ភ្នំពេញ៖ រថយន្ដស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខក្លែងក្លាយ 2AJ 2222 ផលិតនៅឆ្នាំ២០១៤ ត្រូវបានសមត្ថកិច្ចសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានី ឃាត់យកទៅទីស្នាក់ការរបស់ខ្លួន បន្ទាប់ពីដឹងថា រថយន្ដមួយគ្រឿងនេះ មិនបង់ពន្ធជូនរដ្ឋ ព្រមទាំងប្រើប្រាស់ស្លាកលេខក្លែងក្លាយទៀតផង។
ការបង្ក្រាបរថយន្ដទំនើបអត់បង់ពន្ធរបស់សមត្ថកិច្ចសាខាគយរាជធានីភ្នំពេញ បានប្រព្រឹត្តទៅ វេលាម៉ោង៩ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅម្ដុំស្ថានីយ៍ប្រេកឥន្ធនៈកាល់ទិចបូកគោ ស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។
មន្ដ្រីសាខាគយរាជធានីភ្នំពេញមួយរូប បានឲ្យដឹងថា រថយន្ដទំនើបមួយគ្រឿងនេះ បានលួចនាំចូល ខុសច្បាប់ដោយមិនបានបង់ពន្ធជូនរដ្ឋនៅឡើយ។ លើសពីនេះទៀត ម្ចាស់រថយន្ដបានបំពាក់ (2AJ 2222) ទៀតផង។ ដូច្នេះហើយ ទើបសមត្ថកិច្ចគយនិងរដ្ឋាករស្រាវជ្រាវដឹង ក៏ឃាត់យកទៅទីស្នាក់ការដើម្បីឲ្យម្ចាស់រថយន្ដចូលទៅបង់ពន្ធ ស្របច្បាប់។
ទោះយ៉ាងណាមន្ដ្រីគយរូបនោះមិនបានបញ្ជាក់ឲ្យដឹងថា រថយន្ដទំនើបមួយគ្រឿងនេះ ជាកម្មសិទ្ធរបស់អ្នកណា ហើយលួចនាំចូលតាមច្រកណា ដោយមិនបង់ពន្ធជូនរដ្ឋនោះទេ។
មន្ដ្រីគយដដែលបានអំពាវនាវសុំដល់បងប្អូនមានរថយន្ដទំនើបជិះមិនទាន់បង់ពន្ធជូនរដ្ឋ សូមប្រញាប់ប្រញាល់ ទៅបំពេញបែបបទបង់ពន្ធជូនរដ្ឋគ្រប់ៗគ្នា បើពុំដូច្នោះទេ សមត្ថកិច្ចគយនឹងតាមចាប់យករថយន្ដទាំងនោះ ឲ្យមកបង់ពន្ធទាល់តែបាន៕
ដោយ៖ ប្រាថ្នា