នាងភីម កាន់តែស្រណោះប្តីនាយ តាក់ស៊ីក្រោយឃើញស្ថានភាពជំងឺកាន់តែធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ កាន់តែកម្សត់ និងគួរឲ្យអាសូរចំពោះជីវិតគូរបស់តារាកំប្លែង នាងភីម និងនាយ តាក់ស៊ី ព្រោះតែនាយតាក់ស៊ីធ្លាប់បានសម្រេចចិត្តចូលបួស និងបើកផ្លូវឲ្យនាងភីម រកស្នេហ៍ថ្មីបើអាច។ នាងភីមកាន់តែខ្លោចចិត្តអាណិតប្តី ក្រោយពីបានឃើញបានដឹងស្ថានភាពជំងឺទឹកនោមផ្អែមនាយតាក់ស៊ីកាន់តែដុនដាប។
ជាច្រើនថ្ងៃកន្លងមកហើយដែលរឿងរ៉ាវរបស់តារាកំប្លែងគេតែងតែហៅថាស៊ុនអ៊ូខុង គឺនាយ តាក់ ស៊ី ដែលបានប្រកាសថានឹងថ្វាយខ្លួនជូនព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ បើសិនខ្លួនបានជាពីជំងឺដោយមិនស្ដាយអ្វីទាំងអស់ ហើយគាត់ក៏នឹងបើកផ្លូវឲ្យប្រពន្ធគឺនាង ភីម ចង់មានគ្រួសារថ្មីគាត់ក៏មិនហាមដែរ ព្រោះខ្លួនគាត់ថ្វាយជូនព្រះទៅរហូតហើយដែរ។ ការប្រកាសនេះធ្វើឡើងក្រោយពីស្ថានភាពជំងឺរបស់តារាកំប្លែងមួយនេះកាន់តែមានសភាពមិនធូរស្រាល ហើយត្រូវដេកសម្រាកនៅនឹងកន្ទេលថែមទៀត។ នាង ភីម នៅតែមិនអស់ចិត្តនិងបារម្ភពីប្ដីយ៉ាងខ្លាំង ក្រោយបានឃើញស្ថានភាពជំងឺរបស់នាយ តាក់ស៊ី ដេកនឹងកន្ទេល ព្យូសេរ៉ូមក្នុងមន្ទីរពេទ្យ។ នាងបានលើកឡើងថា«ស្ថានភាពបែបនេះហើយដែលធ្វើអោយចិត្តខ្ញុំមិនស្ងប់ពេលដែលយើងទាំងពីរនាក់នៅឆ្ងាយពីរគ្នា»។ នាងបានព្យាយាមស្វែងរកការងារអ្វីថ្មី និងចេញទៅខាងក្រៅដើម្បីធ្វើរឿងខ្លះបន្លប់ទុក្ខ ប៉ុន្តែចិត្តនាងនៅតែគិតដល់រឿងនេះ។ នាងក៏មិនដែលគិតដែរថានឹងរកបុរសណាឡើយក្រៅពីស្វាម ហើយក៏មិនយកស្វាមីថ្មីតាមការបើកផ្លូវរបស់អតីតស្វាមីដែរ។
គួរបញ្ជាក់ដែរថា តារាកំប្លែង នាយតាក់ស៊ី មានជំងឺទឹកនោមផ្អែមប្រមាណ១០ឆ្នាំកន្លងមកហើយ ។ ជំងឺនេះចាប់ផ្តើមធ្វើទុក្ខខ្លាំងចាប់ពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ ដែលជាហេតុធ្វើឲ្យជីវភាពគ្រួសារតារាកំប្លែងមួយនេះ មិនមានលក្ខណៈល្អប្រសើរ ព្រោះតែត្រូវការចំណាយលើការព្យាបាល និងខកខានការសម្តែងជាយូរមកហើយដែរ។
គួរ​បញ្ជាក់​ថា នាយ​តាក់ស៊ី ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ក្មេង​កំព្រា​ឪពុក ដើរ​រើស​អេត​ចាយ តែ​នាយ​ខំ​តស៊ូ រហូត​បាន​ក្លាយ​ជា​តារា​កំប្លែង​ល្បី​ឈ្មោះ បន្ទាប់​ពី​បាន​ប្រឡង​ជាប់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ក្នុង​ក្រុម​កំប្លែង CTN នៅ​ឆ្នាំ​២០០៩-២០១០ ហើយ​ក៏​បាន​ដូរ​ឈ្មោះ​ពី មុល សារឿន មក​នាយ​តាក់ស៊ី ឯ​ភរិយា​ប្តូរ​ឈ្មោះ​ពី សុភាន់ មក​ជា​នាង ភីម។ នាយ​តាក់​ស៊ី មាន​ស្រុក​កំណើត​នៅ​ភូមិ​វត្ត​រំដួល ស្រុក​សង្កែ ខេត្ត​បាត់​ដំបង បច្ចុប្បន្ន រស់​នៅ​ភូមិ​វត្ត​កណ្តាល ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ដែល​ជា​ស្រុក​កំណើត​ភរិយា។ នាយ​បាន​រៀប​ការ​នៅ​ឆ្នាំ​២០០៦ សព្វ​ថ្ងៃ​មាន​កូន​ប្រុស​ម្នាក់ផងដែរ៕ ដោយ វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print