វិភាគព័ត៍មានអន្តរជាតិ៖ អាមេរិក​ ៖ ចិននឹងបញ្ជូននាវាចម្បាំង ទៅកាន់ប៉ូលខាងជើងផែនដី​បង្កើតទីតាំងយោធាបន្ថែមនៅទីនោះ

ចែករំលែក៖

ទីក្រុងវ៉ាសុីនតោន៖ ចិនកំពុងតែមានអំណាច កាន់តែខ្លាំង ទាំងសេដ្ឋកិច្ច យោធា និងកិច្ចការបរទេស ហើយពេលនេះដែរ ចិនក៏បានពង្រីងឥទ្ធិពល នៅលើឆាកអន្តរជាតិ ។ ចិនបានបញ្ជូននាវាមុជទឹកទៅកាន់ប៉ូលខាងជើងផែនដី​។

បើទោះបី មិនមែនជាប្រទេសស្ថិតនៅតំបន់​ប៉ូលខាងជើងផែនដី​ ប៉ុន្តែចិន​បានបង្កើតសកម្មភាព យោធា​ នៅតំបន់នោះកាន់តែច្រើនឡើង ។ ចិនបានចាប់ផ្តើម បង្កើនវត្តមានយោធានៅតំបន់ប៉ូលខាងជើងផែនដីនាឆ្នាំ​២០១៣​។
កងពលនាវាមុជទឹកដើរតួនាទីយ៉ាងសំខាន់ សម្រាប់កម្លាំងទាហានជើងទឹកចិន បច្ចុប្បន្នចិនមាននាវាមុជទឹក​៤គ្រឿងដើរដោយថាមពលបរមាណូ បំពាក់មីស៊ីលឆ្លងទ្វីប និងមាននាវាមុជទឹក៦គ្រឿង សម្រាប់វាយប្រហារ បរមាណូ រួមទាំងនាវាមុជទឹកធម្មតា​៥០គ្រឿង ។ តាមការព្យាករណ៍​ចិននិងមាន នាវាមុជទឹក ពី​៦៥-៧០គ្រឿងនៅក្នុងឆ្នាំ​២០២០​។

វត្តមាន​របស់ចិននៅប៊ូលខាងជើងផែនដី ធ្វើឲ្យអាមេរិកកាន់តែបារម្ភយ៉ាងខ្លាំង ដោយអាមេរិក មួយទល់មួយ​ជាមួយរុស្ស៊ី នៅប៉ូលខាងជើងគឺជារឿងលំបាកទៅហើយ នៅពេលនេះមានចិនមួយទៀតចូលរួមកាន់តែធ្វើឲ្យអាមេរិក ពិបាកក្នុងការសម្រេច​គោលដៅនៅក្នុងប៊ូលខាងជើងផែនដី ។

រុស្ស៊ីនិងចិនចាប់ដៃគ្នាដើម្បីទប់ទល់ អាមេរិក ហើយបើចិន ឬរុស្ស៊ី មិនសហការ គ្នាទេមិនអាច យកឈ្នះអាមេរិកបាន ឡើយ។ផលប្រយោជន៍ដ៏សំខាន់នៅទីនោះគឺប្រភពប្រេង បន្ទាប់ពីប្រភពប្រេងឆៅសម្រាប់បម្រុងទុកឈានទៅរកភាព វិនាសហិនហោច ការជីកយកធនធានធម្មជាតិនៅក្នុងដែនដីមួយចំនួន ក៏កាន់តែ រេចរិលជាបណ្តើរៗហើយនោះ ទើបបណ្តាប្រទេសជាច្រើនចាប់ផ្តើមសម្លឹងទៅរកទ្វីបអាក់ទិកនៅប៉ូលខាងជើង ខណៈដែលផ្ទាំងទឹកកកក្នុងតំបន់នេះចាប់ផ្តើមរលាយបន្តិចម្តងៗ ដោយសារវាជាដែនដីនៃប្រភពធនធានមិនទាន់ប្រើប្រាស់។

