បងថ្លៃមើលមុខប្អូនថ្លៃ យកអង្រែបុកគ្រឿងវាយទៅលើប្អូនថ្លៃខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់បានទិញស្រាមកផឹកនៅក្រោមផ្ទះឪពុកក្មេករបស់ខ្លួន ខណៈកំពុងផឹកឃើញប្អូនថ្លៃខ្លួនមកអង្គុយក្បែរ ក៏មើលមុខឌឺដង រួចបង្កជាជម្លោះ រហូតប្រតាយប្រតប់គ្នាទៅវិញទៅមក ភ្លាមបុរសជាបងថ្លៃបានស្ទុះទៅយកអង្រែបុកគ្រឿងមកវាយទៅលើប្អូនថ្លៃខ្លួនឯង បណ្ដាលឲ្យរងរបួសយ៉ាងដំណំ រីឯបុរសសង្ស័យជាបងថ្លៃត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ។ ករណីខាងលើនេះ បានកើតឡើង នៅថ្ងៃព្រហស្បត៍ ទី២៣ ខែឧសភា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិ ពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សុខ ផែន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រីឯជនរងគ្រោះឈ្មោះ ហ៊ាន សៀងហ័ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ។ ជនសង្ស័យនិងជនរងគ្រោះត្រូវជាបងប្អូនថ្លៃនឹងគ្នា មានទីលំនៅភូមិពោធិមង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានអង្រែឈើមូលសំរាប់បុកគ្រឿង១ ប្រវែង០,២១ម៉ែត្រ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យជាបងថ្លៃ បានទៅទិញស្រាចំនួន១លីត្រ យកមកផឹកក្រោមផ្ទះឪពុកក្មេករបស់ខ្លួន ជាមួយនិងប្អូនថ្លៃម្នាក់ទៀតឈ្មោះ ឆាត ។ ខណៈដែលកំពុងផឹក ស្រាប់តែជនរងគ្រោះជាប្អូនថ្លៃឈ្មោះ ហ៊ាន សៀងហ័ន បានមកអង្គុយលេងនៅលើគ្រែក្បែរជនសង្ស័យផឹកដែរ ភ្លាមនោះ ជនសង្ស័យក៏មើលមុខជនរងគ្រោះក្នុងលក្ខណៈឌឺដង ដោយមានការងឿងឆ្ងល់ ភ្លាមនោះជនរងគ្រោះក៏បានសួរទៅជនសង្ស័យវិញថា៖ ម្តេចក៏មើលមុខអញម្ល៉េះ? ភ្លាមនោះជនសង្ស័យ បានឆ្លើយតបវិញថា៖ ម្តេចមើលមុខអត់បាន មុខដាំពេជ្រមែន? ។

បន្ទាប់ពីមើលមុខឌឺដងដាក់គ្នារួច ស្រាប់តែជនសង្ស័យនិងជនរងគ្រោះ បានប្រតាយប្រតប់គ្នា ទៅវិញទៅមក ឆ្លៀតពេលនោះ ជនសង្ស័យ បានយក អង្រែបុកគ្រឿង ដែលទុកនៅលើគ្រែ មកកាន់វាយទៅលើ​ជនរងគ្រោះ ចំចញ្ចើមភ្នែកខាងស្តាំចំនួន១អង្រែ និងវាយក្បាលព្រមទាំងយកអង្រែទៅបុកមាត់របស់ជនរងគ្រោះ បណ្តាលឲ្យជនរងគ្រោះមានរបួសយ៉ាងដំណំ ភ្លាមៗនោះ  ឪពុកក្មេក និងប្រពន្ធរបស់ជនរងគ្រោះ បាន​ជួយឃាត់ បំបែកចេញពីគ្នា រហូតមកដល់ថ្ងៃទី២៤ ខែឆ្នាំដដែល វេលាម៉ោង១៤និង៣០នាទី ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីសមត្ថកិច្ចទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យ  រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី  ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print