ភ្នំពេញ៖ នេះជាលើកទី២ហើយ ដែលការដំណើរនីតិវិធីរបស់មន្ត្រីនគរយុត្តិធម៍ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃតែងឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង ធ្វើកំណត់ហេតុស្តាប់ចម្លើយ និងមិនបានសំយោគបទល្មើសបញ្ជូនទៅសាលាដំបូង។
លោកទី១ លោកនាយនគរបាល ជាអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទី២ លោកស័ក្តិ៣ លួចច្បាស់ក្រឡែត ទៅជារឿងច្រឡំដៃ។
ដូច្នេះករណីទី១ ត្រូវអគ្គព្រះរាជអាជ្ញា ចេញអធិបញ្ជា ទើបបញ្ជូនជនបង្កទៅសាលាដំបូង។ ករណីទី២ រឿងចោរហើយ ថាមិនបានលួចទៀត ប្រព្រឹត្តដោយនគរបាលពាក់ស័ក្តិ៣ មានសន្តានមិនថ្លៃថ្នូ ក៏ត្រូវនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បញ្ជាអោយបញ្ជូនសំណុំរឿងទៅសាលាដំបូង។
មជ្ឈដ្ឋានមហាជនពិតជាពុះកញ្ជ្រោលឈឺឆ្អាលរិៈគន់ក្នុងរឿងមិនប្រក្រតីខាងលើនេះ ពិសេសរុំព័ទ្ធដោយសាររិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook ចុងក្រោយនៅពេលនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។
ក្នុងនោះនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយ នៅមុននេះបន្ដិចថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។
មន្រ្តីនគរបាលរូបនេះ កាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ បានចូលទៅដកលុយនៅហាងវីងមួយកន្លែងយីហោ «រស្មី សាមគ្គី» ស្ថិតនៅក្នុងខណ្ឌទួលគោក ស្រាប់តែបន្លំលួចយក iPad មួយគ្រឿងទៅបាត់ រួចក៏ត្រូវម្ចាស់ហាងយកទៅបង្ហោះល្បីពេញបណ្តាញសង្គម Facebook និងមានគេ Share រាប់ពាន់នាក់។
ករណីមន្រ្តីនគរបាលពាក់ស័ក្តិ៣ម្នាក់ បានលួចយក iPad នៅក្នុងហាងវីងមួយកន្លែង នៅខណ្ឌទួលគោកនោះ នៅតែក្លាយជាប្រធានបទក្តៅគគុក សម្រាប់អ្នកលេងសង្គម Facebook និងគ្រប់មជ្ឈដ្ឋានតែម្តង លើកជាចំងល់វាយលុកដល់មន្ត្រីអនុវត្តច្បាប់ តុលាការ ថាខ្វះការទទួលខុសត្រូវលើការងាររបស់ខ្លួនមិនប្រកបដោយគុណធម៍ ។
ការដោះលែងនេះក៏មានមន្រ្តីរាជរដ្ឋាភិបាលមួយចំនួន និងមន្រ្តីសមត្ថកិច្ចជាន់ខ្ពស់ដទៃទៀត ព្រមទាំងលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានទូរស័ព្ទមកជាបន្តបន្ទាប់មកកាន់អង្គភាពសារព័ត៌មាន ថា ហេតុអ្វីបកស្រាយ និងអនុវត្តន៍យ៉ាងដូច្នេះទៅវិញ ដែលនាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនគរបាលជាតិទៀតផង។ ហេតុអ្វីមិនបញ្ជូនទៅកាន់តុលាការសិន ដើម្បីកាត់ទោស ឬរកមេធាវីការពារខ្លួនដើម្បីដោះបន្ទុក ដើម្បីបង្ហាញថា រាល់ជនល្មើសទាំងអស់នឹងរងការកាត់ក្តី នៅស្ថាប័នតុលាការ មិនគួរណាមន្រ្តីសមត្ថកិច្ចជាអ្នកអារ-កាត់នោះទេ។
សូមរម្លឹកថា៖ រឿងមិនត្រឹមតែបញ្ជូនសំណុំរឿងមកតុលាការទេ គឺត្រូវបញ្ជូនលោកនគរបាលស័ក្តិ៣នោះមកដែរ ទើបស្របតាមនីតិវិធី និងទទួលការស្វាគមន៍ អបអរសាទរ ពីមហាជន មន្ត្រីរាជការ និងមន្ត្រីក្នុងជួររដ្ឋាភិបាលខាងលើៗផងដែរ៕
ដោយ៖ សិលា