ប៉ូលិសអន្តរជាតិ អាំងទែរប៉ូលបានសម្រេចបញ្ជូនក្រុមពិសេស របស់ខ្លួនទៅកាន់ស្រីលង្ការ ជួយស្រាវជ្រាវ ការវាយប្រហារភេរវកម្ម ជាបន្តបន្ទាប់សម្លាប់មនុស្ស ជិត៣០០នាក់និង ជិត៥០០នាក់រងរបួស ។
អគ្កនាយក ប៉ូលិស អាំងទែរប៉ូល លោក Jurgen Stock បានប្រកាសឲ្យដឹងថា កម្លាំងពិសេសដែលប៉ូលិសអាំងទែរប៉ូល បានបញ្ជូនមក មានក្រុមឯកទេសស្តីពីរំសែវ ត្រូតពិនិត្យសាកសព ប្រឆាំងភេរវកម្ម … ។លោកStock បានប្រកាសឲ្យដឹងថា នឹងសហការជាមួយកម្លាំង ទាហានស្រីលង្កា បើកការស្រាវជ្រាវ ។
ក្នុងពេលជាមួយគ្នានេះរដ្ឋាភិបាលស្រីលង្កាបានបើកយុទ្ធនាការជាទ្រង់ទ្រាយធំកម្ចាត់ក្រុមភេរវកម្ម ។ គិតដល់រសៀលថ្ងៃទី២២ខែមេសា កម្លាំងសន្តិសុខស្រីលង្ការបានចាប់ខ្លួនជនសង្ស័យ២៤នាក់។ ជាមួយគ្នានេះរដ្ឋាភិបាលបានប្រកាសអាសន្ន ហើយដាក់ពង្រាយកម្លាំងទាហានបន្ថែមជាង១ពាន់នាក់ការពារសន្តិសុខនៅទីក្រុង Colombo ។
នៅពេលនេះ ឥណ្ឌាបានរិតបន្តឹងសន្តិសុខនៅជាប់ព្រំដែនស្រីលង្កា ក្រោយការវាយប្រហារភេរវកម្ម សម្លាប់មនុស្ស រាប់រយនាក់នៅក្នុងប្រទេសស្រីលង្កា ឥណ្ឌាបានសម្រេចរិតបន្តឹងសន្តិសុខ នៅតាមបណ្តោយព្រំដែនសមុទ្រជាប់ស្រីលង្កា។
សារព័ត៌មានIndia Today នៅថ្ងៃទី២២ខែមេសាបានផ្សាយថាឥណ្ឌាបានសម្រេច បង្កើនការយាមល្បាត់នៅតាមព្រំដែនសមុទ្រយ៉ាងតឹងតែងដោយខ្លាំចក្រុមភេរវកម្ម ឆ្លងចូលឥណ្ឌា តាមដែនសមុទ្រ ។ កម្លាំងការពារដែនសមុទ្រឥណ្ឌា បានដាក់ក្នុងសភាពប្រុងប្រយ័ត្នបំផុត ហើយផ្លូវសមុទ្រ នៅជាប់រដ្ឋ Tamil Nadu និង Kerela ត្រូវបានបិទទ្វាក្នុងរយៈពេល៣ថ្ងៃ ដោយខ្លាចក្រុមភេរវកម្មឆ្លងដែនចូលទៅកាន់ឥណ្ឌា ។
ស្រីលង្កាមានព្រំដែនជិតបំផុតគឺជាប់ប្រទេសឥណ្ឌាតែមួយគត់ ហើយបើក្រុមភេរវកម្ម ភៀសខ្លួនចេញពីស្រីលង្កា មានតែទៅកាន់ឥណ្ឌាប៉ុណ្ណោះ។ ទាំងនោះហើយទើបឥណ្ឌាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ។
ប្រភពព័ត៌មាន ពីក្រុមអ្នកជំនាញប្រឆាំងភេរវកម្មស្រីលង្កាបានឲ្យដឹងថា រំសេវផ្ទុះត្រូវបាន ក្រុមភេរវកម្ម នាំចូលស្រីលង្កា តាមច្រកសមុទ្រ ជាប់ឥណ្ឌា ដូចទៅនឹងក្រុមភេរវកម្ម Lashkar E Toiba (LeT)បានប្រើប្រាស់ក្នុងការវាយប្រហារទីក្រុង ម៉ុមបៃប្រទេសឥណ្ឌាកាលពីឆ្នាំ២០០៨។
នៅពេលនេះមេដឹកនាំស្រីលង្កាបានប្រកាសផ្តល់អំណាចដល់កងកម្លាំងយោធា និងប៉ូលិសដើម្បីបោសសម្អាតក្រុមភេរវកម្ម បន្ទាប់ពីសោកនាដកម្មបំផ្ទុះគ្រាប់បែកសម្លាប់មនុស្ស២៩០នាក់ ។
សារព័ត៌មាន AP បានផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ថា លោក Maithripala Sirisena ប្រធានាធិបតីស្រីលង្កាបានផ្តល់អំណាចដល់កងកម្លាំងប៉ូលិស យោធា ចាប់ផ្តើមពីថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០១៩ នេះតទៅ បោសសម្អាត កម្ចាត់ពួកភេរវកម្មឲ្យអស់ ខណៈដែលក្រុមនេះបានវាយប្រហារគ្រាប់បែកសម្លាប់មនុស្សកើនឡើង២៩០នាក់ និងជិត៥០០នាក់រងរបួស ។
កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ក្រុមវាយប្រហារក្នុងប្រទេសស្រីលង្កាបានវាយប្រហារគ្រាប់បែកនៅទីតាំងព្រះវិហារចំនួន៣កន្លែង និងនៅសណ្ឋាគារប្រណីតចំនួន៣កន្លែង បណ្តាលឲ្យស្លាប់ និងរងរបួសយ៉ាងរង្គាលតែម្តង ។ ក្រុមចារកម្មរបស់ស្រីលង្កាបានព្រមានអំពីលទ្ធផលនៃវាយប្រហារបង្ហូរឈាមនេះដែររបស់ក្រុមរ៉ាឌីកាលម៉ូស្លីម កាលពីអំឡុងសប្តាហ៍កន្លង ប៉ុន្តែហាក់ពុំមានវិធានការទប់ស្កាត់ ។
ការវាយប្រហារនេះគឺជាព្រឹត្តិការណ៍សោកនាដកម្មធ្ងន់ធ្ងរបំផុតរបស់ប្រទេសស្រីលង្កា ចាប់តាំងពីប្រទេសនេះហែកហួរដោយសង្គ្រាមស៊ីវិល ដែលបានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ២០០៩ ។ រដ្ឋាភិបាលប្រកាសបិទបណ្តាញសង្គមមួយចំនួន, កងកម្លាំងប្រដាប់អាវុធបានល្បាតទ្រង់ទ្រាយធំនៅតំបន់វាលខ្សាច់ តាមដងផ្លូវក្នុងរដ្ឋធានីភាគកណ្តាលទីក្រុង Colombo និងប្រកាសប្រសិទ្ធភាពអនុវត្តច្បាប់បម្រាមគោលចរណ៍ ៕