សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១កើត ខែជេស ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប្រមាណ ៣,១៦១នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ក្នុងពិធីប្រគល់សញ្ញាបត្រនេះ មាននិស្សិតជ័យលាភីដែលបញ្ចប់ការសិក្សា (ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់) សរុប ៣,១៦១រូប (ស្រី ១,៤៨៨រូប)បរិញ្ញាបត្រជាន់ខ្ពស់ ១៤៤រូប (ស្រី៤៩រូប)។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញមកប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅថ្ងៃនេះ។ សម្តេចតេជោ ពិតជាមានមោទនភាពដែលថ្ងៃនេះ យើងបានទទួលបានធនធានមនុស្សនៃវិស័យអប់រំបន្ថែមទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយក្តីមោទភាពចំពោះភាពរីកចម្រើននៃវិស័យអប់រំរបស់ប្រទេសកម្ពុជា ដែលកម្ពុជាបានចាប់ផ្តើមឡើងពីចំនុចសូន្យ ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះក៏ទទួលរងនូវការបំផ្លិចបំផ្លាញស្ទើរតែខ្ទិចខ្ទីរផងដែរ ប៉ុន្តែក្រោយពីយើងទទួលបានសុខសន្តិភាព យើងបានចាប់ដំណើរការសាកលវិទ្យាល័យនេះឡើងវិញ និងធ្វើការបណ្តុះបណ្តាលធនធានមនុស្សយើងជាបន្តបន្ទាប់។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមទៀតរហូតដល់៥លានរៀលក្នុង១ខែ សំរាប់បុគ្គលិកដែលបំរើការងារនៅបណ្ណាល័យ ហ៊ុន សែន នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចង់អោយបណ្ណាល័យនេះ នៅតែដើរតួនាទីសំខាន់ជាទីកន្លែងសិក្សាស្រាវជ្រាវ និងការអានរបស់សិស្សនិសិ្សតគ្រប់រូប ដើម្បីអោយពួកគេទទួលបាននូវចំណះដឹងកាន់តែទូលំទូលាយ។ ទាក់ទងនឹងវិស័យអប់រំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងអាចកាត់បន្ថយគម្លាតខាងផ្នែកខួរក្បាលបាន ពីព្រោះមនុស្សយើងម្នាក់ៗកើតមកមិនបានយកអ្វីមកតាមខ្លួននោះទេ សំខាន់យើងត្រូវផ្តល់ និងជំរុញការអប់រំអោយស្មើៗគ្នាក្នុងការទទួលបាននូវចំណេះដឹង ចំណេះធ្វើផ្សេងៗ។

នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍អបអរសាទរចំពោះគោលនយោបាយថ្មី នៃការផ្តល់សាច់ប្រាក់ដល់ស្ត្រីក្រីក្រ ពេលមានផ្ទៃពោះ ពេលសំរាល រហូតដល់កូនមានអាយុ២ឆ្នាំ ដែលបានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី១មិថុនា ២០១៩តទៅ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានអោយដឹងថារយៈពេល២ថ្ងៃកន្លងមកនេះមានស្រ្តីក្រីក្រប្រមាណជា ៦០% ដែលបានមកទទួលសេវានេះ ដែលទទួលបាននូវការយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាល។ សម្តេចតេជោបានបន្តថា តាមរយៈគោលនយោបាយនេះ នឹងបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពមាតា និងទារក និងកាត់បន្ថយភាពក្រីរបស់ប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនេះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពេលនេះរដូវប្រាំងបានបញ្ចប់ ហើរដូវវស្សាវបានចូលមកក្នុងរយៈពេលជាង ២សប្តាបហ៍កន្លងមកហើយ យើងផុតកង្វល់អំពីបញ្ហាខ្វះទឹកប្រើប្រាស់ដែលពីមុនមានការកង្វក់ខ្លាំងណាស់ ប៉ុន្តែយើងបានដោះស្រាយបញ្ហានោះតាមរយៈការខិតខំនៅតាមទីកន្លែងខ្លះខ្វះទឹកបានជួយយកទៅផ្តល់ឲ្យប្រជាពលរដ្ឋ និងជីកបន្ថែមអណ្តូងទឹក ស្រះទឹក នៅទីនោះ ដែលបានធ្វើឲ្យការខ្វះទឹកសម្រាប់ការប្រើប្រាស់លែងព្រួយបារម្ភហើយ។ ប៉ុន្តែយើងនៅមានបញ្ហាទាក់ទិននឹងការខ្វះខាត់ទឹកផ្តល់ឲ្យទំនប់វារីអគ្គិសនីដែលធ្វើឲ្យអគ្គិសនីរបស់យើងគ្មានស្ថិរភាពនៅក្នុងការផ្គត់ផ្គង់សម្រាប់ការប្រើប្រាស់។ ឆ្នាំនេះបានផ្តល់បទពិសោធន៍ឲ្យយើងច្រើនដែលយើងត្រូវរកវិធីដោះស្រាយដើម្បីជៀសវាងបញ្ហាច្រំដែលនៅឆ្នាំខាងមុខ។ ជាក់ស្តែងថាមពលរវារីអគ្គិសនីរបស់យើងអាចផលិតថាមពលអគ្គីសនីបានប្រមាណជិត ១,៤០០មេហ្គាវ៉ាត់ ដែលមានទំនប់វារីអគ្គិសនី គីរីរម្យ១ , ទំនប់វារីអគ្គីសនីកំចាយ, ទំនប់វារីអគ្គិសនី គីរីរម្យ៣, ទំនប់វារីអគ្គិសនី ស្ទឹងអាតៃ , ទំនប់វារីអគ្គិសនី ស្ទឹងឬស្សីជ្រុំក្រោម, ទំនប់វារីអគ្គិសនី ស្ទឹងតាតៃ និងទំនប់វារីអគ្គិសនី សេសានក្រោម២ តែការផលិតថ្ងៃខ្លះផលិតមិនបានពាក់កណ្តាលផង ដែលជាចំនួនមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រាសាន៍ថា តាមរយៈរបាយការណ៍ក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នថាមពលអគ្គិសនីដើរដោយធ្យូងថ្មចំនួន ៣៧០ មេហ្គាវ៉ាត់ បានដំណើរការហើយ និងមានរោងចក្រមួយផ្សេងទៀតដែលអាចផ្តល់ថាមពលប្រមាណ ១៣៥មេហ្គាវ៉ាត់យើងបានខិតខំដាក់ឲ្យដំណើការក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទីក្រុងភ្នំពេញត្រូវតែត្រៀមថាមពលអគ្គិសនីប្រមាណ ៤០០មេហ្គាវ៉ាត់បន្ថែមទៀត ដែលបានអនុម័តថវិការ និងបានធ្វើការបញ្ជារទិញហើយ និងខិតខំធ្វើឲ្យបានរួចរាល់នៅក្នុងអំឡុងខែតុលាខាងមុខនេះ ដែលក្នុងនោះ ២០០មេហ្គាវ៉ាត់ទិញពីប្រទេស ប្រែសហ្វាងឡង់ និង២០០មេហ្គាវ៉ាត់ទិញពីប្រទេសអាល្លឺម៉ង់ ដែលប្រភពអគ្គិសនីទាំងពីរនេះប្រើដោយប្រេងខ្មៅ។ ហើយនៅពេលខាងមុខយើងនឹងបង្កើតប្រភពថាមពលអគ្គិសនីដែលដើរដោយថាមពលពន្លឺព្រះអាទិត្យបន្ថែមទៀត ដូច្នេះពេលរដូវវស្សាយើងអាចទទួលបានថាមពលអគ្គិសនីតាមរយៈប្រភពទឹកនៃវារីអគ្គិសនី, ធ្យូថ្ម , ហ្គាសផង និងប្រេងឥន្ទនៈដែរ ហើយពេលរដូវក្តៅវិញយើងមានប្រភពអគ្គិសនីតាមរយៈពន្លឺព្រះអាទិត្យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី សុំការអព្យាស្រ័យពីប្រជាពលរដ្ឋដែលកន្លងទៅមានការអាក់ខានដោយសារការកាត់ភ្លើងនៅតំបន់មួយចំនួនទៅបំពេញតំបន់ផ្សេងទៀត ដើម្បីធ្វើការផ្លាស់ប្តូរគ្នា ដែលធ្វើឲ្យប្រជាពលរដ្ឋយើងជួបការលំបាក តែតាមរយៈការខិតខំរបស់យើង ឆ្នាំក្រោយមិនមានរឿងច្រំដែលកើតឡើងអំពីរបញ្ហាខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតឡើយ។

មុននឹងបញ្ចប់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរដល់និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ សូមឲ្យទទួលបាននូវភាពជោគជ័យក្នុងការសិក្សា និងការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្តល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្នុងបរិយាកាសរីករាយក្រៃលែង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print