ខេត្តបាត់ដំបង៖ គ្រឿងអលង្ការមួយចំនួនធំត្រូវបាននគរបាលខេត្តបាត់ដំបងបានរកឃើញបន្ថែមទៀត នៅក្នុងប្រឡាយទឹកមួយកន្លែងនៅកណ្តាលវាលស្រែក្នុងភូមិសាស្ត្រស្រុកមោងប្ញស្សីនៅចម្ងាយពីថ្នល់ជាតិលេខ៥ជិត១០គីឡូម៉ែត្រ បន្ទាប់ពីនគរបាលបាននាំខ្លួនសមាជិកក្រុមចោរប្លន់ម្នាក់ទៅចង្អុលបង្ហាញ ដែលគេបានយកគ្រឿងអលង្ការទៅបោះចូលក្នុងប្រឡាយទឹកដោយខ្ចប់ក្នុងខោជើងវែងមួយនៅពេលរត់គេចខ្លួនពីការតាមប្រម៉ាញ់របស់សមត្ថកិច្ច ។
ក្រោយពីក្រុមចោ្លរប្លន់មួយក្រុមប្រដាប់ដោយអាវុធបានប្លន់ទ្រព្យសម្បត្តិបានសម្រេចទៅលើអាជីវករលក់មាសពីរនាក់ប្តីប្រពន្ធនៅក្នុងក្រុងបាត់ដំបងកាលពីកន្លងទៅថ្មីៗនេះ ។ ការរកឃើញនូវគ្រឿងអលង្ការក្រោយពីអំពើប្លន់របស់កងកម្លាំងនគរបាលខេត្តបាត់ដំបង ដោយគេមើលឃើញថាមានការខិតខំ របស់កងកម្លាំងនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្ត បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចវាលស្រែមួយកន្លែងស្ថិតក្នុងភូមិទួលព្រំ ឃុំកកោះ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
សូមបញ្ជាក់ថាពាក់ព័ន្ធ និងអំពើប្លន់ក្នុងរយៈពេលចុងក្រោយនេះ ដោយកាលពីកន្លងទៅថ្មីៗ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រមានបកសក្តិ និងដកតំណែងលោកស្នងការចំនួន៣ខេត្តបើសិនជាបង្ក្រាបក្រុមចោរប្លន់មិនបានទេនោះ ។
គ្រឿងអលង្ការដែលរកឃើញរួមមានចិញ្ចៀនចំនួន៤៤វង់ ក្រវិល១៦គូនិងក្រវិល១៦ចំហៀង និងប្រាក់ខ្មែរចំនួន ២ម៉ឺនរៀល ។ គ្រឿងអលង្ការទាំងនោះនៅថ្ងៃដដែល ក៏ត្រូវបាននគរបាលខេត្តបាត់ដំបងធ្វើការប្រគល់ទៅឱ្យម្ចាស់ដើមវិញផងដែរ ។
សូមរំលឹកថាកាលពីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មាន ក្រុមចោរប្លន់ប្រដាប់អាវុធវែងខ្លីចំនួន២ដើមជិះម៉ូតូ៣គ្រឿង បានធ្វើសកម្មភាពប្លន់អាជីវករអ្នកលក់មាស២នាក់ប្តីប្រពន្ធដោយបាញ់គម្រាម៣គ្រាប់ ហើយប្លន់យកទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់បានសម្រេច ខណៈដែលអាជីវករលក់មាសពីរនាក់ប្តីប្រពន្ធ បានជិះរថយន្តចេញពីកន្លែងលក់មាសនៅផ្សារណាត់ មកដល់ចំណុចខាងមុខផ្ទះរបស់ជនរងគ្រោះ ។ ក្រោយពីប្លន់រួចហើយក្រុមចោរប្លន់ទាំងនោះបានរត់គេចខ្លួនបាត់ ។
នៅថ្ងៃដដែលកម្លាំងសមត្ថកិច្ចបានដាក់ពង្រាយ និងធ្វើការត្រួតពិនិត្យគ្រប់ ច្រកល្ហកដើម្បីស្វែងរកចាប់ខ្លួនក្រុមចោរប្លន់ទាំងនោះ ។ លុះបន្ទាប់មកសមាជិកក្រុមចោរប្លន់ពីរនាក់ក៏ត្រូវបានកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាលបង្ក្រាបចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ។
ជនសង្ស័យពីរនាក់ជាចោរប្លន់នោះមានឈ្មោះ ទី១ឈ្មោះ យ៉ាន់ ថា ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិស្តៅអែម ឃុំចំបក់ស្រុកបាទី ខេត្តតាកែវ និងទី២ឈ្មោះនៅ រស់ អាយុ៥៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង បច្ចុប្បន្នគ្មានទីលំនៅពិតប្រាកដ ជនសង្ស័យទាំងពីរនាក់សុទ្ធតែមុខសញ្ញាទើបចេញពីពន្ធនាគារ ។ នៅពេលនោះសមត្ថកិច្ចរកឃើញដកហូតបានចិញ្ចៀនចំនួន២៩វង់ ក្រវិលចំនួន១៦គូ ម៉ូតូ១គ្រឿង និងកាំភ្លើងខ្លីកា៥៩ មួយដើម ។
ជនសង្ស័យទាំង២នាក់នោះមកដល់ពេលនេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានតុលាការបញ្ជាឱ្យយកទៅឃុំខ្លួននៅពន្ធនាគារខេត្តនោះហើយ ៕
ដោយ៖ សំ វិច្ឆិកា