ខេត្តមណ្ឌលគិរី៖ មនុស្សពីរនាក់បានស្លាប់និងម្នាក់ផ្សេងទៀតកំពុងស្ថិតក្នុងការជួយសង្គ្រោះនៅមន្ទីរពេទ្យបន្ទាប់ពីជនរងគ្រោះទាំងបីនាក់នេះនាំគ្នាផឹកស្រា.សអស់ចំនួន២លីត្រ នៅចំណុចក្រុមហ៊ុនខ្មៃរអង្គ ដែលជាទីឆ្ងាយដាច់ស្រយ៉ាលមួយនៅក្នុងព្រៃ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចស្រែជ្រៃ ក្នុងភូមិស្រែខ្ទង់ ឃុំស្រែឈូកស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហើយរហូតមកទល់និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ ការធ្វើពិសោធន៍មិនទាន់ចេញជាលទ្ធផលប្រាកដណាមួយថា តើស្រា.សនេះមានជាតិពុលមែនឫយ៉ាងណានោះទេ តែបើតាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ចសង្ស័យស្រា.សនេះមានជាតិពុល។
លោកវរសេនីយ៍ទោ ស៊ុន ប៊ុនធឿន អធិការស្រុកកែវសីមាបានអោយដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះបាននាំគ្នាជួបជុំផឹកស្រា.ស មានគ្នាប្រមាណពី៥ទៅ៦នាក់ តែអ្នកឯទៀតផឹកតែមួយពែង ពីរពែង ក៏ងើបចេញ ដោយឡែកជនរងគ្រោះទាំងបីនាក់ខាងលើ នៅបន្តផឹករហូតអស់ស្រា២លីត្ រក៏បណ្តាលអោយមានអាការក្អួត ចុកពោះ រាករួស និងមុខជាំខ្មៅរហូតបណ្តាលអោយស្លាប់ពីរនាក់ និងម្នាក់ទៀតមានអាការធ្ងន់ ដឹកបញ្ជូនមកជួយសង្គ្រោះនៅមន្ទីរពេទ្យស្រុកស្នួល ខេត្តក្រចេះហើយបើតាមដំណឹងចុងក្រោយថា មានអាការធូរស្បើយហើយ បន្ទាប់ពីសាច់ញាតិដឹកបន្តមកសង្គ្រោះនៅមន្ទីរពេទ្យខេត្តក្រចេះ។
លោក ស៊ុន ប៊ុនធឿន អធិការស្រុកកែវសីមាបានបញ្ជាក់ថា ស្រា.សដែលជនរងគ្រោះនាំគ្នាផឹកខាងលើ មន្ត្រីរបស់លោកបានយកមកដល់អធិការដ្ឋានរួចរាល់ហើយ និងរៀបចំបញ្ជូនបន្តមកកាន់ស្នងការដ្ឋាន ប៉ុន្តែនៅមិនទាន់បានពិសោធន៍ ព្រោះរង់ចាំក្រុមជំនាញ ។ លោកបន្តថា ស្រា.សដែលជនរងគ្រោះផឹកគឺឈ្មួញបានទិញមកពីស្រុកស្នួល ខេត្តក្រចេះ ដើម្បីលក់បន្តហើយលោកបានដាក់ការសន្និដ្ឋានថា ករណីនេះទំនងជាស្រដៀងគ្នាទៅនឹងករណីពុលស្រានៅខេត្តក្រចេះនាពេលថ្មីៗនេះ ។
របាយការណ៍នគរបាលស្រុកកែវសីមាបង្ហាញថា អ្នកស្លាប់ទាំងពីរនាក់ក្នុងហេតុការណ៍ខាងលើមានឈ្មោះ លី ផ្លោត ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅឃុំថ្មគ្រែ ស្រុកក្រចេះ ខេត្តក្រចេះ និងឈ្មោះ ភ្ញើញ ស្វែ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីរី ឯអ្នកស្ថិតក្នុងការជួយសង្គ្រោះឈ្មោះគួងភិនភេទប្រុសអាយុ៤៧ឆ្នាំទីលំនៅឃុំសំបុក្រស្រុកចិត្របូរី ខេត្តក្រចេះ។
សូមបញ្ជាក់ថាករណីពុលស្រា.សរយៈពេលមួយសប្តាហ៍នេះ បានកំពុងធ្វើឲ្យកក្រើកពេញផ្ទៃប្រទេស ស្របពេលមនុស្សមិនតិចជាង១០នាក់ទេនៅខេត្តក្រចេះបានស្លាប់ជាបន្តបន្ទាប់ ហើយករណីបុរសពីរនាក់ពុលស្រាសស្លាប់នៅខេត្តមណ្ឌលគិរី គឺជាករណីទីមួយ៕
ដោយ៖ ឦសាន