ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយសាររថយន្ដកែច្នៃដឹកទឹកកកមួយគ្រឿង បានបើកបុកម៉ូតូស្កុបពី ។
កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិសាលាដែន ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ដកែច្នៃដឹកទឹកកកមួយគ្រឿង បានបើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ។ លុះមកដល់ចំណុចកើតហេតុ រថយន្ដខាងលើនេះបានបើកបត់ចូលកន្លែងរោងចក្រទឹកកក ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ក្រហមលាយស ពាក់ស្លាកលេខបន្ទាយមានជ័យ 1B-1G18861 ជិះគ្នា២នាក់ បណ្ដាលឲ្យអ្នកជិះខាងក្រោយស្លាប់ភ្លាមនៅនឹងកន្លែង និងអ្នកបើកបររងរបួសធ្ងន់ ។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនអ្នកបើកបររថយន្ដទៅកាន់អធិការដ្ឋាននគរបាលស្រុកមង្គលបុរីដើម្បីសាកសួរ រីឯម៉ូតូ និងរថយន្តកែច្នៃដឹកទឹកកក ត្រូវបានយកមករក្សាទុកនៅអធិការដែរ។ ចំណែកសាកសពត្រូវសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ៕
ដោយ៖ សហការី