កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទទៅលើដំណោះស្រាយមួយដើម្បីប្រឆាំង និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុមរដ្ឋអិស្លាម ក៏ដូចជាកាត់ផ្តាច់លំហូសេដ្ឋកិច្ចកុំឲ្យចូលទៅកាន់ក្រុមនេះផងដែរ ។
រដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិក លោក Jacob Lew បានដឹកនាំឲ្យមានកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមិនធ្លាប់មានពីមុនមក ដើម្បីស្វែងរកគន្លឹះការទូតមួយឈានដល់បញ្ចប់សង្គ្រាមនៅក្នុងប្រទេសស៊ីរី ខណៈដែលក្រុមរដ្ឋអិស្លាមបានដណ្តើមកាន់កាប់ដែនដីភាគច្រើន និងបានកសាងរដ្ឋធានីដ៏រឹងមាំរបស់ពួកគេដោយមិនមាននរណាម្នាក់អាចប្រឆាំងជំទាស់បាននោះ ។
សេចក្តីព្រាងដែលធ្វើឡើងដោយអាមេរិក និងសម្ពន្ធមិត្តស៊ីរី គឺប្រទេសរុស្ស៊ីនោះមានវិធានការថ្មីបន្ថែមទៀតទាក់ទងបញ្ជីខ្មៅរបស់ក្រុមអាល់កៃដា ឬក្រុម ISIL (Saesh) ព្រមទាំងបញ្ជឺដាក់ទណ្ឌកម្មផងដែរ ដើម្បីជាសញ្ញាងាយស្រួល សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផ្តោតទៅលើក្រុមជ្រុលនិយមរដ្ឋអិស្លាមនោះ ។
សេចក្តីព្រាងនេះដែរបានជំរុញប្រទេសទាំងឡាយឲ្យប្តេជ្ញាខ្ពស់នៅក្នុងការអនុវត្តកាត់ផ្តាច់ប្រព័ន្ធលំហូសេដ្ឋកិច្ច ហិរញ្ញវត្ថុទៅកាន់ក្រុមរដ្ឋអិស្លាម ក្នុងនោះមានពាណិជ្ជកម្មប្រេងជាដើម ព្រមទាំងបញ្ជូនបញ្ជឺឈ្មោះទាំងឡាយនោះទៅក្នុងបញ្ជីឈ្មោះក្រុមដែលត្រូវដាក់ទណ្ឌកម្ម ។
ជាមួយគ្នានេះដែរ សេចក្តីព្រាងបានអំពាវនាវឲ្យរដ្ឋាភិបាលទាំងឡាយត្រូវតែធានា និងព្រាងច្បាប់ថា ការផ្តល់ហិរញ្ញវត្ថុទៅកាន់ក្រុមរដ្ឋអិស្លាម ឬក្រុមសកម្មប្រយុទ្ធក្រៅប្រទេសដែលចូលរួមជាមួយក្រុមរដ្ឋអិស្លាមនោះ គឺជាបទល្មើសឧក្រិដ្ឋកម្ម ។
សេចក្តីព្រាងរបស់រុស្ស៊ីដើម្បីប្រឆាំងទៅលើបណ្តាញផ្គត់ផ្គង់ហិរញ្ញវត្ថុទៅឲ្យក្រុមជ្រុលនិយមនោះបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៥មកម្ល៉េះ ប៉ុន្តែប្រទេសទាំងឡាយហាក់មានការព្រងើយកន្តើយមិនរវីរវល់ជាមួយនោះទេ ។
វិធានការចុងក្រោយនៃសេចក្តីព្រាងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺតម្រូវឲ្យប្រទេសទាំងឡាយត្រូវតែបង្ហាញរបាយការណ៍ក្នុងរយៈពេល១២០ថ្ងៃម្តងស្តីអំពីដំណើរការអនុវត្តពាក់ព័ន្ធបញ្ហាហិរញ្ញវត្ថុប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន ត្រូវស្នើឡើងឲ្យមានការរៀបចំរបាយការណ៍ក្នុងរយៈពេល៤៥ថ្ងៃម្តងស្តីអំពីការគំរាមកំហែងរបស់ក្រុមរដ្ឋអិស្លាម និងប្រភពសេដ្ឋកិច្ចរបស់ក្រុមនេះ ក៏ដូចជាការផ្តោតទៅលើការផ្តល់មូលនិធិទៅដល់ក្រុមសកម្មប្រយុទ្ធបរទេស ។
គណៈកម្មការទណ្ឌកម្មអង្គការសហប្រជាជាតិមានសមាជិកទាំងអស់១៥ប្រទេស អាចអនុវត្តការបង្កកទ្រព្យសម្បត្តិ និងហាមមិនឲ្យនាំអាវុធទៅលើបុគ្គលណា ឬអង្គភាពណាដែលមានទំនាក់ទំនងជាមួយក្រុមជ្រុលនិយមរដ្ឋអិស្លាម ។
ក្រុមអ្នកវិភាគមានមូលដ្ឋាននៅក្នុងទីក្រុងឡុង ចក្រភពអង់គ្លេសបានអះអាងថា ក្រុមរដ្ឋអិស្លាម ក្នុងមួយខែៗ រកចំណូលបានមិនតិចជាង៨០លានដុល្លារនោះឡើយ ។ ប៉ុន្តែទោះបីយ៉ាងណា ការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ី និងកម្លាំងសម្ពន្ធមិត្តដឹកនាំដោយអាមេរិកទៅលើទីតាំងអណ្តូងប្រេងរបស់ក្រុមរដ្ឋអិស្លាមនោះ ជាឧបសគ្គមួយធំណាស់ដែរដល់ការរកចំណូលរបស់ក្រុមរដ្ឋអិស្លាម ។
ក្រុមអ្នកវិភាគ ISH បានបញ្ជាក់ថា ជាងពាក់កណ្តាលនៃប្រភពចំណូលទាំងមូលរបស់ក្រុមរដ្ឋអិស្លាមគឺបានមកពីការជំរិតកំហែងយកប្រាក់ និងការលួចប្លន់ ។ ប្រមាណ៤៣ភាគរយនៃប្រភពចំណូលគឺក្រុមរដ្ឋអិស្លាមបានមកពីការលក់ប្រេង រីឯចំណូលផ្សេងៗទៀតគឺបានមកពីការរត់ពន្ធគ្រឿងញៀន ការបរិច្ចាគ និងការលក់អគ្គិសនីផងដែរ ៕
https://youtu.be/Kk8VeBW5zvc
ប្រែសម្រួល៖ ថាច់ យ៉ាត