ថ្វីដ្បិតតែទ្វីបអាក់ទិក ជាតំបន់ប៉ូល មានអាកាសធាតុត្រជាក់ខ្លាំង មិនអំណោយ ផលដល់ការរស់នៅ ប៉ុន្តែមានទស្សនៈគួរឱ្យចាប់អារម្មណ៍មួយលើកឡើងថា តំបន់ ត្រជាក់អាក់ទិក អាចបង្កើនភាពកក់ក្តៅក្នុងទំនាក់ទំនងរវាងប្រទេស ចិន និងរុស្ស៊ី។ មូលហេតុដោយសារតំបន់អាក់ទិច ជាដែនដីនៃប្រភពប្រយោជន៍ជាច្រើនសម្រាប់ មហាអំណាចទាំងពីរ។ ប៉ុន្តែដើម្បីទាញ យកផលប្រយោជន៍នេះ ចិននិងរុស្ស៊ីត្រូវតែកសាងទំនាក់ទំនងល្អជាមួយគ្នា ទើប ពឹងផ្អែកគ្នាទៅវិញទៅមកបាន។

តំបន់អាក់ទិក គ្របដណ្តប់លើផ្ទៃដី ប្រមាណ ២០លានគីឡូម៉ែត្រការ៉េ ស្ថិតនៅតំបន់ប៉ូលភាគខាងជើងនៃផែនដី មានអាកាសធាតុត្រជាក់ខ្លាំង ដែលជា មធ្យមប្រមាណជា-៤០អង្សាសេ ហើយនៅពេលដែលអាកាសធាតុត្រជាក់ខ្លាំង អាចធ្លាក់រហូតដល់-៦៨អង្សាសេ។ បច្ចុប្បន្នមនុស្សបានចាត់ទុក ប៉ូលអាក់ទិក ជាដែនដីកំណព្វមួយ ព្រោះជាឃ្លាំងផ្ទុក ឧស្ម័នធម្មជាតិ ប្រមាណ៣០ភាគរយ នៃ ឧស្ម័នធម្មជាតិមិនទាន់រកទាំងអស់នៅលើផ្ទៃផែនដី និងផ្ទុកប្រេងឆៅ ១៣ភាគរយនៃប្រេងឆៅមិនទាន់រុករកទាំងអស់នៅលើផ្ទៃផែនដី។ ក្រៅពីនេះតំបន់អាក់ទិក មានធនធានធម្មជាតិច្រើនប្រភេទផ្សេងទៀតដូចជា រ៉ែ ទឹកស្អាត ត្រី និងជាទីចំណាប់អារម្មណ៍សម្រាប់ឧស្សាហកម្មទេសចរណ៍ ដែល កំពុងកើនឡើងជាលំដាប់។ តំបន់អាក់ទិក មានតំបន់វាលរហោឋានពោរពេញដោយជីវចម្រុះដ៏កម្រយ៉ាងច្រើនសន្ធឹកសន្ធាប់។ អាក់ទិកចូលរួមចំណែកផ្គត់ផ្គង់ទឹកចំនួន ១ភាគ៥ នៃទឹកទាំងអស់លើផ្ទៃផែនដី។

អាក់ទិក អាចបម្រើប្រយោជន៍ដល់រុស្ស៊ីទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយជា ច្រើនសតវត្សរ៍មកហើយ។ ស្របពេលដែលរុស្ស៊ីមានព្រំប្រទល់ជាប់នឹងទ្វីបអាក់ទិកស្រាប់ ធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូ កាន់តែមានមហិច្ឆតាខ្ពស់ក្នុងការគ្រប់គ្រងដែនដីកំណព្វទាំងនេះ។ ក្រៅពីការស្រូបយកធន ធានធម្មជាតិ តំបន់ប៉ូលនេះបានចូលរួម ចំណែក ធ្វើជាប្រព័ន្ធដឹកជញ្ជូនពាណិជ្ជកម្ម និងនេសាទដ៏សំខាន់។ ប្រទេសរុស្ស៊ីគ្រោង នឹងប្រមូលយក ធនធានធម្មជាតិនៅតាមឈូងសមុទ្រធំៗនៅតំបន់អាក់ទិក ស្រប ពេលដែលក្រុមប្រឹក្សាសន្តិសុខរដ្ឋាភិបាលក្រុង មូស្គូ បានបង្ហាញពីចេតនា ចង់បង្កើនការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធតំបន់អាក់ទិកផងដែរ។

