ឆេះសំរាមគរទុកចោលក្នុងដីឡូ បង្កភ្ញាក់ផ្អើលត្រៀមរថយន្តទឹកបាញ់ពន្លត់ទាំងយប់

ចែករំលែក៖

ភ្នំពេញ៖គំនរសំរាមដែលប្រជាពលរដ្ឋនាំគ្នាយកទៅចាក់ចោលនៅក្នុងដីឡូត្រូវបានអគ្គីភ័យឆាបឆេះសង្ស័យមានមនុស្សលួចដុតរួមផ្សំនិងអាកាសធាតុក្តៅខ្លាំងងាយប្រឈមផងនោះទើបគ្រោះអគ្គិភ័យចេះតែកើតឡើងជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។ ដោយឡែកអ្វីដែលគួរឲ្យកត់សម្គាល់សម្រាប់ថ្ងៃនេះ គឺថា ក្នុងរយៈពេលមិនដល់១ម៉ោងផងមានគ្រោះអគ្គិភ័យឆាបឆេះចំនួន៣លើក្នុងខណ្ឌចំនួន២ក្នុងរាជធានីភ្នំពេញកាលពីយប់ មិញ។

សមត្ថកិច្ចបានឲ្យដឹងថាក្នុងរយៈពេលមិនដល់១ម៉ោងផងនោះគឺកើតមានគ្រោះអគ្គិភ័យចំនួន៣ករណីដោយករណីទី១កើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី៨ខែឧសភាឆ្នាំ២០១៩ចំណុចសំណង់អគារចាស់ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញបណ្ដាលមកពីឆេះគំនរឈើទុកចោលនៅលើដំបូលអគារបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចេញអន្តរាគមន៍។ ក្នុងហេតុការណ៍នោះ មានម៉ូតូទឹករបស់រដ្ឋបាលសាលាខណ្ឌដូនពេញចំនួន៣គ្រឿងបានចុះមកដល់ចំណុចកើតហេតុនិងមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការក្រុងចំនួន១គ្រឿងចេញជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

ករណីទី២កើតឡើងនៅវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃខែដដែលដែលចំណុចហាងលក់នាឡិកាយីហោ ICEWATCHស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់មនោរម្យខណ្ឌ៧មករាកើតចេញពីករណីឆ្លងចរន្តអគ្គិសនីឆេះប្រអប់ភ្លើងខាងក្រោយផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ភ្លាមៗ។ចំណែក ករណីទី៣កើតឡើងនៅពីវេលាម៉ោង៩យប់ថ្ងៃដដែល ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៤ កែងផ្លូវលេខ៦៣ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញមានករណីអគ្គិភ័យឆាបឆេះសំបកដបជ័រកៅអីចាស់ៗនិងដើមប្រខុបបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅហើយសមត្ថកិច្ចបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន៨បំពង់ទើបបាញ់រលត់ជាស្ថាពរ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានផ្ទះនៅជិតដីឡូត៍មានស្មៅស្ងួត ឬកន្លែងចោលសំរាម សូមយកចិត្តទុកដាក់ពីបញ្ហាទាំងនេះ កុំឲ្យកូនលេងភ្លើង ឬអ្នកទទួលទានបារី កុំបោះកន្ទុយបារីចោលផ្ដេសផ្ដាសហើយបន្ថែមទៀតនោះ មានករណីអគ្គិភ័យឆាបឆេះ សូមបងប្អូនជួយគ្នាទប់ស្កាត់ និងពន្លត់ភ្លាមៗ ដើម្បីកុំឲ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋទាន់៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print