ភ្នំពេញ៖ លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា បានប្រាប់អ្នកយក ព័ត៌ មាននគរវត្តឲ្យដឹងថា នេះជាលើកទី២ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការ ណ៍ប្រកួតកីឡាប៉េតង់និងប៊ូលជើងឯកអាស៊ី ដែលក្នុងឆ្នាំ២០០១ធ្វើនៅក្រុងតាខ្មៅ ហើយលើកទី២នេះធ្វើនៅ រាជធានីភ្នំពេញ ដែលមានរយៈពេល៣ថ្ងៃ មានសមាសភាពប្រតិភូមកពី១១ប្រទេសរាប់ទាំងម្ចាស់កម្ពុជា ខ្លួនឯងផង។
លោក សូម៉ៃ សុខគា មានប្រសាសន៍បន្តទៀតថា ដំណើរមកដល់ របស់ប្រតិភូកីឡាប៉េតង់និងប៊ូលបានមកដល់ប្រទេសកម្ពុជាតាំងពីថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០១៥ដូចជា ប្រតិភូ កីឡាប៉េតង់ របស់ប្រទេស ឥណ្ឌា ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ ជប៉ុន ហើយសម្រាប់ថ្ងៃទី១៦ធ្នូម្សិលមិញ ក្រុមប្រតិភូទាំង១០ប្រទេសបានជួបជុំ គ្នានាល្ងាចថ្ងៃដដែល ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការ បច្ចេកទេស មុនពិធីបើកការប្រកួតផ្លូវការនៃព្រឹត្តិការណ៍ប្រកួតជាកីឡាប៉េតង់និងប៊ូលជ្រើសរើសជើងឯកអាស៊ីលើកទី១៩ ដែលប្រទេសកម្ពុជាទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ លើកទី២នេះ។
អគ្គលេខាធិការសហព័ន្ធកីឡាប៉េតង់និងប៊ូលរូបនេះបានបន្តទៀតថា គម្រោងរបស់សហព័ន្ធនិងក្រសួង អប់រំយុវជននិងកីឡា ត្រៀមចំនួន១២ប្រទេសទាំងម្ចាស់ខ្លួនឯង ប៉ុន្តែប្រទេសម៉ុងហ្គោលីបានអវត្តមាន ដោយសាររហូតមកដល់ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៥ ហើយប្រទេសនេះ នៅមិនទាន់មានឆ្លើយតប ថា តើមានប្រតិភូប៉ុន្មាននាក់មកចូលរួមឡើយ ដូច្នេះគណៈកម្មការចាត់ទុកថា ប្រទេសម៉ុងហ្គោលីបោះ បង់សិទ្ធិចូលរួមប្រកួតជើងឯកកីឡាប៉េតង់និង ប៊ូលអាស៊ីលើកទី១៩នេះហើយ។
លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា មានប្រសាសន៍ថា ចំពោះព្រឹត្តិការណ៍ ប្រកួតកីឡាប៉េតង់និងប៊ូល ជើងឯកអាស៊ីលើកទី១៩នេះ ក្រសួងអប់រំយុវជននិងកីឡា ជាអ្នករ៉ាប់រងទទួល បន្ទុកធ្វើបដិសណ្ឋារកិច្ចក្រុមប្រតិភូកីឡា និងការចំណាយ កន្លែងស្នាក់នៅ ហូបចុករហូតដល់ចប់កម្មវិធី។
លោកបានបន្តទៀតថា តាមរបាយការណ៍របស់គណៈកម្មការគ្រប់គ្រងកម្មវិធីបានឲ្យដឹងថា ប្រតិភូ សរុបមាន១៦៨នាក់ មានចំនួន១១ប្រទេសចូលរួមមានដូចជា ប្រទេសឡាវ ថៃ វៀតណាម សិង្ហបុរី ប្រ៊ុយណេ ចិនតៃវ៉ាន់ ជប៉ុន ឥណ្ឌូនេស៊ី ឥណ្ឌា ម៉ាឡេស៊ី និងកម្ពុជាម្ចាស់ផ្ទះ។
គួររំលឹកថា កម្មវិធីបើកជាផ្លូវការ នៃការប្រកួតកីឡាប៉េតង់និងប៊ូល ជើងឯកអាស៊ី លើកទី១៩ នឹងប្រ ព្រឹត្តទៅនៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងពហុកីឡដ្ឋានជាតិ ចំពោះកីឡាករកីឡាការិនី កម្ពុជាក៏មានភារកិច្ចធ្ងន់ សម្រាប់ការពារតំណែងជើងឯកកីឡាប៉េតង់អាស៊ីលើកទី១៨ ធ្វើនៅប្រទេសឡាវ កាល ពីឆ្នាំ២០១៤កន្លងទៅដែរដោយកាលនោះយើងទទួលបានមេដាយមាស៤គ្រឿង មេដាយប្រាក់១គ្រឿង និងពានរង្វាន់សមាគម១បន្ថែមទៀត ៕ សារីម