ប្រទេសរុស្ស៊ី បានធ្វើការស្រាវជ្រាវ យ៉ាងទូលំទូលាយនៅតំបន់អាក់ទិក ដើម្បីឈានទៅរកការប្រកាសគ្រប់គ្រងលើដែនដីអាក់ទិកជាថ្មី។ ជាងនេះទៅទៀតនោះ ដើម្បីពង្រីកឥទ្ធិពល នយោបាយ រុស្ស៊ី បានបន្តរក្សាវត្តមានយោធានៅតំបន់អាក់ទិក ហើយថែមទាំងមានផែនការពង្រឹងវត្តមានឆ្មាំព្រំដែនឆ្មាំសមុទ្រថែមទៀតផង។ ប៉ុន្តែកុំភ្លេចថា ថ្វីដ្បិតតែទ្វីបអាក់ទិក ជាដែនដីដ៏ត្រជាក់ពិបាករស់នៅមែន ប៉ុន្តែ មិនមានន័យថាវាជាដែនដីសេរី ដែលអ្នកណាក៏អាចទាញយកប្រយោជន៍ពីតំបន់នេះដោយងាយៗនោះទេ។ ហេតុនេះហើយ ទើបរុស្ស៊ី ចង់បានដៃគូសហការដ៏ល្អម្នាក់ដើម្បីជួយការពារផលប្រយោជន៍របស់ខ្លួន ប៉ុន្តែជាអកុសល រុស្ស៊ីត្រូវហ៊ុមព័ទ្ធដោយ ប្រទេសជាសត្រូវនិងការដាក់ទណ្ឌកម្ម ដោយសារតែភាពលោភលន់របស់រុស្ស៊ី ក្នុងការគ្រប់គ្រងលើដែនដីគ្រីមៀ។ អង្គ ការណាតូ រួមទាំងសហរដ្ឋអាមេរិក និងបណ្តា ប្រទេសលោកខាងលិច បានធ្វើឱ្យរុស្ស៊ី ឯកាជាខ្លាំងលើឆាកអន្តរជាតិ ជាក់ស្តែង នៅទ្វីបអាក់ទិកជាដើម។ ចំណុចនេះជំរុញឱ្យរុស្ស៊ីសម្លឹងរកដៃគូពីបណ្តាប្រទេសផ្សេងទៀត។

ប្រទេសរុស្ស៊ីកំពុងផ្តោតការយកចិត្ត ទុកដាក់កាន់តែខ្លាំងទៅលើការអភិវឌ្ឍតំបន់អាក់ទិក ដើម្បីពង្រឹងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន។ យ៉ាងណាក្តី ជម្លោះនៅអ៊ុយក្រែនជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បង្កជាការដាក់ទណ្ឌកម្ម ដែលបានដាក់ កំហិតមិនឱ្យក្រុមហ៊ុន លោកខាងលិច មានទំនាក់ទំនងជាមួយគម្រោងថាមពល រុស្ស៊ី ក្នុងតំបន់អាក់ទិកឡើយ។ ចំណុចនេះ ជំរុញប្រទេសរុស្ស៊ីយកចិត្តទុកដាក់ និង សម្លឹងមកតំបន់អាស៊ីកាន់តែខ្លាំង ដើម្បីស្វែងរកផ្លូវសម្រាប់ធ្វើជាដៃគូដ៏មានសក្តានុពលសម្រាប់វិនិយោគ និងបច្ចេកវិទ្យា ព្រមទាំង ធ្វើជាទីផ្សារដ៏សំខាន់ ក្នុងនោះ ចិន ជា ប្រទេសដ៏ស័ក្តិសមជាគោលដៅសំខាន់ សម្រាប់រុស្ស៊ី។ ហេតុនេះទើប ទំនាក់ទំនង រវាងចិន នឹងរុស្ស៊ី ក្នុងតំបន់អាក់ទិក កាន់ តែមានការកើនឡើង៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print