ភ្នំពេញ៖ ស្នាដៃផលិតករពោរពេញដោយទេពកោសល្យ លោក ចាន់ណា រ៉ូណាន ធ្លាប់បានចាប់អង្រួនវិស័យភាពយន្តខ្មែរឲ្យកក្រើកជាច្រើនលើកច្រើនសា។ បញ្ចប់ការថតភាពយន្តថ្មីភ្លាមផលិតករវ័យក្មេងរូបនេះ បានបង្ហើបថាស្នាដៃថ្មីនេះមានគ្រប់រសជាតិ និងសង្ឃឹមថានឹងមិនធ្វើឲ្យអ្នកគាំទ្រលោកខកចិត្ត។
មិនទាន់បញ្ជាក់អំពីឈ្មោះផលិតកម្ម ទុននៃការចំណាយ និងចំណងជើងភាពយន្តថ្មី របស់ខ្លួនក្តីក៏ផលិតករ លោក ចាន់ណា រ៉ូណាន បានបញ្ចេញរូបភាពនៃសកម្មភាពផលិត និងតារាសម្តែងមួយចំនួនក្នុងភាពយន្តខ្នាតធំថ្មីដែលកំពុងតែធ្វើការកាត់តបន្ទាប់ពីថតចប់កាលពីថ្មីៗកន្លងទៅ។ លោកបញ្ជាក់ថា លោកបានធ្វើការសាកល្បងឲ្យមនុស្សមួយចំនួនទស្សនាភាពយន្តនេះ ហើយពួកគេសរសើរថាជាភាពយន្តល្អ ហើយមានគ្រប់រស់ជាតិ ទាំងកំប្លែង កម្សត់ និងភ័យរន្ធត់។
លោកថាជារសជាតិថ្មីដែលលោកសម្រិតសម្រាំង ទាំងបច្ចេកទេសទំនើបថ្មី សាច់រឿង ពិសេសលោកបានរួមសហការជាមួយក្រុមការងារចាស់ ដែលរួមសាមគ្គីតស៊ូក្នុងផលិតរឿងដើម្បីប្រាកដថាជាភាពយន្តដែលមានគុណភាពប្រកួតប្រជែងក្នុងទីផ្សារ និងរំពឹងថាត្រូវចិត្តមិត្តអ្នកគាំទ្រលោកកន្លងមក។ លោកបានប្រដូចភាពយន្តថ្មីនេះថា”ការងារមួយនេះ ប្រៀបដូចជាកូនក្នុងផ្ទៃដែលខ្ញុំទន្ទឹងរងចាំ!
ហើយស្រមៃថា ពេលវាកើតមក មានមហាជនជាច្រើននិងស្រឡាញ់ពេញចិត្តកូនមួយនេះ ដូចខ្ញុំផងដែរ”។
ទោះជាយ៉ាងណាលោកនៅមិនទាន់កំណត់ពេលវេលានៃការចាក់បញ្ចាំងបាននៅឡើយទេខណៈដែលក្រុមបច្ចេកទេសបាននឹងកំពុងខិតខំសម្រិតសម្រាំងទាំងបច្ចេកទេសសំឡេង និងរូបភាព ហើយនៅវេលាជាក់លាក់ណាមួយលោកនឹងជម្រាបដល់ទស្សនិកជន ហើយលោកពិតជាអរគុណសម្រាប់ការគាំទ្រ និងទន្ទឹងរងចាំរបស់ទស្សនិកជនជាច្រើនចំពោះស្នាដៃថ្មីមួយនេះ។ លោកសន្យាថានឹងតស៊ូជម្នះក្នុងការផលិតច្នៃប្រឌិតតាមធនធាន ដើម្បីទទួលបានភាពយន្តមួយប្រកបដោយគុណភាព និងបម្រើការកម្សាន្តរបស់ទស្សនិកជន។
គួរបញ្ជាក់ដែរថាភាពយន្តថ្មីដែលបាននឹងកំពុងផលិតនេះត្រូវបានចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក ទ្រី តារាវុធ កញ្ញាឆាយ នីតា លោកភី ម៉ៃ លោក ជា លាងឆេ ជាដើម ។ ភាពយន្តនេះត្រូវបានផលិតនៅតំបន់មួយចំនួនធំនៃខេត្តបាត់ដំបង ៕ ដោយ វឌ្ឍនា