បញ្ហាគ្រោះថ្នាក់យន្តហោះជាបន្តបន្ទាប់ បានធ្វើឲ្យអ្នកដំណើរបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ពេលធ្វើដំណើរតាមយន្តហោះម្តងៗ ។ នៅពេលនេះអ្នកដំណើរនៅលើយន្តហោះបារាំង បារម្ភយ៉ាងខ្លាំងពេលយន្តហោះរបស់ខ្លួនបាត់ចេញពីប្រពន្ធទំនាក់ទំនងរ៉ាដ៉ា ។ ចំណែកយន្តហោះរបស់ក្រុមហ៊ុន Biman Bangladesh Airlines វិញបានបាក់ជា៣កំណាត់ពេលចុះចត តែមិនបណ្តាលឲ្យឆាប់ឆេះនោះឡើយ ។
ពាក់ព័ន្ធនិងយន្តហោះបារាំង យន្តហោះដឹកអ្នកដំណើរ Airbus A-240313 របស់ក្រុមហ៊ុន អាកាសចរណ៍បារាំង Air France បានបាត់ចេញពីប្រព័ន្ធរ៉ាដា ក្រោយពេលប្រកាសអាសន្ន ឲ្យជួយ ពេលកំពុងធ្វើដំណើរ ទៅកាន់ប្រទេសឥណ្ឌា។
មន្ត្រីអ៊ីរ៉ងបានប្រកាសថានៅពេលនេះយន្តហោះខាងលើ បានចុះចតដោយសុវត្ថិភាពនៅក្នុងប្រទេសអ៊ីរ៉ង កាលពីថ្ងៃទី៨ខែឧសភា ក្រោយហោះហើរបានពាក់កណ្តាលផ្លូវពីទីក្រុងប៉ារីសទៅកាន់ ទីក្រុង ម៉ុមបៃ ប្រទេសឥណ្ឌា ។
សារព័ត៌មាន IRNA បានដកស្រងសម្តីលោក Mansoon Glass អគ្គនាយកគ្រប់គ្រងដែនអាកាសអ៊ីរ៉ងបានប្រកាសឲ្យដឹងថា អ្នកដំនើរនៅលើយន្តហោះទាំងអស់មានសុវត្ថិភាពធម្មតា ប៉ុន្តែកំពុងទទួលបានការត្រួតពិនិត្យសុខភាពពីក្រុមគ្រូពេទ្យ។ សារព័ត៌មានអ៊ីរ៉ង់មិនបាន បញ្ជាក់ពីមូលហេតុដែលត្រូវចុះចតជាបន្ទាន់នោះឡើយ។
ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើបានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដា ក្រោយផ្តល់សញ្ញាជំនួយបន្ទាន់ ពេលហោះហើរនៅលើដែនអាកាស ភាគកណ្តាលប្រទសអ៊ីរ៉ង ។
យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Air France បានចាកចេញពីទីក្រុងប៉ារីសនៅវេលាម៉ោង១១និង២១នាទីឆ្ពោះៅកាន់ទីក្រុងម៉ុបបៃប្រទេសឥណ្ឌា ។
ចំណែក មីយ៉ាន់ម៉ាកំពុងស៊ើបអង្កេត ករណីយន្តហោះដឹកអ្នកដំណើរ រអិលកង់ធ្លាក់ចេញពីផ្លូវ របួសជាច្រើននាក់។ ប្រភពព័ត៌មានរបស់មីយ៉ាន់ម៉ា បានផ្សាយ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ថា ការស៊ើបអង្កេតកំពុងតែដំណើរការ លើករណីយន្តហោះដឹកអ្នកដំណើរ រអិលកង់ធ្លាក់ចេញពីផ្លូវ បណ្តាលឲ្យអ្នកដំណើរជាច្រើននាក់ រងរបួស។
អ្នកនៅលើយន្ដហោះចំនួន១៨នាក់ ក្នុងនោះមានក្រុមអាកាសយានិក៥នាក់ បានរងរបួស ក្រោយពេលយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Biman Bangladesh Airlines (ប៊ីមេន បង់ក្លាដែស អ៊ែរឡាញ) មួយគ្រឿង បានរអិលកង់ចេញពីផ្លូវ នៅឯអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងយ៉ាំងហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលមីយ៉ាន់ម៉ា បានប្រកាសថា យន្តហោះដែលជួបនឹងគ្រោះថ្នាក់នោះ ពាក់ស្លាកលេខ Biman Flight No. BG-60 មកពីបង់ក្លាដែស ដោយដឹកអ្នកដំណើរចំនួន២៨នាក់ និងអាកាសយានិក៦នាក់ បានរអិលកង់ ចេញពីផ្លូវរត់ នៅវេលាម៉ោង៦ និង៥០នាទីព្រលប់ (ម៉ោងក្នុងស្រុក) ។
ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា យ៉ាងតិចមនុស្ស១៦នាក់ បានរងរបួស ហើយត្រូវគេបញ្ជូនទៅសង្គ្រោះ នៅក្នុងមន្ទីរពេទ្យ។ ប៉ុន្តែទោះជាយ៉ាងណា គេនៅមិនទាន់បញ្ជាក់បាន ថាតើអាចគំរាមកំហែងដល់អាយុជីវិត ឬក៏យ៉ាងណានោះទេ ។
ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា យន្តហោះនេះបានរេចង្កូតរត់ចេញពីផ្លូវ នៅក្នុងអំឡុងពេលព្យាយាមចុះចត ខណៈភ្លៀងកំពុងធ្លាក់ចុះយ៉ាងខ្លាំង និងអាកាសធាតុមិនអំណោយផ្លូវ។ រហូតមកទល់នឹងពេលនេះ ក្រុមអ្នកស៊ើបអង្កេត បានចាប់ផ្តើមដំណើរការស្រាវជ្រាវ រកមូលហេតុពិតប្រាកដ៕