ភ្នំពេញ៖ តារាសម្តែងនិយមលេងចរិកកាចឆ្នាស់ឆ្នើមគឺកញ្ញា ទឹម រដ្ឋា និងកញ្ញា ឌី សូនីតា នឹងប៉ះគ្នាក្នុងភាពយន្តភាគថ្មីរបស់ទូរទស្សន៍ប៉ុស្តិ៍លេង៥ គឺរឿង”ភ្លើងគំនុំ”។ សុទ្ធតែជាចរិកសម្តែងដែលពេញចិត្តពួកគេសង្ឃឹមថាភាពយន្តនេះនឹងពេញចិត្តអ្នកទស្សនាច្រើនជាមួយនឹងឈុតឆាកកាច់កុងគ្នាខ្លាំងក្នុងសាច់រឿង។
ការបញ្ជាក់ពីវត្តមានសម្តែងរួមគ្នានេះធ្វើឡើងកាលពីថ្ងៃទី១០ខែមិថុនានេះក្នុងកម្មវិធីក្រុងពាលីចេញផលិតភាពយន្តរឿង”ភ្លើងគំនុំ” ក្រោមវត្តមានផលិតករសិល្បករ ជាច្រើនរូបចូលរួម។
មិនមែនលើកទី១ទេដែលតារាសម្តែងស្រីកញ្ញា ទឹម រដ្ឋា ត្រូវបានផលិតករតម្រូវឱ្យកញ្ញាសម្ដែងជាតួឆ្នាសហើយរឿងថ្មីនេះនាងត្រូវបានផលិតករជ្រើសរើសនឹងសម្តែងជាតួស្រីមានចិត្តអាក្រក់ជាងបណ្ដារឿងមុនៗ។ ជាស្នាដៃថ្មីដែលតារាស្រីរូបនេះសម្តែងជាតួអង្គកាចខ្លាំងបន្ទាប់ពីរឿងពិសស្នេហ៍ដែលទើបនឹងបញ្ចប់ និងរៀបចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខនេះ។ នាងថានឹងកាន់តែប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីបំពេញចិត្តអ្នកគាំត្រដែលតែង គាំទ្រការសម្តែងរបស់នាង។ ទឹម រដ្ឋា បន្តថា សប្បាយចិត្តដែលបានសម្ដែងក្នុងរឿងនេះ ដោយនាងយល់ថាឱកាសទទួលបានរឿងនៅប៉ុស្តិ៍លេខ៥បន្តបន្ទាប់ ក៍អាចមកពីគោរពពេលវេលាបានល្អ និងទំនាក់ទំនងការងារល្អជាមួយផលិតករតាំងពីបានប្រលូកការងារនឹងគ្នានោះដែរ។ នាងក៏សប្បាយចិត្តនឹងវត្តមានសម្តែងរួមជាមួយតារាស្រី ឌី សូនីតា ដែលពូកែខាងសម្តែងតួកាចឆ្នាសឆ្នើមដូចគ្នាផងដែរ។
ឌី សូនីតា បញ្ជាក់ថា ក្នុងភាពយន្តនេះនាងសម្តែងជាតួអង្គពីរផ្សេងគ្នាម្នាក់កាចឆ្នាសឆ្នើម ម្នាក់សុភាពរាបសា ប៉ុន្តែមានឈុតឆាកកាចច្រើនជាង។ នាងថាភាពយន្តនេះនឹងកាន់តែធ្វើឲ្យទស្សនិកជនពេញចិត្ត ហើយនាងនឹងព្យាយាមសម្តែងមិនឲ្យទស្សនិកជនខកចិត្តឡើយ។ នាងថាកន្លងទៅមានការពេញចិត្តនឹងការងសម្តែងតួអង្គដែលមានអត្តចរិកបែបនេះ ហើយក៏អរគុណសម្រាប់ការជ្រើសរើសរបស់ផលិតករដែលសម្រេចឲ្យនាងសម្តែងក្នុងរឿងភាគថ្មីនេះដែរ។ នាងរំពឹងដែរថាការចាប់ដៃគូលេងរួមជាមួយតារាប្រុសស្រីល្បីឈ្មោះជាច្រើនក្នុងរឿង នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនជាក់ជាមិនខាន។
គួរបញ្ជាក់ដែរថា ភាពយន្តភាគរឿង”ភ្លើងគំនុំ” នឹងដំណើរការចេញផលិតចាប់ពីថ្ងៃបញ្ចប់ក្រុងពាលីតទៅ ដោយគ្រោងចំណាយពេលប្រមាណ៣ខែ។ ភាពយននតនេះ នឹងគ្រោងដាក់បញ្ចាំងនៅប៉ុស្តិ៍លេខ៥ នៅក្នុងម៉ោងមាស នៅអំឡុងចុងឆ្នាំ ឬដើមឆ្នាំ២០២០ខាងមុខនេះ៕