ភ្នំពេញ៖ជិតគ្រប់ខែក្នុងការសម្រាល តំណក់ឈាមដំបូង នៅ សូនីតា កាន់តែបង្ហាញអារម្មណ៍សប្បាយរីករាយនឹងការរងចាំមើលមុខកូនប្រុស។ អ្វីដែលគេចាប់អារម្មណ៍តារាស្រីរូបនេះនិងកូនក្នុងផ្ទៃក៏ទទួលបានលាភសំណាងមួយមួយតាមរយៈការចូលរួមថតផ្សព្វផ្សាយផលិតផលថែរក្សាសុខភាពមាតា និងទារកផងដែរដែលគេដឹងថាកូនប្រុសនាងអាចមានឱកាសរកលុយចាប់តាំងពីនៅក្នុងផ្ទៃម៉្លេះ។
កន្លងមកសិល្បករមួយចំនួនដូចជាពិធីការិនី គង់ សុជាតិ និងតារាសម្តែង គង់ ចាន់ស្រីមុំក៏ធ្លាប់ទទួលបានឱកាសថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមផលិតផលទឹកដោះគោថែរក្សាសុខភាព ដែលគេដឹងថាការថតនេះទទួលបានប្រាក់ចំណូលច្រើនគួរសម ហើយក៏អាចទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជនផងដែរ។ នៅ សូនីតា ដែលធ្មេចបើកៗ នឹងសម្រាលកូនប្រុសលើកដំបូងដំណក់ឈាមរួមគ្នាជាមួយលោក ទិត្យ ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅអំឡុងកក្កដាខាងមុខនេះហើយ។ ទោះមានផ្ទៃពោះសម្រស់តារាស្រីរូបនេះនៅតែមិនថមថយសូម្បីតែការតុបតែងខ្លួនរបស់នាង នៅតែទាន់សម័យ និង សិចស៊ីមិនធម្មតា ខណៈដែលមិត្តភក្តិរបស់នាងតែងតែហៅថាជា Mommy Gold ផងដែរ ។
ក្នុងនោះក៏មានការសរសើរពីសម្រស់របស់ នៅ សូនីតា ដែលមិនបាក់ស្រុត បើទោះជានាងកំពុងពពោះក៏ពិតមែន ហើយថែមទាំងទទួលបានការថតបង្ហាញផលិតផលផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ។ នាងបានដាក់ឈ្មោះកូនប្រុសជាស្រេចថាឈ្មោះ “សង្ក្រាន្ត” ហើយនាងតែងតែធ្វើដំណើរទៅពិនិត្យសុខភាព ដំណើរកម្សាន្ត និងទិញទំនិញពីប្រទេសថៃមកលក់ជាធម្មតាដដែល។
គួរបញ្ជាក់ដែរថា តារាសម្តែង នៅ សូនីតា ត្រូវបានគេទម្លាយថាបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយលោក ទិត្យ ថាវរិទ្ធិ ជាយូរមកហើយ ហើយបើទោះបីជាពួកគេមិនទាន់រៀបចំមង្គលការទ្រង់ទ្រាយធំដុំពិតមែន ប៉ុន្តែពួកគេបានរៀបចំពិធីតាមប្រពៃណីមួយចំនួនដើម្បីឲ្យមេបា និងញាតិសណ្តានបានដឹងលឺ។ នាងទទួលបានក្តីស្រលាញ់ខ្លាំងពីស្វាមី ហើយក៏ទទួលបានងារជាជំទាវពេញមុខមាត់ផងដែរក្រោយពីស្វាមីត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងវប្បធម៌កាលពីប៉ុន្មានខែមុននេះ៕ ដោយ វឌ្ឍនា