អគារសិក្សា៨ខ្នង ស្មើ១៥៧បន្ទប់ ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីដេហ៊ីសា ហូរីណូអ៊ូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា៨ខ្នង ស្មើ១៥៧បន្ទប់ ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិ​ការណ៍​អន្តរជាតិ​ជប៉ុន(JICA) ដែលមានចំនួនទឹកប្រាក់ ៨៥១លាន​យេន សម្រាប់​អនុវត្តន៍​គម្រោង​សាងសង់​អគារ សិក្សា​បន្ថែមចំនួន៨ខ្នង​ ស្មើនិង១៥៧បន្ទប់ នៅតាម​វិទ្យាល័យ​និង​អនុវិទ្យាល័យ​នានា ​នៅក្នុង​រាជធានី​ភ្នំពេញ។

ពិធីសម្ពោធដាក់ឲ្យអគារសិក្សា០៨ខ្នងនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃ សុក្រ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនិងថ្ងៃ២៦ មេសា ឆ្នាំ២០១៩ នៅវិទ្យាល័យព្រែកលៀប ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជំនួយឥតសំណង​ចំនួន ៨៥១លាន​យេន ពី​រដ្ឋាភិបាល​ជប៉ុន​តា​មរយៈJICA នេះ​គឺ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍន៍​វិ​ល័យ​អប់រំ​នៅ​រាជធានី​ភ្នំពេញ ដែល​កំពុង​កង្វះខាត​ប​ន្ទ​ប់​សិក្សា ខណៈពេល ​ចំនួន សិស្សកំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឱ្យដឹងថា៖ សម្រាប់វិស័យអប់រំនៅរាជធានីភ្នំពេញ ក្នុងចន្លោះឆ្នាំ២០០៥ ដល់២០១៥ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ចាយកា(JiCA) នូវអគារសិក្សាសម្រាប់បថមសិក្សា ដែលមានកម្ពស់ចាប់ពី៣ដល់៥ជាន់ចំនួន៣លើក មាន១៨ខ្នង ស្មើ៣២០បន្ទប់ នៅសាលាបថមសិក្សា១៨សាលា ដោយគម្រោងនេះ គ្រប់គ្រងអនុវត្តដោយភាគីជប៉ុន។

ដោយឡែកស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណង នៃគម្រោងការទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ( គូសាណូណិ) ដើម្បីគាំទ្រអភិវឌ្ឍវិស័យអប់រំនៅរាជធានីភ្នំពេញ មានអគ្គាសិក្សា ៧ខ្នង៤៦បន្ទប់។

ក្រោយមកក៏មានការណែនាំពីJica ឱ្យស្នើសុំសាងសង់អគារសិក្សា ដែលមានកម្ពស់ ចាប់ពី ៣ដល់ ៥ជាន់ ទៅរាជរដ្ឋាភិបាលជប៉ុន សម្រាប់មធ្យមសិក្សា នៅរាជធានី។ សំណើរនេះ ក៏ត្រូវបានភាគីជប៉ុន យល់ព្រម និងផ្តល់ជូន ជាហូរហែរ។

លោកបញ្ជាក់ថា៖ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់អគារសិក្សា៨ខ្នងនេះ នៅសល់ថវិកាខ្លះត្រូវបានភាគីជប៉ុនអនុញ្ញាតិ ជូនរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ រៀបចំបណ្ណាល័យ ជួសជុលបន្ទប់រៀន រៀបចំហេដ្ឋារចនាសម្ព័ន្ធ បំពាក់សង្ហារឹម និងការថែទាំនានាក្នុងសាលា។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិ ការ រវាងសាលារាជធានីភ្នំពេញ និងស្ថានទូតជប៉ុន តាមរយៈទីភ្នាក់ងារ Jica ប្រចាំកម្ពុជា បានផ្តល់នូវជំនួយអភិវឌ្ឍន៍ ផ្លូវការ ដែលមានជំនួយឥតសំណង និងកម្ចីឥនទានជាច្រើន ក្នុងនោះសម្រាប់រាជធានីភ្នំពេញ ចាប់ពីឆ្នាំ១៩៩៨មក ជប៉ុនបានរួមចំណែកក្នុងការអភិវឌ្ឍន៍លើគម្រោងធំៗជាច្រើន ។

ជាក់ស្តែង អគារសិក្សា០៨ខ្នង នៅអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៨ ដែលជាជំនួយឥតសំណង ក្នុងគ្រោងពង្រីកសាលាមធ្យមសិក្សានៅរាជធានីភ្នំពេញ ជាសក្ខីភាពបញ្ជាក់ពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាង រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយ កំណែទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវគុណភាពអប់រំ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាព សុជីវធម៌ និងគុណធម៌ សំដៅឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រោះការផ្តល់សេវាអប់រំ ប្រកបដោយវិជ្ជាជីវៈ និងគណនេយ្យភាព ជាមូលដ្ឋាន គឺជាបុព្វហេតុសម្រាប់កសាងសង្គមមួយប្រកបដោយ និរន្តរភាព ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ទ្វេភាគី សហគមន៍អាស៊ាន និងពិភពលោកផងដែរ ។
សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៥កន្លងមក លោក Takeharu Kojima តំណាង​ជាន់ខ្ពស់ JICA ប្រចាំ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​គម្រោង​ផ្តល់​ហិរតល់ហិរញ្ញប្បទានឥតសំណងនេះកាលពខែ កក្ត​ដា​ ឆ្នាំ២០១៥ កន្លងមក ក្នុងគម្រោង អគារសិក្សា​ដែលមាន​កម្ពស់​ចាប់ពី ៣ទៅ៤ជាន់ ចំនួន៨ខ្នង ស្មើនឹង ១៥៧បន្ទប់​នេះ នឹងធ្វើ​ការសាងសង់​នៅ​សាលា​ចំនួន៨ នៅក្នុង​រាជធានី​ភ្នំពេញ រួមមាន៖ ១/ អនុវិទ្យាល័យ​ចំរើន​ផល ២/ វិទ្យាល័យ​ហ៊ុនសែន​បុរី១០០ខ្នង ៣/ វិទ្យាល័យ​ឬ​ស្សី​កែវ ៤/ វវិទ្យាល័យព្រែកលៀប ៥/ អនុវិទ្យាល័យ​អូរ​បែកក្អម ៦/ អនុវិទ្យាល័យ​ទឹកល្អក់ ៧/ វិទ្យាល័យ​ហ៊ុនសែន​ជម្ពូ​វ័ន និង​ទី៨/ អនុវិទ្ងអនុវិទ្យាល័យហ៊ុនសែនពោធិ៏ចិនតុង ។ គម្រោង​នេះ​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដំណាច់ឆ្នាំ២០១៥ ។

រាជរដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង តាមរយៈ JICA សម្រាប់​គម្រោង​សាងសង់​អគារសិក្សា ដែលមាន​កម្ពស់ ៣ទៅ៥ជាន់ មាន​ចំនួន១៤ខ្នង ស្មើនឹង ៣២០បន្ទប់​នេះ​ រាជធានី​ភ្នំពេញ​បានទទួល​ជំនួយ ឥតសំណង​នេះ​ចាប់តាំងពី​ឆ្នាំ២០០៥ ដល់​ឆ្នាំ ២០១០មកម្ល៉េះ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print