ក្រុមហាម៉ាស់នៅកាហ្សាបានបើកការវាយប្រហារដោយបាញ់រ៉ុក្កែត ជាង៦០០ដើមទៅលើទីតាំងក្នុងប្រទេសអ៊ីស្រាអែល ។ ចំណែកភាគីអ៊ីស្រាអែលវិញក៏បានតបត ដោយបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំង២៦០កន្លែង របស់ក្រុមហាម៉ាសនៅកាហ្សាផងដែរ ។
ស្ថានភាពទំនាក់ទំនងរវាងអ៊ីស្រាអែលនឹងកាហ្សាកាន់តែតានតឹងក្រោយពេល ភាគីទាំងពីរបានបើកការវាយប្រហារគ្នាទៅវិញទៅមក ដែលជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ។ ការវាយប្រហារនោះបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន ។
សារព័ត៌មាន Fox News បានផ្សាយកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ថា ក្រុមឧទ្ទាម ប៉ាឡេស្ទីន នៅក្នុងតំបន់ កាហ្សា ស្ព្រីប បានផ្លោងមីស៊ីលជាង៦០០គ្រាប់ ចូលកាន់ទីតាំងភាគខាងត្បូងរបស់អ៊ីស្រាអែល ក្នុងអំឡុងពេល២៤ម៉ោង សម្លាប់ជនអ៊ីស្រាអែលយ៉ាងតិច៤នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ ។
អ៊ីស្រាអែលបានមានវិធានការតប់តវិញ ផ្លោងមីស៊ីលជាច្រើនគ្រាប់តាមដែនអាកាសប្រឆាំងក្រុមឧទ្ទាមនៅក្នុងតំបន់ កាហ្សា ។ ជនប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ ក្នុងនោះ ស្ត្រីមានគភ៌ និងក្មួយស្រីអាយុ១៤ខែ ត្រូវបានសម្លាប់ផងដែរ ។
ប្រព័ន្ធផ្សព្វផ្សាយ Haaretz បានផ្សាយថា បុរសអ៊ីស្រាអែល៤នាក់ និងជនប៉ាឡេស្ទីន១៦នាក់បានស្លាប់ តាំងពីស្ថានការតានតឹងនៅព្រំដែនកើនឡើងថ្ងៃទី៣ ខែឧសភា មកទល់ពេលនេះ ។ អ៊ីស្រាអែល៤នាក់រងរបួស ខណៈរ៉ុក្កែតផ្លោងធ្លាក់នៅតំបន់ភាគខាងត្បូងកាលពីថ្ងៃទី៤ ខែឧសភា ។
ការវាយប្រហារគ្នាខ្លាំងឡើង បង្កក្តីបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ដោយអាចនឹងមានអ្នកស្លាប់ របួសជាច្រើន និងបង្កឲ្យមានវិបត្តិមនុស្សធម៌៕