ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅលើប្រព័ន្ធទំនាក់ទំនងសង្គមហ្វេសប៊ុករបស់នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោហ៊ុន សែនបានសរសេរថា៖ «ខ្ញុំច្បាស់ជាមានកំហុស ប្រសិនបើមិនបានបកស្រាយលើរូបថតប៉ុន្មានសន្លឹកស្តីពីការរៀបការរបស់ខ្ញុំនិងភរិយា។កំហុសនេះវាទាក់ទងនិងប្រវត្តិសាស្ត្រនៃរបបនយោបាយនៅកម្ពុជាទៀតផង។ ដោយមានសំណួរថាតើក្នុងរបប ប៉ុល ពត មានសម្លៀកបំពាក់រៀបការដូចរូបថតខ្ញុំ និង ភរិយាបានស្លៀកដូចមានក្នុងរូបថតនេះឬទេ?
សូមជំរាបជូនថា ពុំមានសេសសល់ទេនូវទំនៀមទម្លាប់ប្រពៃណីក្នុងរយះពេលនៃការកាន់អំណាចរបស់ពួកបុ៉ល ពតពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩។សំរាប់ការស្លៀកពាក់មនុស្សទាំងអស់ទូទាំងប្រទេសត្រូវតែស្លៀកពាក់ខ្មៅ។ ថ្ងៃដែលខ្ញុំរៀបការភរិយាខ្ញុំស្លៀកសំពត់ខ្មៅពាក់អាវខ្មៅបង់កក្រមានិងកាត់សក់ខ្លីដូចរូបថតមួយសន្លឹកនេះ។ ឯខ្ញុំស្លៀកខោខ្មៅ ពាក់អាវខ្មៅនិងបង់កក្រមា។ មិនថាតែខ្ញុំនិងភរិយានោះទេ មនុស្សទាំងអស់នាពេលនោះមានស្ថានភាពដូចៗគ្នា។
ខ្ញុំនឹងផ្សព្វផ្សាយនូវអត្ថបទដែលនិយាយលំអិតពីប្រវត្តិនៃការរៀបការរបស់ខ្ញុំនៅថ្ងៃទី៣,៤, ៥ ខែ មករា ឆ្នាំ ២០១៦ ដើម្បីរំលឹកខួប៤០ឆ្នាំ នៃថ្ងៃរៀបការរបស់ខ្ញុំ និង ភរិយាដែលរៀបការម្តងចំនួន១៣គូរ។ រូបថតដែលខ្ញុំនិងភរិយាថតក្នុងសម្លៀកបំពាក់ប្រពៃណីនេះ គឺថតនៅឆ្នាំ១៩៨៨ គឺនៅពេលដែលយើងមានកូន៦នាក់ និងកូនពៅអាយុ៥ឆ្នាំរួចទៅហើយ។ ពេលរៀបការខ្ញុំមានអាយុ២៤ឆ្នាំ ឯភរិយាខ្ញុំអាយុ២២ឆ្នាំ។ពេលថតរូបខ្ញុំមានអាយុ៣៦ឆ្នាំ ឯភរិយាខ្ញុំអាយុ៣៤ឆ្នាំ។ក្រុមគ្រួសារខ្មែរដែលបានរៀបការក្នុងជំនាន់ ប៉ុលពត ហើយដែលនៅជួបជុំគ្នាមួយចំនួនបានខិតខំទៅថតរូបទុកជាអនុស្សាវរីយសំរាប់កូនចៅ។
សូមកុំភ័ន្តច្រឡំថា សម័យ ប៉ុលពត មានសម្លៀកបំពាក់បែបនេះ។ ដោយសាររបបឃោរឃៅព្រៃផ្សៃបែបនេះហើយ ទើបចាំបាច់ត្រូវវាយផ្ដួលរំលំរបបនេះនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។ ៧មករា ១៩៧៩ បានផ្ដល់ឱយជាតិយើងរស់ឡើងវិញ និង រីកចំរើនរហូតដល់សព្វថ្ងៃ» ៕