ភ្នំពេញ៖ បុរសម្នាក់បានចូលច្រៀងខារ៉ាអូខេដោយសារតែស្រវឹងខ្លាំងពេក ខឹងនារីជាមេការបានទះកំភ្លៀងនាងមួយដៃបណ្តាលអោយរងរបួសស្រាល នៅក្នុងហាងខារ៉ាអូខេ អឹមភឺរៀល ។
កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ក្នុងខារ៉ាអូខេ អឹមភឺរៀល ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ១៩៨៦ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នារីមេការងគ្រោះមានឈ្មោះ ស្រី លក្ខណ៍ អាយុ២៧ឆ្នាំ មុខរបរមេការ ស្នាក់នៅផ្ទះជួលនៅម្ដុំកាំកូស៊ីធី ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ស្រុកកំណើតក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ចំណែកជនបង្កមិនស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា មានអាយុប្រមាណជា២៧ឆ្នាំ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបនាងបានចូលក្នុងបន្ទប់ដែលជនបង្កច្រៀង ពេលនោះជនបង្កបានដេញនាងចេញក្រៅ នាងក៏ដើរចេញ លុះចប់ម៉ោងធ្វើការ នាងបានចូលទៅក្នុងបន្ទប់នោះម្តងទៀត ដើម្បីបបួលមិត្តភក្ដិស្រីម្នាក់ទៀតទៅញាំស៊ុប ពេលចូលទៅដល់ ស្រាប់តែជនបង្កបានដេញនារីនាង(មេការ)ចេញក្រៅម្តងទៀត តែនាងប្រាប់ថាដល់ម៉ោងហើយៗខ្ញុំហៅមិត្តខ្ញុំទៅញាំស៊ុបតើ ពេលនោះជនបង្កខឹងក៏ស្ទុះមកទះកំភ្លៀងនាងចំនួនមួយដៃបណ្តាលអោយរងរបួសស្រាល ហើយបុរសសង្ស័យបានដើរចេញ មកខាងក្រៅហាងបានស្រែកឡូឡា ហើយបាននិយាយទាំងក្អេងក្អាងថា ចង់ហៅអ្នកណាមក ក៏គេមិនខ្លាចដែរ។
ក្រោយមក ខាងនារីរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគម៍។ នៅពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាងនិយាយមិនត្រូវគ្នា ក៏ត្រូវបានសមត្ថកិច្ចនាំអ្នកទាំងពីរទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីដើម្បីដោះស្រាយ ។ លុះនៅពេលមកដល់ប៉ុស្ដិ៍នគរបាល អ្នកទាំងពីរបាននិយាយសម្របសម្រួលគ្នាជិតកន្លះម៉ោង ទម្រាំជនបង្កព្រមទទួលកំហុសហើយនារីរងគ្រោះយល់ថា ជនបង្កជាភ្ញៀវធ្លាប់ចូលមកច្រៀងកន្លែងនោះផង ក៏ព្រមសម្របសម្រួលដោយអោយជនរងគ្រោះសំទោសនិងគ្រាន់តែធ្វើកិច្ចសន្យាដើម្បីបញ្ចប់រឿង ៕
ដោយ៖ តុង សីហា