(វិភាគ ៖ ចិនសាកល្បង់មីសីលឆ្លងទ្វីប បំពាក់ក្បាលគ្រាប់បររមាណូ ​ចេញពីនាវាមុជទឹក ព្រមានអាមេរិក

ចែករំលែក៖

រយៈពេលចុងក្រោយនេះ ប្រទេសមហាអំណាចបរមាណូ ធំៗទាំង​៣ គឺ អាមេរិក រុស្ស៊ី និងចិន បានសាកល្បង អាវុធបរមាណូជាបន្តបន្ទាប់ ។  កាលពីខែឧសភា អាមេរិកបានសាកល្បងអាវុធមីស៊ីលឆ្លងទ្វីបបំពាក់ក្បាលគ្រាប់បរមាណូ​ ។ ហើយពេលថ្មីៗនេះ បានសាកល្បងអាវុធនុយក្លេអ៊ែរកម្រិតទាប ។

លោកឧត្តមសេនីយ៍ឯក Robert P. Ashley បានថ្លែងនៅក្នុងវេទិកាគ្រប់គ្រងអាវុធ នៅឯវិទ្យាស្ថាន Hudson ដោយបានបញ្ជាក់ថា «សហរដ្ឋអាមេរិកជឿថា រុស្ស៊ី ប្រហែលជាមិនយកចិត្តទុកដាក់ទៅលើការថែរក្សាកិច្ចព្រមព្រៀង មិនសាកល្បងអាវុធនុយក្លេអ៊ែរ ឲ្យដល់កម្រិតសូន្យនោះឡើយ» ។

នៅដើមខែមិថុនា​នេះ ចិនក៏បានចាប់ផ្តើមសាកល្បងមីសីលឆ្លងទ្វីបបំពាក់ក្បាលគ្រប់បរមាណូ ។គេហទំព័រ  Defence Blog ​បានផ្សាយថា កម្លាំងទាហានជើងទឹកចិន បានបាញ់សាកល្បងកាំជ្រួចមីស៊ីល JL-3 ថ្មីចេញពីនាវាមុជទឹក ​កាលពីថ្ងៃទី​២ខែមិថុនា​ដោយជោគជ័យ​។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងទាហានជើងទឹកចិន បានបាញ់កាំជ្រួចមីស៊ីល ចេញពីនាវាមុជទឹក នៅតំបន់សមុទ្រ​ Bohai ​ជិតកោះ​ Shandong នៅវេលាម៉ោង​៤និង​២៨នាទី  ថ្ងៃទី​២ខែមិថុនា ។

ប្រជានេសាទ ចិន បានមើលឃើញ​ការបាញ់មីស៊ីលខាងលើ  ប៉ុន្តែមកទលពេលនេះកម្លាំងទាហានចិនមិនទាន់បានបញ្ជាក់ ពីព័ត៌មានខាងលើនៅឡើយទេ​។

កាំជ្រួចមីស៊ីល​ JL-3 ​ជាប្រភេទមីស៊ីលសម្រាប់បាញ់ចេញពីនាវាមុជទឹក ជំនន់ទី​៣របស់កម្លាំងទាហានជើងទឹកចិន ។​មីស៊ីលនេះអាចបាញ់បានចម្ងាយដល់ទៅ​១៤០០០គីឡូម៉ែត្រ អាចបំពាក់ក្បាលគ្រាប់បរមាណូ១០គ្រាប់ ។

កន្លងមក មន្ត្រីគ្រប់គ្រងដែនសមុទ្រខេត្ត លីនីញ ប្រទេសចិន​បាន ចេញបញ្ចាឲ្យក្រុមអ្នកនេសាទ ចេញពីតំបន់សមុទ្រ​  Bohai ដើម្បីឲ្យកម្លាំងទាហាន ជើងទឹកចិនធ្វើសមយុទ្ធនៅថ្ងៃទី​២ខែមិថុនា ។

រយពេលកន្លងមក មិនសូវមានព័ត៌មានស្តីពីមីស៊ីល​ឆ្លងទ្វីប​ JL-3​របស់ចិនបានផ្សាយជាសាធារណនោះឡើយ ។ មីស៊ីលនេះត្រូវបានផលិតឡើងដើម្បី បំពាក់នៅក្នុងនាវាមុជទឹក ដើរដោយថាមពលបរមាណូ ​Type 96 ។

ដកម្មភាពសាកល្បងអាវុធ បរមាណូ របស់ចិន ក៏ដូចជារុស្ស៊ី គឺដោយសារតែ អាមេរិក ប៉ុណ្ណោះ​ ។ អាមេរិកបាន អនុវត្តគោលនយោបាយ អាត្មានិយម ដោយដាក់គំនាបទៅលើទាំងប្រទេសរុស្ស៊ី និង ចិន​ ។ ចាប់តាំងពីលោកត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី អាមេរិក  លោកត្រាំបានចាប់ផ្តើមអនុវត្តគោលនយោបាយ​អាមេរិកជាដំបូង «America First»

ប៉ុន្តែនៅពេលនេះ​ ក្រុមអ្នកឯកទេស វិភាគបានលើកឡើងថា គោលនយោបាយ «America First»  របស់លោកត្រាំ​នៅពេលនេះ កមពុងតែ ប្រែក្លាយទៅ ជា «America Alone » ។ អាមេរិកកំពុងតែនៅឯការ នៅក្នុងពិភពលោក​ដោយសូម្បីតែសម្ព័ន្ធមិត្ត ក៏ចាកចេញពីអាមេរិកផងដែរ​។

