ទីក្រុងប៉េកាំង ៖ នៅល្ងាចថៃ្ង ទី២៨ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំ នៃប្រទេសដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញឆ្ពោះទៅកាន់ មជ្ឈមណ្ឌលតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិ២០១៩ ដែលជាមជ្ឈមណ្ឌលតំាងពិព័រណ៌លំដាប់អន្តរជាតិសាងសង់ថ្មី នៅជាយទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។នៅក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៌អន្តរជាតិនេះ មេដឹកនាំចិនបានផ្តល់ដី ក្នុងការសាងសង់សួនដែលជានិម្មិតរូប សម្រាប់ប្រទេសនិមួយៗ ដែលជាប្រទេសដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។ ព្រះរាជាណាចក្រកម្ពុជាបានធ្វើការសាងសង់សួនកម្ពុជាក្រោមប្រធានបទ «រស់នៅកាន់តែល្អប្រសើរ រស់នៅជាមួយបរិស្ថានបៃតង»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញកាត់ខ្សែបូរសម្ពោធសួនកម្ពុជាជាមួយនឹងសមិទ្ធផលដទៃទៀត។ គោលបំណងនៃការចូលរួម គឺដើម្បីជំរុញផ្សព្វផ្សាយពីវប្បធម៌ និងកសាងកេរ្តិ៍ឈ្មោះ របស់ព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានភាពល្បីល្បាញ មានការទទួលស្គាល់លើឆាកអន្តរជាតិ ជាទឹកដីពោរពេញទៅដោយវប្បធម៌ប្រពៃណីល្អផូរផង់ ស្របតាមប្រធានបទ «រស់នៅកាន់តែល្អប្រសើរ រស់នៅជាមួយបរិស្ថានបៃតង»។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះ កម្ពុជានឹងមានឱកាស បានចែករំលែកបទពិសោធន៍ ទាក់ទាញនិងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បង្ហាញពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងការប្រតិបត្តិរបស់ប្រជាជន ការរៀបចំបរិស្ថាននៃការរស់នៅ តាមរយៈការរៀបចំសួនដែលមានធម្មជាតិ និងរុក្ខជាតចម្រុះ តំណាងឲ្យអត្តសញ្ញាណជាតិ និងជាការពេញនិយមរបស់ប្រជាជន ដូចជាដើមត្នោត ដើមស្លា និងផ្កាភ្ញីជាដើម។
ទន្ទឹមនឹងការរៀបចំសួនតាមបែបបុរាណ និងសម័យមានលក្ខណៈស្រស់បំព្រង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវ ទេសចរណ៍អន្តរជាតិ កម្ពុជាក៏នឹងមានឱកាសបង្កើតកិច្ចសហប្រតិបត្តិការល្អជាសកល តាមរយៈការតភ្ជាប់ទំនាក់ទំនង និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការការពារបរិស្ថានធម្មជាតិនៅកម្ពុជា។
កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថានបៃតង និងមានគោលដៅជាសារវន្ត គឺផ្សារភ្ជាប់បរិស្ថានបែតង ទៅនិងការរស់នៅរបស់ប្រជាជន និងពិភពលោក ដើម្បីសុខដុមរមនាខាងផ្នែកផ្លូវកាយ ភាពស្រស់ស្រាយក្នុងជីវិត ស្របតាមប្រធានបទរបស់ពិព័រណ៍ គឺការរស់នៅកាន់តែប្រសើរ រស់នៅជាមួយបរិស្ថានបៃតង។
សួនកម្ពុជាត្រូវបានសាងសង់ឡើងតាមរចនាបថខ្មែរ សម័យក្រោយអង្គរ ដោយផ្សារភ្ជាប់គ្នារវាងធម្មជាតិ និងវប្បធម៌ ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ ការរៀបចំតុបតែងភូមិដ្ឋាន និងការបង្ហាញពីឧបករណ៍ សម្ភារៈ ដែលបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ខ្លោងទ្វារចូលត្រូវបានរៀបចំ តាមរចនាបថខ្មែរ យកលំនាំតាមខ្លោងទ្វារសារមន្ទីរជាតិ និងមានរបងព័ន្ធជុំវិញបរិវេណសួន។
រូបសំណាក់ដែលមានព្រះភ័ក្រ្តញញឹមស្រទន់ ជាតំណាងឲ្យទសពិធរាជធម៌ របស់អតីតព្រះមហាក្សត្រខ្មែរ នាសម័យបុរាណ មានចិត្តមេត្តា ករុណា មុទិតា និងឧបេក្ខា គ្រប់ដណ្តប់លើផ្ទៃដីកម្ពុរដ្ឋ ក្នុងទិសទាំងបួន និងបានផ្តល់សេចក្តីសុខសន្តិភាពដល់មនុស្ស សត្វ និងរុក្ខជាតិ ដែលរស់នៅក្នុង ភាពស្ងប់ស្ងៀមជាមួយនឹងធម្មជាតិ ស្របតាមប្រធានបទរងគឺ រស់នៅសុខដុមរមនាជាមួយធម្មជាតិ។ រោងនៅផ្នែកខាងស្តាំ និងខាងឆ្វេង នៃរូបសមណាក់ព្រម្មមុខបួន មានរោងអដ្ឋកោណមួយ សម្រាប់ជាទីសម្រាកបណ្តោះអាសន្នរយៈពេលខ្លី របស់ភ្ញៀវជាតិ និងអន្តរជាតិ បន្ទាប់ពីបានចូលទស្សនាសួន និងពន្លាជាតិកម្ពុជា។
ក្នុងរោងនេះ អ្នកទស្សនាអាចគយគន់ទស្សនីយភាពរបស់សួន កម្ពុជា ហើយក៏អាចសិក្សាស្វែងយល់ពីឧបករណ៍សម្ភារៈប្រើប្រាស់មួយចំនួន របស់ប្រជាជនខ្មែរ នាសម័យបុរាណ ដែលមានដាក់តាំងលម្អក្បែរនោះ មានដូចជារទេះគោ នង្គ័ល រនាស់ និងឧបករណ៍ផ្សេងៗទៀត ដែលបម្រើឲ្យវិស័យកសិកម្ម។
នៅក្នុងសួននេះដែរ កម្ពុជាបានសាងសង់ពន្លាជាតិ ជា៣ខ្នង តាមរចនាបថខ្មែរនាសម័យចតុមុខ។ នៅអមសងចខាងទ្វារចូលពន្លាជាតិ មានដាក់តាំងរូបចម្លាក់តោថ្មចំនួន២ តាមរចនាបថតោថ្មសម័យលង្វែក ដើម្បីបង្ហាញពីឬទ្ធានុភាព នៃអំណាច ក្នុងការការពារផែនដី និងធម្មជាតិ។
សូមបញ្ជាក់ដែរថា ពិព័រណ៌សាកវប្បកម្មពិភពលោក ឆ្នាំ២០១៩ មានផ្ទៃដីរបស់កម្ពុជាមានទំហំ១ពាន់ការ៉េ មានទីតាំងក្នុងមជ្ឈមណ្ឌល នៃពិព័រណ៌ពិភពលោក ក្នុងស្រុកយ៉ាងជីង ចម្ងាយប្រមាណ៧០គីឡូម៉ែត្រ ពីទីក្រុងប៉េកាំង។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំសម័យបច្ចុប្បន្ន នៃប្រទេសទាំងពីរកម្ពុជាចិន ដែលតែងតែគាំទ្រ និងជួយគ្នាទៅវិញទៅមក ក្នុងពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ មានការរីកចម្រើនជាងពេលណាៗទាំងអស់៕