ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី “ ប្រកួតប្រជែងនិយាយនិយាយជាសាធារណៈកម្រិតប៊ែលធី(Beltei Level) លើកទី៥ ឆ្នាំ២០១៩ សម្រាប់សិស្សចំណេះទូទៅ ថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ដែលមានបេក្ខ ជនចំនួន ៧១នាក់ ដែលមានចំណាត់លេខ១ តាមសាខាទាំង១៩ និងចូលរួមប្រកួតប្រជែងដណ្តើមជ័យលាភី ក្រោមអធិបតីភាព លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអគ្គនាយក ប៊ែលធីគ្រុប និងលោកស្រី កាលពីរសៀលថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០១៩ ។
លោក លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលា ប៊ែលធី អន្តរជាតិបានអោយដឹងថា បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន២២ សាខា ក្នុងនោះ ២០សាខា កំពុងដំណើរការ និង០២សាខា កំពុងសាងសង់ ដែលមានសិស្សកំពុងសិក្សាចំនួនជាង ៤២ ០០០នាក់ និងបុគ្គលិកបម្រើការងារ ប្រមាណ ២ ២១៥នាក់ផងដែរ ។ បច្ចុប្បន្ននេះ សាលាបានទទួលសិទ្ធិផ្ដាច់មុខ លើកម្មវិធី“គណនាលេខរហ័ស” IMA ពីប្រទេសម៉ាឡេស៊ី(Franchise) ក្នុងការអប់រំ និងផ្ដល់ចំណេះដឹងលើកម្មវិធីនេះ ។ ការសិក្សាវគ្គ អាយ អឹម អេ នឹងជួយដល់ការបង្កើតល្បឿននែការគិតលេខ និងអភិវឌ្ឍ ក្នុងការប្រើប្រាស់ខួរក្បាលរបស់កុមារឱ្យមានភាពវ័យឆ្លាត ស្ទាត់ជំនាញ និងឆាប់រហ័ស តាមរយៈការប្រើប្រាស់ ឧបករណ៍ក្បាច់(abacus) និងបច្ចេកទេសបង្រៀនបែបវិទ្យាសាស្ត្រទំនើប។
ក្នុងឱកាសនោះដែរ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះ សិស្សជ័យលាភីទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យនាពេលនេះ និងបានថ្លែងអំណរគុណចំពោះ មាតាបិតា និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញឲ្យកូនៗបានសិក្សាបន្ថែមនៅផ្ទះ និងគោរពវិន័យសាលាបានល្អ។
ជាចុងក្រោយ លោកបណ្ឌិត ក៏បានប្រគល់មេដាយមាស ប្រាក់ សំរិទ្ធ និងរង្វាន់លើកទឹកចិត្ត ជូនដល់សិស្ស ជ័យលាភី កម្រិតទី៣ ទី៦ ទី៩ និងទី១២ ចំនួន ១២នាក់ផងដែរ៕ ស រស្មី