ខេត្តត្បូងឃ្មុំ ៖ ល្បែងស៊ីសង និងគ្រឿងញៀន ត្រូវបានអ្នកវិភាគផ្នែកសង្គមលើកឡើងថា គឺ ជាប្រភពដ៏ធំនៃអំពេីចោរកម្ម ដែលកន្លងមកនេះគេសង្កេតឃើញមានអំពើឆក់ប្លន់ប្រជាពលរដ្ឋស្ទើរគ្រប់ទិសទីតាមបណ្តាខេត្តក្រុងមួយចំនួននៃប្រទេសកម្ពុជា ហើយបានធើ្វឲ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ខ្កម្ពុជាមានការភ័យ និងអសន្តិសុខ ស្របពេលប្រទេសកំពុងមានសុខសន្តិភាពទៅហេីយនោះ ។
គោលនយោបាយរាជរដ្ឋាភិបាល កំពុងតែដុតដៃដុតជើងដើម្បីបង្កើត និងដាក់ចេញយុទ្ធនាការថ្មីៗ ដើម្បីទប់ស្កាត់ និងបង្រ្កាបល្បែងស៊ីសង គ្រឿងញៀន ក៏ដូចជាអំពើចោរកម្មនេះ។ ផ្ទុយទៅវិញ នៅឯកាសុីណូ ហេង ហេង អន្លុងជ្រៃស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ជាយូរមកហើយនិងឥឡូវនេះ គេបានបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្លូក ទឹក ភ្លួកដី ដោយមិនមានសមត្ថកិច្ចឬស្ថាប័នណាចេញមុខហាមប្រាមនៅឡើយ។
ប្រភពបានឲ្យដឹងថា សព្វថ្ងៃនេះ កាសុីណូ ហេងហេង អន្លុងជ្រៃ បានបើកល្បែងជល់មាន់ បៀរ អាប៉ោង ហើយបានបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ដោយពុំខ្លាចរអែង លើសមត្ថកិច្ចរបស់អាជ្ញាធរមូលដ្ឋានបន្ដិចណានោះទេ ។
ក្រុមអ្នកញៀនល្បែងស៊ីសងបានឲ្យដឹងថា ល្បែងជល់មាន់ដែល បើកលេងក្នុងប្លុក កាស៊ីណូខាងលើនោះ គឺមាន់ខ្នាយដែក១គូគេហ៊ានបើកឲ្យចាក់ភ្នាល់រហូតដល់ទៅ១ម៉ឺនដុល្លារផងក៏មាន ហើយ ក្រៅពីល្បែងជល់មាន់ ក៏មានល្បែងអាប៉ោង បៀរ ចាក់លុយរាប់មុឺនដុល្លាទៀតផង។ ពួកគាត់ មិនដែលឃើញសមត្ថកិច្ចពីស្ថាបន័ណាមួយនៅក្នុងខេត្តត្បូងឃ្មុំទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ទាំងនោះម្តងណាឡើយ ។
ស្ថានភាពបែបនេះ ពលរដ្ឋនៅខេត្តត្បូងឃ្មុំក៏ដូចខេត្តជាប់ព្រំប្រទល់បានបង្ហាញក្ដីព្រួយបារម្ភ លើបញ្ហាអសន្តិសុខដែលមានដើមចមចេញមកពីបនល្បែងស៊ីសងខាងលើនេះណាស់។ ហេតុនេះហើយ ពួកគាត់បានទទូចស្នើសុំឲ្យអាជ្ញាធរ មូលដ្ឋាន គណៈបញ្ជាការខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលគប្បីរឹតបន្តឹងលើបញ្ហាសន្តិសុខ ដោយត្រូវតែលុបបំបាត់រាល់បនល្បែង ស៊ីសងឲ្យស្របតាមនយោបាយភូមិឃុំមានសុវត្ថិភាព ៕ អ្នកចំការ