Update : សិស្សសាលាបឋមសិក្សាអូរអំបិល៥២នាក់ ផឹកដោះគោម៉ាក ANGKOR MILK​ ខ្លះចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ សិស្សបឋមសិក្សាអូរអំបិល៥២នាក់ ក្នុងចំណោម៤០០នាក់បានផឹកដោះគោ​ANGKOR MILK រួចហើយរងការឈឺក្បាល ចុកពោះ ក្តៅខ្លួន ក្អួតចង្អោរ អាណាព្យាបាលសិស្ស និងគ្រូបង្រៀនដាក់ការសង្ស័យរងការពុលពីទឹកគោ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋនិងឯកជនដើម្បីសង្រ្គោះបន្ទាន់ក្រោយពីក្រុមហ៊ុនទឹកគោANGKORMILK បានផ្សព្វផ្សាយផលិតផលទឹកគោដោយមានការចែកទឹក គោឱ្យសិស្សផឹក ដោយគិតថ្លៃ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិអូរអំបិល សង្កាត់ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សិស្សរងការពុលក្អួតចង្អោរ៥២នាក់នោះត្រូវបានដឹកបញ្ជូនសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ១២នាក់ មន្ទីរសម្រាកព្យាបាលបានសុខ៤០នាក់។សិស្ស៥២នាក់មានស្រី២៨នាក់ប្រុស២៤នាក់។

ជុំនៃបញ្ហានោះបើតាមប្រភពព័ត៌មានពីលោកគ្រូម្នាក់បង្រៀននៅសាលាបឋមសិក្សាអូរអំបិលប្រាប់ឱ្យដឹង​ថា មុនពេលកើតហេតុមានក្រុមហ៊ុនទឹកដោះគោANGKORMILK បានដឹកផលិតផលតាមរថយន្តមកផ្សព្វផ្សាយពាណិជ្ជកម្មហើយចែកទឹកគោជូនដល់សិស្សប្រមាណ៤០០នាក់ចាប់ពីសិស្សមតេយ្យរហូតដល់ថ្នាក់ទី៦។

ទឹកដោះគោនោះបានក្លាស្សេទឹកត្រជាក់ ហើយក៏បានចែកឱ្យសិស្សផឹកមិនគិតថ្លៃនៅពេលសិស្សចេញលេងវគ្គទី២។លុះបន្ទាប់ពីសិស្សផឹករួចហើយក៏ស្រាប់តែមានសិស្ស៣ថ្នាក់មានបញ្ហា។មុនដំបូងមានសិស្សខ្លះចាប់ផ្តើមមានអាការៈចុកពោះ  ឈឺក្បាល និងក្អួតចង្អោរ។បន្ទាប់មកមានសិស្សបន្តបន្ទាប់គ្នាទៀតមានអាការៈដូចគ្នាកាន់តែច្រើនឡើងបង្កឱ្យមានការភ្ញាក់ផ្អើល ដល់អាណាព្យាបាល និងគ្រូ បង្រៀន ឆោឡោ ដឹកសិស្សនិងកូនៗទាំងនោះទៅកាន់មន្ទីរពេទ្យបន្ទាន់តែម្តង។

លោកគ្រូដដែលបញ្ជាក់ឱ្យដឹងទៀតថាក្រុមហ៊ុនទឹកដោះគោមផ្សព្វផ្សាយនិងចែកទឹកគោឱ្យសិស្សផឹកគឺឃើញមានលិខិតអនុញ្ញាតពីមន្ទីរអប់រំយុវជននិងកីឡាខេត្តដែលមានការចុះហត្ថលេខាដោយអនុប្រធានមន្ទីរ អនុញ្ញាតឱ្យក្រុមហ៊ុននោះមកចែកទឹកគោជូនសិស្ស។

លោកគ្រូដដែលឱ្យដឹងទៀតថានៅក្នុងសាលារបស់លោកកន្លងមកមិនអនុញ្ញាតឱ្យក្រុមហ៊ុនមកចែកទឹក​គោឱ្យសិស្សផឹកនោះទេ ប៉ុន្តែដោយសារតែថ្នាក់លើខាងមន្ទីរអនុញ្ញាតគឺសាលាមិនហ៊ានប្រកែកនោះឡើយ។

ជុំវិញបញ្ហានោះប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណលោក អ៊ីវ ដារ៉ាវុឌ្ឍប្រាប់ឱ្យដឹងថា សិស្សសម្រាកព្យាបាលមន្ទីរពេទ្យបង្អែកក្រុង១២នាក់មានអាការៈឈឺក្បាល ចុកពោះ ក្អួត ចង្អោរ គឺពុលចំណីអាហារ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ ។បញ្ហានេះលោកមិនទាន់ដឹងថាបង្កមកពីទឹកដោះគោរឺពុលចំណីអាហារនៅក្នុងសាលានោះទេ។សំណាកទឹកគោខាងមន្ទីរពេទ្យយកមកពិនិត្យកាលបរិច្ឆេទគឺនៅមានសុពលភាព ត្រូវបានយកទៅពិសោធន៍នៅរាជធានីភ្នំពេញ ក្រោយពិសោធន៍ទើបដឹងលទ្ធផល។លោកប្រាប់ទៀតថាសិស្ស១២នាក់មានអាការៈធូស្បើយនោះហើយ។

ប៉ុន្តែជុំវិញបញ្ហានេះបើតាមការបញ្ជាក់ឱ្យដឹងពីភ្ញាក់ងារក្រុមហ៊ុនក្រុមហ៊ុទឹកគោANGKORMILK ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្ថិ៍សង្កាត់អូរអំបិលដែលចុះទៅអង្កេតកន្លែងកើតហេតុឱ្យដឹងថា ក្រុមហ៊ុនបានចែកទឹកគោនោះជូនសិស្សនៅក្នុងខេត្តបន្ទាយមានជ័យច្រើនសាលាមកហើយមិនមានបញ្ហាអ្វីនោះទេ។ទើបតែមានបញ្ហានៅសាលាអូរអំបិលតែមួយគត់។

សូមបញ្ជាក់ថានៅរសៀលថ្ងៃដដែលសិស្សរងការពុលក្អួតចង្អោរ៥២នាក់នោះមាន៤០នាក់ដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជនបានសុខបានចេញទៅផ្ទះរួចអស់ហើយ។នៅសល់សិស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណតែ១២នាក់ទៀតមិនទាន់ចេញទៅផ្ទះនៅឡើយនោះទេ៕សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print