ភ្នំពេញ៖ ពិធីការិនីស្រីល្បីឈ្មោះ ឌួង ហ្សូរីដា ត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈចាប់ពីដើមខែមិថុនាឆ្នាំ២០១៩មក។ នាងបានបង្ហាញវត្តមានដោយការស្ម័គ្រចិត្តនៅខេត្តរតនគិរីដោយផ្ទាល់ក្នុងសកម្មភាពផ្សព្វផ្សាយពីការអភិរក្សសត្វដំរីនៅកម្ពុជា ខណៈដំរីគឺជាសត្វដែលកំពុងតែរងនូវភាពជិតផុតពូជដែរ។
ក្រោយលេចធ្លោរនឹងការងារសិល្បៈជាច្រើនឆ្នាំ ឌួង ហ្សូរីដា ទទួលបានការកោតសរសើរខ្លាំងពីកិច្ចការងារសង្គមជាច្រើនបន្តបន្ទាប់។ ថ្មីៗនេះនាងត្រូវបានសមាគមអភិរក្សដំរីអៃរាវត្តា តែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈ ក្រោយពីបាន
មើលឃើញពីគុណសម្បត្តិតាមរយៈសកម្មភាពចូលរួម និងឆន្ទៈចង់ជួយធ្វើកិច្ចការផ្នែកអភិរក្សសត្វដំរីនៅកម្ពុជា។ ក្នុងកិច្ចការងារសង្គមថ្មីនេះអតីតតារាសម្តែង និងពិធីការិនីរូបនេះរួមទាំងពិធីករលោក ហេរ៉ូ បានបង្ហាញវត្តមាននៅតំបន់ព្រៃភ្នំនៃខេត្តរតនគិរីដើម្បីធ្វើការស្វែងយល់បន្ថែមដោយផ្ទាល់ រួមទាំងចូលរួមសកម្មភាពផ្សព្វផ្សាយក្នុងបុព្វហេតុចូលរួមអភិរក្សសត្វដំរីនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែរងនូវភាពជិតផុតពូជដែរ។
អ្នកស្រី ខៃ ចិន្តា ប្រធានសមាគមអភិរក្សដំរីអៃរាវត្តា បានឲ្យដឹងថាកញ្ញ ឌួង ហ្សូរីដាមានលក្ខណៈគុណសម្បត្តិច្រើនដែលខាងយើងចាប់អារម្មណ៍បានពិចារណា និងដាក់សំណើទៅគាត់សម្រាប់តំណែងជាអគ្គរដ្ឋទូតសុច្ឆន្ទៈនេះហើយ អ្វីដែលសំខាន់គឺគាត់មានក្តីស្រឡាញ់ និងសប្បាយចិត្តជាមួយនឹងកិច្ចការសង្គមមួយនេះ បូករួមទាំងការជួយជាថវិកាផ្ទាល់ខ្លួន សកម្មភាពរៃអង្គាសប្រាក់ជួយដល់សកម្មភាពអភិរក្ស និងការលះបង់ពេលវេលាចូលរួមសកម្មភាពមួយនេះជាហូរហែ។
តបទៅនឹងសំណួរដែលចោទសួរតារាស្រីរូបនេះមូលហេតុអ្វីបានជានាងសម្រេចចិត្តចូលរួមដោយស្ម័គ្រចិត្តក្នុងកិច្ចការនេះនាងបញ្ជាក់ថា ដំរីគឺជាសត្វមួយដែលធំ និង អាយុវែងជាងគេទាំងអស់ក្នុងចំណោមសត្វស្រុកនិងព្រៃហើយ តំណាងនូវសេវ:ល្អ ប្រជាប្រិយភាព និង ជាទីគោរពស្រលាញ់នៃអ្នកផងទាំងពួង។ ពីក្មេងនាងក៏ធ្លាប់បានស្តាប់ការនិទានរបស់ឪពុកថា ដំរីជាសត្វដ៍ស្មោះត្រង់ តស៊ូ អំណត់ ព្យាយាមរាល់ការងារធ្ងន់ៗ ជាពិសេសតែស្រលាញ់និងចូលចិត្តអ្នកណាហើយ គឺស្នេហារបស់គេជាស្នេហាអមត:។នាងបន្តថាម្តាយនាងធ្លាប់ប្រាប់ថា ភ្នែករបស់ឪពុកខ្ញុំ តូចៗមាន២គន្លាក់ធំៗដូចសត្វដំរីអញ្ចឹង បានន័យថាភ្នែកប៉ាប៉ារបស់កូនដូចភ្នែក “ដំរី” ដូច្នេះហើយបានជាឪពុកខ្ញុំស្រលាញ់ ថ្នាក់ថ្នមម្តាយខ្ញុំនិងកូនៗដ៍ល្អបំផុត។ ភាពល្អរបស់ឪពុកខ្ញុំ បានធ្វើអោយម្តាយខ្ញុំរស់នៅជាស្រ្តីម៉េម៉ាយចិញ្ចឹមកូនៗតែម្នាក់ឯងរហូតជិត ២០ឆ្នាំដល់ពេលបច្ចុប្បន្ន បន្ទាប់ពីលោកចែកឋានទៅ។ នាងថាអាចជានិស្ស័យដែលបណ្តាលអោយជួបបងស្រី ចិន្តា ជាប្រធានសមាគមនអៃរាវត្តា ក្នុងកម្មវិធីជាច្រើននៃ CWEA ហើយនាងពិតជាមានមោទនភាពដែលបានចូលរួមសកម្មភាពសង្គមមួយនេះ៕ ដោយ វឌ្ឍនា