ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ហ៊ីដេហ៊ីសា ហូរីណូអ៊ូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា៨ខ្នង ស្មើ១៥៧បន្ទប់ ជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការណ៍អន្តរជាតិជប៉ុន(JICA) ដែលមានចំនួនទឹកប្រាក់ ៨៥១លានយេន សម្រាប់អនុវត្តន៍គម្រោងសាងសង់អគារ សិក្សាបន្ថែមចំនួន៨ខ្នង ស្មើនិង១៥៧បន្ទប់ នៅតាមវិទ្យាល័យនិងអនុវិទ្យាល័យនានា នៅក្នុងរាជធានីភ្នំពេញ។
ពិធីសម្ពោធដាក់ឲ្យអគារសិក្សា០៨ខ្នងនេះ បានប្រព្រឹត្ដទៅកាលពីថ្ងៃ សុក្រ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦២ ត្រូវនិងថ្ងៃ២៦ មេសា ឆ្នាំ២០១៩ នៅវិទ្យាល័យព្រែកលៀប ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ជំនួយឥតសំណងចំនួន ៨៥១លានយេន ពីរដ្ឋាភិបាលជប៉ុនតាមរយៈJICA នេះគឺដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិល័យអប់រំនៅរាជធានីភ្នំពេញ ដែលកំពុងកង្វះខាតបន្ទប់សិក្សា ខណៈពេល ចំនួន សិស្សកំពុងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
បើតាមប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានឱ្យដឹងថា៖ សម្រាប់វិស័យអប់រំនៅរាជធានីភ្នំពេញ ក្នុងចន្លោះឆ្នាំ២០០៥ ដល់២០១៥ បានទទួលហិរញ្ញប្បទានពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ ចាយកា(JiCA) នូវអគារសិក្សាសម្រាប់បថមសិក្សា ដែលមានកម្ពស់ចាប់ពី៣ដល់៥ជាន់ចំនួន៣លើក មាន១៨ខ្នង ស្មើ៣២០បន្ទប់ នៅសាលាបថមសិក្សា១៨សាលា ដោយគម្រោងនេះ គ្រប់គ្រងអនុវត្តដោយភាគីជប៉ុន។
ដោយឡែកស្ថានទូតជប៉ុនប្រចាំកម្ពុជា បានផ្តល់ជំនួយឥតសំណង នៃគម្រោងការទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ ( គូសាណូណិ) ដើម្បីគាំទ្រអភិវឌ្ឍវិស័យអប់រំនៅរាជធានីភ្នំពេញ មានអគ្គាសិក្សា ៧ខ្នង៤៦បន្ទប់។
ក្រោយមកក៏មានការណែនាំពីJica ឱ្យស្នើសុំសាងសង់អគារសិក្សា ដែលមានកម្ពស់ ចាប់ពី ៣ដល់ ៥ជាន់ ទៅរាជរដ្ឋាភិបាលជប៉ុន សម្រាប់មធ្យមសិក្សា នៅរាជធានី។ សំណើរនេះ ក៏ត្រូវបានភាគីជប៉ុន យល់ព្រម និងផ្តល់ជូន ជាហូរហែរ។
លោកបញ្ជាក់ថា៖ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់អគារសិក្សា៨ខ្នងនេះ នៅសល់ថវិកាខ្លះត្រូវបានភាគីជប៉ុនអនុញ្ញាតិ ជូនរដ្ឋបាលរាជធានីភ្នំពេញប្រើប្រាស់ រៀបចំបណ្ណាល័យ ជួសជុលបន្ទប់រៀន រៀបចំហេដ្ឋារចនាសម្ព័ន្ធ បំពាក់សង្ហារឹម និងការថែទាំនានាក្នុងសាលា។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន និងក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិ ការ រវាងសាលារាជធានីភ្នំពេញ និងស្ថានទូតជប៉ុន តាមរយៈទីភ្នាក់ងារ Jica ប្រចាំកម្ពុជា បានផ្តល់នូវជំនួយអភិវឌ្ឍន៍ ផ្លូវការ ដែលមានជំនួយឥតសំណង និងកម្ចីឥនទានជាច្រើន ក្នុងនោះសម្រាប់រាជធានីភ្នំពេញ ចាប់ពីឆ្នាំ១៩៩៨មក ជប៉ុនបានរួមចំណែកក្នុងការអភិវឌ្ឍន៍លើគម្រោងធំៗជាច្រើន ។
ជាក់ស្តែង អគារសិក្សា០៨ខ្នង នៅអនុវិទ្យាល័យ និងវិទ្យាល័យចំនួន៨ ដែលជាជំនួយឥតសំណង ក្នុងគ្រោងពង្រីកសាលាមធ្យមសិក្សានៅរាជធានីភ្នំពេញ ជាសក្ខីភាពបញ្ជាក់ពីការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាង រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងឱ្យឃើញពីភាពជោគជ័យថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនយោបាយ កំណែទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ តាមរយៈការធ្វើឱ្យប្រសើរឡើង នូវគុណភាពអប់រំ ដើម្បីកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាព សុជីវធម៌ និងគុណធម៌ សំដៅឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌ ព្រោះការផ្តល់សេវាអប់រំ ប្រកបដោយវិជ្ជាជីវៈ និងគណនេយ្យភាព ជាមូលដ្ឋាន គឺជាបុព្វហេតុសម្រាប់កសាងសង្គមមួយប្រកបដោយ និរន្តរភាព ទាំងក្នុងក្របខ័ណ្ឌថ្នាក់ជាតិ ទ្វេភាគី សហគមន៍អាស៊ាន និងពិភពលោកផងដែរ ។
សូមបញ្ជាក់ថា៖ កាលពីឆ្នាំ២០១៥កន្លងមក លោក Takeharu Kojima តំណាងជាន់ខ្ពស់ JICA ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើគម្រោងផ្តល់ហិរតល់ហិរញ្ញប្បទានឥតសំណងនេះកាលពខែ កក្តដា ឆ្នាំ២០១៥ កន្លងមក ក្នុងគម្រោង អគារសិក្សាដែលមានកម្ពស់ចាប់ពី ៣ទៅ៤ជាន់ ចំនួន៨ខ្នង ស្មើនឹង ១៥៧បន្ទប់នេះ នឹងធ្វើការសាងសង់នៅសាលាចំនួន៨ នៅក្នុងរាជធានីភ្នំពេញ រួមមាន៖ ១/ អនុវិទ្យាល័យចំរើនផល ២/ វិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ៣/ វិទ្យាល័យឬស្សីកែវ ៤/ វវិទ្យាល័យព្រែកលៀប ៥/ អនុវិទ្យាល័យអូរបែកក្អម ៦/ អនុវិទ្យាល័យទឹកល្អក់ ៧/ វិទ្យាល័យហ៊ុនសែនជម្ពូវ័ន និងទី៨/ អនុវិទ្ងអនុវិទ្យាល័យហ៊ុនសែនពោធិ៏ចិនតុង ។ គម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅដំណាច់ឆ្នាំ២០១៥ ។
រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង តាមរយៈ JICA សម្រាប់គម្រោងសាងសង់អគារសិក្សា ដែលមានកម្ពស់ ៣ទៅ៥ជាន់ មានចំនួន១៤ខ្នង ស្មើនឹង ៣២០បន្ទប់នេះ រាជធានីភ្នំពេញបានទទួលជំនួយ ឥតសំណងនេះចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០១០មកម្ល៉េះ៕ ដោយ៖ សំរិត