ភ្នំពេញ៖ ក្រុមកីឡាករបឹងកេតអង្គរ តំណាងឲ្យប្រទេសកម្ពុជា បានចេញដំណើរទៅប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយក្រុម ម្ចាស់ផ្ទះថៃ ឈ្មោះ Buriram United នៅពហុកីឡដ្ឋាន Suphachalasai National Stadium ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ នាល្ងាចថ្ងៃអាទិត្យទី ២០ ខែធ្នូ ឆ្នាំ២០១៥ ដើម្បី ដណ្តើមពានរង្វាន់ TOYOTA MEKONG CUP 2015 ។
ក្រុមកីឡាករបាល់ទាត់បឹងកេតអង្គរបានចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដើម្បីទៅបន្សុំាជាមួយអាកាសធាតុ នៅឯប្រទេសថៃរយៈពេល២ថ្ងៃមុនការប្រកួតឈានមកដល់ និងដើម្បីបានទៅហ្វឹក ហាត់ សមត្រៀមលក្ខណៈ ពីព្រោះគូប្រជ្រែង របស់ក្រុមបឹងកេត ជាក្រុមជើងឯក៤សម័យលីកកំពូល របស់ប្រទេសថៃ។
ក្រុមបឹងកេតអង្គរ ក៏បានរក្សាប្រវត្តិមិនធ្លាប់ចាញ់ ក្នុងវគ្គជម្រុះដោយក្រុមនេះ លេងឈ្នះឡាវ២-០ ឈ្នះមីយ៉ាន់៣-០កាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៥ ។ ចំណែកនៅវគ្គពាកកណ្តាលផ្តាច់ព្រ័ត្របឹងកេតអង្គរបានលេងឈ្នះអតីតជើងឯក ពានរង្វាន់ TOYOTA MEKONG CUP ឆ្នាំ២០១៤ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃទី៦ខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ។ ជ័យជម្នះស្ទួនៗ របស់ក្រុមបឹងកេតអង្គរ ទាំង៣ប្រកួត នេះបាននាំឲ្យក្រុកនេះឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយ Buriram United FC ។ ម្យ៉ាងទៀតក្រុមបឹងកេតអង្គរ ក៏ស្ថិតនៅលេខរៀងទី៣នៃMCL លីកកំពូលកម្ពុជា បន្ទាប់ពីពួកគេ លេងឈ្នះ ក្រុមខេមបូឌានថៃហ្គឺរ ចំនួន២ជើងកាលពីពេលថ្មីៗនេះ។
លោកប្រាក់ សុវណ្ណារ៉ា បានថ្លែងប្រាប់អ្នកគាំទ្រ របស់ខ្លួនមុនចេញដំណើរ ទៅប្រកួតនៅប្រទេសថៃថា ក្រុមបឹងកេតអង្គ រ មានមោទភាពខ្លាំងណាស់ ពីព្រោះនេះ គឺជាប្រវត្តិសាស្ត្រ ហើយដែលក្រុមបាល់ទាត់កម្ពុជា បានឡើ់ងដល់ វគ្គផ្តាច់ព្រ័ត្រ និងត្រូវប្រឈមជាមួយក្រុមជើងខ្លាំងប្រចាំនៅប្រទេសថៃទៀតផង។
គ្រូបង្វឹករូបនេះ បានបន្តទៀតថា ខ្ញុំនិងសមាជិកក្រុមទាំងអស់មិនធ្វើឲ្យទស្សនិកជនអស់សង្ឃឹមឡើយ ទោះបីយ៉ាងណា ក៏ក្រុមបឹងកេតអង្គរ លេងឲ្យអស់ពីសមត្ថភាពដែរ៕ សារីម