ទីក្រុងវ៉ាស៊ីនតោនកំពុងតែដើរនៅលើផ្លូវ ដែលកាត់ផ្តាច់ខ្លួនឯងពីពិភពលោក តាមរយៈការបង្កជម្លោះពាណិជ្ជកម្ម ប្រឆាំងនឹងដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួន និងមើលងាយចំពោះស្មារតីនៃការធ្វើពាណិជ្ជកម្មដោយសេរី និងប្រព័ន្ធពាណិជ្ជកម្មសកល ដែលប្រទេសដទៃទៀតនៅជុំវិញពិភពលោក បានទទួលយកយ៉ាងទូលំទូលាយ។ ជាលទ្ធផលការងើបឡើងវិញនៃសេដ្ឋកិច្ចសកល ត្រូវស្ថិតក្រោមហានិភ័យទៅវិញ។

ប្រទេសធំៗមួយចំនួននៅអឺរ៉ុប ក៏បានមិនយល់ស្របជាមួយទីក្រុងវ៉ាស៊ីនតោនឡើយ ជុំវិញការសម្រេចដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុន Huawei។ តួយ៉ាងដូចជា អធិកាបតីអាល្លឺម៉ង់ លោកស្រី អេនជែឡា មើរគែល (Angela Merkel) បានប្រកាសប្រកាន់គោលជំហរដដែលថា បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei នៅតែស្វាគមន៍ឲ្យចូលរួមប្រកួតប្រជែងក្នុងទីផ្សារអន្តរជាតិ។

រីឯប្រធានាធិបតីបារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា បារាំង និងអឺរ៉ុប ជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការ គឺមិនរើសអើងនរណាម្នាក់ឡើយ។ នៅអាស៊ីវិញនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បានថ្លែងគាំទ្រក្រុមហ៊ុន Huawei ដោយគូសបញ្ជាក់ច្បាស់ៗថា ប្រទេសលោកនឹងបន្តប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុននេះ ដើម្បីជាប្រយោជន៍ និងមិនខ្វល់ពីការបម្រាមរបស់អាមេរិក មកលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិននេះ និងអ្នកបន្តប្រើប្រាស់ Huawei នោះឡើយ។

មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនក៏កាន់តែទម្លាប់ខ្លួនក្នុងការប្រើប្រាស់ ឋានៈដែលជាប្រទេសមហាអំណាច ទៅដើរជិះជាន់ធ្វើបាបអ្នកដទៃ ដើម្បីតែប្រយោជន៍ខ្លួនឯង។ ដូចជាករណីតួកគីជាដើម អាមេរិកបានព្រមានដាក់ពិន័យ ផ្នែកសេដ្ឋកិច្ចលើតួកគី ប្រសិនបើតួកគីមិនលុបចោលកិច្ចព្រមព្រៀង ទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីទេនោះ ហើយបានបញ្ចុះបញ្ចូលចង់ឲ្យតួកគី ងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់អាមេរិកវិញដែលមានតម្លៃថ្លៃលើស S-400 រហូតដល់ទៅ ០៧ដង។

ខណៈដែលខ្លួនកំពុងព្យាយាមលេងផ្លូវអាក្រក់ក្នុងវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្ម ទីក្រុងវ៉ាស៊ីនតោនក៏កំពុងតែបង្រួញភាពទទួលខុសត្រូវ នៅលើឆាកអន្តរជាតិផងដែរ។ ក្នុងរយៈពេលមិនដល់ ០៣ឆ្នាំឡើយ សហរដ្ឋអាមេរិកបានដើរចេញពីកិច្ចព្រមព្រៀង និងស្ថាប័នអន្តរជាតិធំៗជាច្រើនរួមមាន កិច្ចព្រមព្រៀងទប់ស្កាត់ បញ្ហាបម្រែបម្រួលអាកាសធាតុទីក្រុងប៉ារីស, កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់, សន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយរុស្ស៊ី INF, ព្រមទាំងស្ថាប័នអប់រំវិទ្យាសាស្រ្ត និងវប្បធម៌របស់អង្គការសហប្រជាជាតិជាដើម។

គោលការណ៍ចម្បងដែលយកខ្លួនឯងជាសំខាន់របស់សហរដ្ឋអាមេរិក (America First) កំពុងធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសឯកោ (America Alone) ព្រោះថា ស្ថិតក្នុងសម័យសកលភាវូបនីយកម្ម គ្រប់ប្រទេសនានាត្រូវតែចេះរួមសហការ ដើម្បីឆ្ពោះទៅរកការរីកចម្រើនលូតលាស់ទាំងអស់គ្នា ប៉ុន្តែគ្មាននរណាម្នាក់ ចង់បានដៃគូដែលមានភាពក្រអឺតក្រទម ចូលចិត្តប្រើអំណាចគាបសង្កត់ និងប្រែប្រួល ដូចចុងស្រល់ឡើយ ដោយប្រទេសបែបនោះនៅលើឆាកអន្តរជាតិ មានដៃគូ និងអ្នកដើរតាមតិច ហើយនៅទីបំផុតប្រទេសនោះអាចនឹងធ្លាក់ខ្លួនទៅជា ប្រទេសមហាអំណាចខ្លួនមួយជាក់ជាមិនខាន៕ 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print