ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា គ្រាន់តែគេចូលទៅនិយាយសម្រួលរឿងគ្រោះថ្នាក់ចរាចរណ៍ បែរជាខឹងរួចបានដកកាំភ្លើងខ្លីពីចង្កេះប្រុងបាញ់ បង្កការភ្ញាក់ផ្អើលប្រជាពលរដ្ឋ និងកម្លាំងអាវុធហត្ថដូនពេញឃាត់ខ្លួនភ្លាមៗផងដែរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខភោនីយដ្ឋានទន្លេសាប តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
បើតាមសម្តីរៀបរាប់ពីជនរងគ្រោះឈ្មោះ នាត នី អាយុ២៤ឆ្នាំ ជាអ្នកបើកទូកទេសចរណ៍ក្បែរកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសខាងលើជិះម៉ូតូមកតាមយុវជននិងនារី៣នាក់ ដោយលឺថាជាករណីគ្រោះថ្នាក់ចរាចរណ៍តែមិនដឹងថាបុកពីកន្លែងណានោះទេ រួចក៏បានដើរទៅមើលដោយសារតែបុរសម្នាក់នោះស្រែកសំឡុតភាគីម្ខាងទៀត បើទោះបីជាពួកគេលើកដៃសំពះក៏ដោយក៏នៅតែមិនព្រមអភ័យទោសអោយដែរ តែ ដោយឃើញទើសភ្នែកពេកគេក៏បាននិយាយថាបើយោគយល់គ្នាបានក៏យោគយល់ទៅព្រោះជារឿងតិចតួចប៉ុណ្ណោះ ។
ប្រភពបន្តថាលឺដូច្នេះបុរសម្នាក់នោះខឹងសម្បារយ៉ាងខ្លាំងក៏បានដកកាំភ្លើងខ្លីពីចង្កេះអាមេបញ្ចូលគ្រាប់បំរុងបាញ់តែត្រូវបានប្រជាពលរដ្ឋក្បែរនោះឃាត់ទាន់ពេល ហើយបុរសខាងលើក៏បានជិះម៉ូតូ ចេញទៅបាត់មួយសន្ទុះក្រោយមកទំនងជាមិនអស់ចិត្តបុរសម្នាក់នោះបានត្រឡប់មកយកកាំភ្លើងដេញតាមជនរងគ្រោះម្តងទៀតបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ និងសមត្តកិច្ច ហើយកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញក៏បានចុះមកឃាត់ខ្លួនយកទៅសួរនាំភ្លាបៗផងដែរ ។
ជុំវិញករណីខាងលើនេះមិនមានប្រភពណាមួយអាចបញ្ជាក់ថាបុរសម្នាក់នោះ នៅស្ថាប័នឬអង្គភាពណានោះទេ ដោយគ្រាន់តែកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួន រួចប្រគល់អោយសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំងបន្តនៅទីបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌដូនពេញដើម្បីចាត់ការបន្ត ដោយមន្ត្រីអាវុធហត្ថនិយាយថា ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះគឺ ផ្តើមចេញដំបូងមកពីរឿងគ្រោះថ្នាក់ចរាចរណ៍តែបន្តិចបន្តួចតែប៉ុណ្ណោះ ទើបឈានដល់ការបង្កហេតុទៅជាធំយ៉ាងដូចនេះ៕
ដោយ៖ ព្រែកជ័យ