក់ឈ្មោះម៉េត សៅលី ហៅត្រេន ហៅខេមរះ នៅក្នុងរោងចក្រខូល័រស្ដារខាងលើ រួចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចយើងឲ្យចុះជួយអន្តរាគមន៍ និងបានឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនជនង្ស័យបានម្នាក់ភ្លាម សមត្ថកិច្ចយើងក៏នាំជនសង្ស័យខាងលើយកមកសាកសួរ និងប្រាប់ទីតាំងដែលបក្ខពួកគេបន្ថែមទៀត រហូតថ្ងៃខែដដែលបានឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតដែលមានឈ្មោះស៊ុយ សុលាភហៅនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ ដែលមានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងបានដកហូតម៉ូតូមួយគ្រឿងទៀតម៉ាកហង់ដាគុប ជ្រុង ពណ៌ទឹកប៊ឹច ពាក់ស្លាកលេខ5002 កណ1 រួចយកមកកាន់អធិការដ្ឋាននគបាលខណ្ឌដង្កោដើម្បីសាកសួរនិងផ្ដន្ទាទោសតាមច្បាប់តែម្ដង ៕
...
ដោយ៖ ភារ៉ា ដង្កោ