ភ្នំពេញ៖ មានរូបសម្រស់ស្រស់សោភា មិនគ្រាប់គ្រាន់នឹងធ្វើឲ្យតារាស្រីល្បីៗនៅកម្ពុជាមានភាពជឿជាក់ខ្លាំងនោះទេ ប៉ុន្តែក្រោយពេលរៀបចំខ្លួនស្លៀកពាក់នោះពួកគេក៏ត្រូវការអ្នកជំនាញតុបតែងមុខនិងធ្វើសក់ដើម្បីឲ្យស្រស់ពួកគេកាន់តែស្រស់ទ្វេឡើង។ យុវជន តាំងឡេងគ្រុយ ហៅ Love Vy គឺជាអ្នកជំនាញឈានមុខម្នាក់ដែលធ្លាប់ បានទទួលការគាំទ្រខ្លាំងពីតារាល្បីៗថាអាចធ្វើឲ្យសម្រស់ពួកគេកាន់តែស្អាតប្លែកថែមមួយកម្រិតទៀត។
ជំនាញនៃការច្នៃម៉ូតសក់ និងផាត់មុខកាន់តែមានភាពទំនើបទាន់សម័យស្របតាមការវិវឌ្ឍន៍នៃសង្គមបច្ចុប្បន្ន។ យុវជន តាំងឡេងគ្រុយ ហៅ Love Vy ត្រូវបានសិល្បករទទួលស្គាល់ថាមានទឹកដៃប៉ិនប្រសប់ ក្នុងជំនាញការតុបតែងមុខ និងច្នៃម៉ូតសក់។ផ្តើមជំនាញនេះជាច្រើនឆ្នាំ មកហើយឡេងគ្រុយ ប្រាប់ថា មានសិល្បករជាច្រើនដូចជាកញ្ញា មាន សូនីតា កញ្ញាម៉ៃយ៉ា អ្នកនាង គង់ ច័ន្ទស្រីមុំ កញ្ញា ឌុច លីដា និងកញ្ញាឯក Miss Universe Cambodia 2018 កញ្ញា រឿន ណាតជាដើម។ លោកថាលោកអាចក្តាប់បានឱកាសនៃការផាត់មុខធ្វើសក់ឲ្យតារាល្បីៗក្រោយពីលោកបានក្លាយជាមេជាងផាត់មុខសម្រាប់កូនក្រមុំក្នុងពិធីមង្គលការសម្រាប់សម្អាងការ មយូរ៉ាហ្គោល។ លោកថាជំនាញប៉ិនប្រសប់ ការច្នៃ ស្របតាមភាពទំនើបទាន់សម័យ ទទួលបានការចាប់អារម្មណ៍ និងសរសើរខ្លាំង រហូតសម្អាងការធំៗ នៅភ្នំពេញជាច្រើនទទួលស្គាល់ ។ យុវជនរូបនេះបន្តថា មើលឃើញពីតម្រូវការ និងការស្នើសុំរបស់អ្នកប្រកបរបរផ្នែកសម្អាងការ និងអ្នកចង់ក្លាយជាអ្នកជំនាញផាត់មុខធ្វើសក់ លោកបានបង្កើតសាលាបណ្តុះបណ្តាល ជំនាញទាំងនេះដែលមានឈ្មោះថា Love Vy’s Studio ដែលមានទីតាំងនៅផ្លូវលេខ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ លោកថាព្រោះតែចង់ចែករំលែកបទពិសោធន៍ និងជួយពង្រឹងសមត្ថភាពដល់អ្នកប្រកបរបរមួយនេះទើបលោកបង្កើតថ្នាលសិក្សាមួយនេះឡើងដែលធ្លាប់បានជំរុញឲ្យសិស្សដែលទើបសិក្សា និងចេះខ្លះៗហើយនោះកាន់តែមានជំនាញប្រកបដោយភាពប៉ិនប្រសប់។
អ្នកជំនាញផ្នែកសម្អាងវ័យក្មេងរូបនេះលើកឡើងថា ការស្រលាញ់ចូលចិត្តលើមុខជំនាញគឺជាទុនដ៏សំខាន់ ដើម្បីឈោងចាប់ឈ្មោះជាអ្នកជំនាញផ្នែកសម្អាង។ ការច្នៃប្រឌិត ការគោរពតួនាទី ការយកចិត្តទុកដាក់នឹងការងារ នឹងកាន់តែធ្វើឲ្យកេរឈ្មោះកាន់តែល្បីល្បាញ ហើយលោកនឹងបន្តចែករំលែកចំណេះដឹងដែលខ្លួនមានទៅកាន់អ្នកមានមុខរបរសម្អាងការ ពិសេសយុវជនជំនាន់ក្រោយដែលស្រលាញ់ចូលចិត្ត ឲ្យពួកគេទទួលបានចំណេះជំនាញមិនសាបសូន្យ មានមុខរបរត្រឹមត្រូវ ទទួលបានការផ្តល់កិត្តិយស និងមានប្រាក់ចំណូលមួយដែលអាចទទួលយកបាន។ លោករំពឹងដែរថាអ្នកជំនាញផ្នែកសម្អាងកាយកាន់តែច្រើន នឹងជួយលើកមុខមាត់ វិស័យសិល្បៈច្នៃម៉ូដ និងសម្អាងកាយកាន់តែលេចធ្លោរលើឆាកជាតិ និងអន្តរជាតិ៕ ដោយ វឌ្ឍនា