ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវអំណរព្រះគុណដល់ព្រះរាជសកម្មភាពរបស់សម្តេចម៉ែ នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូ រនិងនិងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ លើព្រះរាជសកម្មភាពមនុស្សធម៌កន្លងមក ថាជាព្រះរាជសកម្មភាពគំរូដ៏ថ្លៃថ្លាបំផុត។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញថ្លែងយ៉ាងដូច្នេះ ក្នុងពេលសម្តេចបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងមិទ្ទីងអបអរខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៩ ដែលកាកបាទក្រហមកម្ពុជាប្រារព្ធនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី៨ឧសភា ក្រោមប្រធាន បទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។
ជាមួយនឹងការយកឱកាសស្វាគមន៍ថ្លែងអំណរគុណចំពោះវត្តមាននៃការចូលរួមពីសំណាក់សម្តេច លោកលោកជំទាវ សប្បុរសជនជាតិ អន្តរជាតិនានាដែលបានអញ្ជើញចូលរួមយ៉ាងច្រើន កុះករ សម្តេចក៏បានថ្លែងអំណរព្រះគុណ យ៉ាងជ្រាលជ្រៅដល់អង្គព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះប្រធានកិត្តិយសដែលតែងតែចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជារាស្ត្រទីទ័លក្រ ដោយសម្តេចបានចាត់ទុកថា ជាព្រះរាជសកម្មភាពគំរូ ។
សម្ដេចក៏បានយកឱកាសនេះអរគុណចំពោះសម្ដេច លោក លោកជំទាវ ដែលជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋលេខាធិការ និងក្រុមការងារចុះជួយរាជធានី, ខេត្ត ដែលបានចូលរួមនៅក្នុងចលនាកាកបាទក្រហមកម្ពុជារបស់យើងជាពិសេសអាស្វែងរកប្រភពទុន ដើម្បីជូនទៅដល់កាកបាទក្រហមកម្ពុជាតាមការដែលយើងទទួលបាននូវព័ត៌មានខេត្តមួយចំនួនបានធ្វើទិវាកាកបាទក្រហមរួចស្រេចទៅហើយ ហើយដែលមានការចូលរួមពីសំណាក់សប្បុរសជននៅតាមខេត្តនានាផងដែរ ដែលនេះក៏ជាផ្នែកមួយចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាដែលបង្ហាញឲ្យឃើញថា ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជាដែលជាប្រធានបទ ទាក់ទងពីផ្នែកមួយផ្នែកទាក់ទងនឹងអ្នកដែលផ្តល់ជំនួយសប្បុរសធម៌ និងមួយផ្នែកទាក់ទងនឹងអ្នកទទួលបានជំនួយពីកាកបាទក្រហមកម្ពុជា។
សម្តេចក៏បានយកឱកាសនេះថ្លែងអំណរគុណចំពោះសប្បុរសជនទាំងអស់ដែលបានចូលរួមជួយកាកបាទក្រហមកម្ពុជាតាមរយៈទិវា 8 ឧសភានេះ ហើយសម្តេចថាប្រធានបទ«ខ្ញុំស្រឡាញ់កាកបាទ ក្រហមកម្ពុជា»នឹងក្លាយទៅជាសកម្មភាពជាក់ស្ដែង ហើយនឹងក្លាយទៅជាចលនាជាតិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងថា ការពិតណាស់ក្នុងឆ្នាំ ២០១៨និង ៤ខែដើមឆ្នាំ ២០១៩នេះ កាកបាទក្រហមកម្ពុជាដែលមានសាខានៅតាមរាជធានីខេត្តទាំង ២៥ អាចសម្រេចបាននូវសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ជារួមមានប្រជាពលរដ្ឋតាមជនបទដាច់ស្រយាលជិត ៣ម៉ឺនគ្រួសារបានទទួលអណ្ដូងទឹកស្អាតចំនួន ១៣៩ ចាស់ៗគ្មានទីពឹងគ្រួសារពិការភាព ស្ត្រីមេម៉ាយ ទុរគតចំនួន១៦៧គ្រួសារទទួលបានផ្ទះថ្មី ប្រជាពលរដ្ឋតាមជនបទ៤៥៣គ្រួសារ ទទួលបានបង្គន់អនាម័យ គ្រួសាររងគ្រោះដោយគ្រោះធម្មជាតិ និងចាស់ឥតទីពឹងកុមារកំព្រាគ្រួសារមានជំងឺរ៉ាំរ៉ៃ ស្ត្រីមេម៉ាយចំនួនជាង ១៤ម៉ឺនគ្រួសារ ទទួលបានអំណោយជាស្បៀង សម្ភារៈជួយសម្រាលជីវភាពរស់នៅប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមជំងឺគ្រុនចាញ់គ្រុនឈាមចំនួន ២ ម៉ឺនគ្រួសារបានទទួលអំណោយជាមុងសុវត្ថិភាព អ្នកពិការជើងចំនួន៩៥៦នាក់ ទទួលបានរទេះពិការ ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនរាប់រយគ្រួសារទទួលបានប្រាក់កម្ចីធ្វើដើមទុនប្រកបរបរចិញ្ចឹមជីវិត អ្នកស្ម័គ្រចិត្ត និងបុគ្គលិកក្នុងវិស័យឯកជនជាង៤ពាន់នាក់ ទទួលបានការបណ្ដុះ បណ្ដាលវិជ្ជាជីវៈសង្គ្រោះបឋម ប្រជាពលរដ្ឋតាមសហគមន៍រាប់ម៉ឺនគ្រួសារបានចូលរួមក្នុងការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីគ្រោះថ្នាក់ដោយសារមីនគ្រាប់មិនទាន់ផ្ទុះ ការថែទាំសុខភាពការប្រើប្រាស់ទឹកស្អាតអនាម័យអាហារូបត្ថម្ភ។
ជាមួយគ្នានេះសិស្សនិស្សិតមន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៨ម៉ឺននាក់ ទទួលបានចំណេះដឹងតាមរយៈការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
យុវជនកាកបាទក្រហមកម្ពុជាជាង២ម៉ឺននាក់នៅទូទាំងប្រទេសបានចូលរួមក្នុងសកម្មភាពនានាដូចជាមិត្តអប់រំមិត្ត ការ សម្អាតបរិស្ថានដាំដើមឈើការបរិច្ចាគឈាមជាដើម។
ជារៀងរាល់ឆ្នាំកាក បាទក្រហមកម្ពុជាតែងតែផ្សព្វផ្សាយជូនបងប្អូនជនរួមជាតិតាមគ្រប់ប្រព័ន្ធព័ត៌មាននូវសារអំពាវនាវស្តីពីការអប់រំថែទាំសុខភាពក្នុងឱកាសទិវាជាតិសុខភាពមាតាទារកនិងកុមារ ថ្ងៃ២១កុម្ភៈ ទិវាឆ្មប និងទិវាពិភពលោកប្រយុទ្ធនិងជំងឺអេដស៍១ធ្នូ។
លើសពីនេះទៅទៀតក្នុងរយៈពេល៤ខែដើមឆ្នាំ ២០១៩នេះសាខា២៥រាជធានី ខេត្តបានផ្ដល់អំណោយជូនអ្នករងគ្រោះដោយខ្យល់កន្ត្រាក់១១៦ដងចំនួន ៣.០៣៥គ្រួសារ។
ជាមួយគ្នានេះដែរកាកបាទក្រហមកម្ពុជាបានចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាចំនួន ១លានដុល្លារក្នុងឆ្នាំ២០១៨ហើយនៅឆ្នាំ២០១៩នេះនឹងបន្តជួយទៀតដល់ថវិកាអស់ធំប្រចាំឆ្នាំដល់អង្គការចំនួន៣ចុះសួរសុខទុក្ខ សមាគមនិងអង្គការមួយចំនួនដើម្បីឧបត្ថម្ភ ស្បៀង ផ្តល់អាហារសាមគ្គីដល់កុមារកំព្រាអ្នកមានពិការភាពសិស្សនិស្សិតក្រីក្រព្រមទាំងផ្ដល់ដល់អនុសាខាតាមខណ្ឌទាំង១២ក្នុងរាជធានីចំនួនពីរលើកក្នុងមួយឆ្នាំនូវអង្ករជាង២០០តោន សម្រាប់ប្រជាពលរដ្ឋរងគ្រោះ ៧.២០០គ្រួសារទៀត។
ក្នុងស្មារតីសាមគ្គីភាពជាមួយសមាគមជាតិជាបងប្អូន កាកបាទក្រហមកម្ពុជានៅបានផ្ដល់ថវិកាចំនួន៥ ម៉ឺនដុល្លារជួយដល់អ្នករងគ្រោះដោយការបាក់ទំនប់វារីអគ្គិសនីនៅឡាវនិងចំនួន៥ម៉ឺនដុល្លារជួយអ្នករងគ្រោះដោយរញ្ជួយដី និងរលកយក្សស៊ូណាមិនៅឥណ្ឌូណេស៊ី។
សម្ដេចប្រធានបានគូសបញ្ជាក់ថា សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានផ្ដល់ឱកាសឱ្យកាកបាតក្រហមកម្ពុជាពង្រីកបានភាពម្ចាស់ការ និងសម្រេចបានសមិទ្ធផលជាច្រើន។ សមិទ្ធិផលនៃកាកបាទក្រហមកម្ពុជា សម្រេចបានទាំងអស់គឺពិតជាមិនអាចកាត់ផ្ដាច់បានឡើយពីការគាំទ្ររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងការចូលរួមបរិច្ចាកដ៏មានតម្លៃពីសំណាក់សម្ដេច លោក លោកជំទាវ លោកឧកញ៉ា លោក លោកស្រីសប្បុរសជនជាតិ អន្តរជាតិទាំងអស់ដែលមានសប្បុរសធម៌មានក្តី មេត្តា អាណិតអាសូរនិងចែករំលែកក្តីស្រឡាញ់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះតាមរយៈកាកបាទក្រហមកម្ពុជា។
សម្រាប់ឆ្នាំ ២០១៩នេះក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាកំពុងរងផលប៉ះពាល់ដោយបញ្ហាប្រឈមជាសកល មានដូចជាបម្រែបម្រួលអាកាសធាតុការកើនកំដៅនៃភពផែនដី ភាពរាំងស្ងួត បាតុភាពខ្យល់ព្យុះ ខ្សល់កន្ត្រាក់ ទឹកជំនន់ការកើតមានជំងឺថ្មី រួមជាមួយបញ្ហាប្រឈម ក្នុងគ្រោះថ្នាក់ចរាចរណ៍។
កាកបាទក្រហមកម្ពុជា ប្ដេជ្ញាចិត្តបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្តាប់ស្ថានភាពងាយរងគ្រោះនៅតាមសហគមន៍និងដោះស្រាយតម្រូវការជាក់ស្ដែងសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ។ ដោយហេតុនេះហើយសម្តេចប្រធានសូមអំពានាវ សម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សប្បុរសជនជាតិ អន្តរជាតិ ទាំងអស់សូមមេត្តាបន្តឧបត្ថម្ភគាំទ្រដល់សមាគមជាតិក្រហមកម្ពុជាដើម្បីកាកបាតក្រហមកម្ពុជាមានធនធានគ្រប់គ្រាន់ក្នុងការបន្តបេសកកម្ម មនុស្សធម៌របស់ខ្លួន។ ជាមួយនេះសម្ដេចជឿជាក់ថាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី ខេត្តនិងបន្តការយកចិត្តទុកដាក់ដល់សេវាកម្មរបស់ខ្លួនឲ្យកាន់តែមានគុណភាពនិងប្រសិទ្ធភាពថែមទៀត ៕