ភ្នំពេញ៖ កាន់តែកម្សត់ និងគួរឲ្យអាសូរចំពោះជីវិតគូរបស់តារាកំប្លែង នាងភីម និងនាយ តាក់ស៊ី ព្រោះតែនាយតាក់ស៊ីធ្លាប់បានសម្រេចចិត្តចូលបួស និងបើកផ្លូវឲ្យនាងភីម រកស្នេហ៍ថ្មីបើអាច។ នាងភីមកាន់តែខ្លោចចិត្តអាណិតប្តី ក្រោយពីបានឃើញបានដឹងស្ថានភាពជំងឺទឹកនោមផ្អែមនាយតាក់ស៊ីកាន់តែដុនដាប។
ជាច្រើនថ្ងៃកន្លងមកហើយដែលរឿងរ៉ាវរបស់តារាកំប្លែងគេតែងតែហៅថាស៊ុនអ៊ូខុង គឺនាយ តាក់ ស៊ី ដែលបានប្រកាសថានឹងថ្វាយខ្លួនជូនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនខ្លួនបានជាពីជំងឺដោយមិនស្ដាយអ្វីទាំងអស់ ហើយគាត់ក៏នឹងបើកផ្លូវឲ្យប្រពន្ធគឺនាង ភីម ចង់មានគ្រួសារថ្មីគាត់ក៏មិនហាមដែរ ព្រោះខ្លួនគាត់ថ្វាយជូនព្រះទៅរហូតហើយដែរ។ ការប្រកាសនេះធ្វើឡើងក្រោយពីស្ថានភាពជំងឺរបស់តារាកំប្លែងមួយនេះកាន់តែមានសភាពមិនធូរស្រាល ហើយត្រូវដេកសម្រាកនៅនឹងកន្ទេលថែមទៀត។ នាង ភីម នៅតែមិនអស់ចិត្តនិងបារម្ភពីប្ដីយ៉ាងខ្លាំង ក្រោយបានឃើញស្ថានភាពជំងឺរបស់នាយ តាក់ស៊ី ដេកនឹងកន្ទេល ព្យូសេរ៉ូមក្នុងមន្ទីរពេទ្យ។ នាងបានលើកឡើងថា«ស្ថានភាពបែបនេះហើយដែលធ្វើអោយចិត្តខ្ញុំមិនស្ងប់ពេលដែលយើងទាំងពីរនាក់នៅឆ្ងាយពីរគ្នា»។ នាងបានព្យាយាមស្វែងរកការងារអ្វីថ្មី និងចេញទៅខាងក្រៅដើម្បីធ្វើរឿងខ្លះបន្លប់ទុក្ខ ប៉ុន្តែចិត្តនាងនៅតែគិតដល់រឿងនេះ។ នាងក៏មិនដែលគិតដែរថានឹងរកបុរសណាឡើយក្រៅពីស្វាម ហើយក៏មិនយកស្វាមីថ្មីតាមការបើកផ្លូវរបស់អតីតស្វាមីដែរ។
គួរបញ្ជាក់ដែរថា តារាកំប្លែង នាយតាក់ស៊ី មានជំងឺទឹកនោមផ្អែមប្រមាណ១០ឆ្នាំកន្លងមកហើយ ។ ជំងឺនេះចាប់ផ្តើមធ្វើទុក្ខខ្លាំងចាប់ពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ ដែលជាហេតុធ្វើឲ្យជីវភាពគ្រួសារតារាកំប្លែងមួយនេះ មិនមានលក្ខណៈល្អប្រសើរ ព្រោះតែត្រូវការចំណាយលើការព្យាបាល និងខកខានការសម្តែងជាយូរមកហើយដែរ។
គួរបញ្ជាក់ថា នាយតាក់ស៊ី ធ្លាប់ឆ្លងកាត់ជីវិតជាក្មេងកំព្រាឪពុក ដើររើសអេតចាយ តែនាយខំតស៊ូ រហូតបានក្លាយជាតារាកំប្លែងល្បីឈ្មោះ បន្ទាប់ពីបានប្រឡងជាប់ទាំងពីរនាក់ប្តីប្រពន្ធ ក្នុងក្រុមកំប្លែង CTN នៅឆ្នាំ២០០៩-២០១០ ហើយក៏បានដូរឈ្មោះពី មុល សារឿន មកនាយតាក់ស៊ី ឯភរិយាប្តូរឈ្មោះពី សុភាន់ មកជានាង ភីម។ នាយតាក់ស៊ី មានស្រុកកំណើតនៅភូមិវត្តរំដួល ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្ន រស់នៅភូមិវត្តកណ្តាល ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ដែលជាស្រុកកំណើតភរិយា។ នាយបានរៀបការនៅឆ្នាំ២០០៦ សព្វថ្ងៃមានកូនប្រុសម្នាក់ផងដែរ៕ ដោយ វឌ្ឍនា