ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៥ ក្នុងឱកាសដែលអញ្ជើញចូលរួម ជាអធិបតីនៅក្នុងពិធីប្រកាសសមាស ភាពគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានព្រមានដល់ស្នងការ នគរបាលខេត្ដបាត់ដំបង ខេត្ដពោធិ៍សាត់ និងខេត្ដកណ្ដាលឱ្យត្រៀមបកស័ក្ដិខ្លួនឯង បើសិនមិនអាចតាមបង្ក្រាប និងតាម ចាប់ក្រុមចោរប្លន់ប្រដាប់អាវុធមិន ទទួលបានជោគជ័យនោះទេ ។
សម្ដេចក្រឡាហោម ស ខេង បាន លើកឡើងពីករណីប្លន់ប្រដាប់អាវុធ ដែល បានកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃ កន្លងទៅនេះនៅខេត្ដបាត់ដំបង, ខេត្ដ ពោធិ៍សាត់ និងខេត្ដកណ្ដាល ហើយក្រៅ ពីកម្លាំងនគរបាលតាមខេត្ដទាំងនេះ ស្នងការនគរបាលខេត្ដផ្សេងទៀតក៏ត្រូវ យកចិត្ដទុកដាក់ឱ្យកាន់តែខ្លាំងឡើងថែម ទៀតលើការបង្ក្រាបបទល្មើសប្លន់ទាំងនេះ។
សម្ដេចក្រឡាហោម ឧបនាយករដ្ឋ មន្ដ្រីបានបញ្ជាក់ថា “ស្នងការបាត់ដំបង, ពោធិ៍សាត់ និងខេត្ដកណ្ដាល រឿងប្លន់ រកឱ្យឃើញ និងបង្ក្រាបឱ្យបាន ហើយ បើបង្ក្រាបមិនបានទេបកស័ក្ដិខ្លួនឯង កុំចាំលោកបកឱ្យ ហើយតាមខេត្ដផ្សេងៗ ក៏ត្រូវយកចិត្ដទុកដាក់ផងដែរ” ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងពិធីផ្សព្វផ្សាយការ បញ្ជ្រាបទស្សនទាន សីលធម៌ សាសនា ដើម្បីសុខដុមនីយកម្មនៅកម្ពុជា សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បាន បញ្ជាឱ្យអាជ្ញាធរគ្រប់មូលដ្ឋានយកចិត្ដ ទុកដាក់បង្កើនការបង្ក្រាបក្រុមចោរ ប្រដាប់អាវុធ ដែលធ្វើសកម្មភាពប្លន់ ពលរដ្ឋយ៉ាងសាហាវនាពេលថ្មីៗនេះ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែង ថា “សូមឱ្យគ្រប់ទីកន្លែងទាំងអស់បង្កើន ការប្រុងប្រយ័ត្ន និងវ៉ៃបង្ក្រាបពួកឧក្រិដ្ឋ ជនប្លន់ប្រដាប់អាវុធនេះ ព្រោះក្រុមនេះ គឺជាក្រុមគ្មានសាសនាណាទាំងអស់ ព្រោះគ្មានសាសនាណាប្រដៅឱ្យពួកនេះ ប្រព្រឹត្ដអំពើលួចប្លន់នោះទេ អ៊ី្ចឹងសុំ ក្រៅពីអាជ្ញាធរថ្នាក់ជាតិ កម្លាំងប្រដាប់ អាវុធ កម្លាំងមានសមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងអស់បង្កើននូវការ ប្រុងប្រយ័ត្ន ហើយបើកប្រតិបត្ដិការ ដើម្បីទប់ស្កាត់ និងបង្ក្រាបចំពោះអំពើ ប្លន់ប្រដាប់អាវុធ និងក្រុមជនឃោរ ឃៅ” ។
កាលពីថ្ងៃទី១២ ខែធ្នូ កន្លងទៅ ក្រុម ចោរប្រដាប់អាវុធបានធ្វើសកម្មភាព ប្លន់អាជីវករលក់គ្រឿងអលង្ការ និង ទីតាំងកន្លែងផ្ទេរប្រាក់វីង ចំនួន៣កន្លែង ក្នុងនោះមានខេត្ដបាត់ដំបង ពោធិ៍សាត់ និងខេត្ដកណ្ដាល។ ក្រោយពីមានករណី នេះសម្ដេចតេជោ ហ៊ុន សែន បានលើក ឡើងថា មានរបាយការណ៍មួយចំនួន រាយការណ៍ថាក្រុមចោរទាំងនោះមាន អ្នកខ្លះមុខដដែលៗ ដែលធ្លាប់ជាប់ពន្ធ នាគាររួចទៅហើយ ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញ ឱ្យក្រសួងយុត្ដិធម៌ពិនិត្យឱ្យបានល្អិតល្អន់ ចំពោះការលើកលែងទោសឱ្យទណ្ឌិតនៅ ក្នុងពន្ធនាគារ។ សម្ដេចថា បើសិនជា ទណ្ឌិតនោះជាចោរប្លន់ប្រដាប់អាវុធនោះ សម្ដេចនឹងមិនស៊ីញ៉េស្នើឱ្យលើកលែង ទោសនោះទេ ហើយស្នើកុំឱ្យក្រសួង យុត្ដិធម៌ដាក់បញ្ចូលឈ្មោះទណ្ឌិតដែល ជាចោរប្លន់ ដើម្បីឱ្យសម្ដេចជួយស្នើ លើកលែងទោស ។
ជាការកត់សម្គាល់នៅក្នុងករណីចោរ ប្លន់ដ៏កក្រើកនៅ៣ខេត្ដនាពេលថ្មីៗនេះ មានតែខេត្ដបាត់ដំបងមួយទេ ដែល ដេញបង្ក្រាបចាប់បានជនសង្ស័យ២នាក់ និងដកហូតបានកាំភ្លើងម៉ូតូមួយចំនួន មកវិញ ។
សមត្ថកិច្ចខេត្ដទាំង៣ខាងលើអះអាង ថា ខ្លួនកំពុងខ្នះខ្នែងក្នុងការបង្ក្រាប និង រកមុខជនសង្ស័យទាំងនោះយ៉ាងសកម្ម ហើយ។ គេរំពឹងថា ពួកចោរប្លន់ទាំង នោះអាចនឹងត្រូវបានបង្ក្រាបនៅក្នុង ពេលឆាប់ៗនេះ ។
គួរបញ្ជាក់ថា ក្រៅពីខេត្ដទាំង៣ដែល មានសកម្មភាពប្លន់ប្រដាប់អាវុធក្នុងថ្ងៃ តែមួយនោះក៏នៅមានខេត្ដកំពតមួយ ទៀតដែលមានសកម្មភាពប្លន់ប្រដាប់ អាវុធញឹកញាប់ជាងគេ ៕
ដោយ៖ ហេង សូរិយា