មន្ត្រី និងក្រុមជួយសង្គ្រោះក្នុងតំបន់បានបញ្ជាក់ថា មនុស្ស៤នាក់បានបាត់បង់ជីវិត និង១០នាក់ផ្សេងទៀតកំពុងនៅបាត់ខ្លួន បន្ទាប់ពីទូកល្បឿនលឿនមួយគ្រឿងបានលិចនៅក្នុងទន្លេមួយជិតដែនកោះ Borneo របស់ឥណ្ឌូនេស៊ី ។
ប្រធានក្រុមជួយសង្គ្រោះក្នុងតំបន់ លោក Lamet Riyadi បានបញ្ជាក់ប្រាប់ប្រភព AFP ថា ទូកខាងលើនេះបានដឹកមនុស្សសរុប៥៣នាក់ឆ្ពោះទៅកាន់ដងទន្លេ Kapuas កាលពីថ្ងៃអាទិត្យហើយបុកជាមួយគល់ឈើរួចក្រឡាប់លិចតែម្តងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ ។ ស្ត្រី៣នាក់ និងក្មេងម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍នេះ ។
លោក Riyadia បានបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានស្វែងរកនៅក្នុងទន្លេនូវជនរងគ្រោះ១០នាក់ផ្សេងទៀតដែលនៅបាត់ខ្លួនបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់កើតឡើង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់រកឃើញនៅឡើយ ។ លោកបន្តថា ក្នុងចំណោមអ្នកដែលបាត់ខ្លួនមានកុមារ៣នាក់ អាយុ៥ឆ្នាំ និង៦ឆ្នាំ ។
លោក Riyadi បានថ្លែងថា ឈូកជាច្រើនត្រូវដាក់ពង្រាយដើម្បីស្វែងរកជនរងគ្រោះនៅលើដងទន្លេ ក្បែរកន្លែងគ្រោះថ្នាក់កើតឡើងនោះ ប៉ុន្តែដោយសារទឹកល្អក់ផងនោះ ជាហេតុនាំឲ្យមានការលំបាក ។
ប្រទេសឥណ្ឌូនេស៊ីជាប្រទេសមួយដែលពលរដ្ឋប្រើប្រាស់ផ្លូវទឹកភាគច្រើនបំផុត ។ ប្រទេសនេះមានដែនកោះរហូតដល់ជាង១៧០០០កោះ ប៉ុន្តែការចរាចរណ៍តាមផ្លូវទឹក មិនសូវធានាពីសុវត្ថិភាពនោះឡើយ ។ កោះ Borneo ជាកោះធំលំដាប់ទី៣ក្នុងពិភពលោក កោះនេះមានបីប្រទេសគ្រប់គ្រងបែងចែកគ្នា គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៉ុយណេ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត