តៃវ៉ាន់គឺជាដីកោះ ស្ថិតនៅក្រោមអាណានិគមជប៉ុន តៃវ៉ាន់ក្លាយជាទឹកដីរបស់ចិនវិញ!!
យោងតាមគេហទំព័ររដ្ឋាភិបាលកោះតៃវ៉ាន់ បន្ទាប់ពីរបបរាជានិយមចុងក្រោយត្រូវបានផ្តួលរំលំ សាធារណរដ្ឋចិនត្រូវបានបង្កើតឡើងនៅឆ្នាំ១៩១២។ ទោះបីជាយ៉ាងណា នៅពេលនោះ កោះតៃវ៉ាន់ស្ថិតនៅក្រោមអាណានិគមជប៉ុននៅឡើយ ដោយសារកិច្ចព្រមព្រៀងស៊ីម៉ូណូសេគីឆ្នាំ១៨៩៥ ដែលនៅក្នុងកិច្ចព្រមព្រៀងនេះ រាជវង្សឈីង “Qing Dynasty” (១៦៤៤ ដល់១៩១២) បានកាត់ទឹកដីតៃវ៉ាន់ទៅឱ្យជប៉ុន។ ប៉ុន្តែ នៅពេលដែលកងទ័ពអធិរាជជប៉ុនចុះចាញ់សង្គ្រាមលោកលើកទីពីរនៅឆ្នាំ១៩៤៥ រដ្ឋាភិបាលសាធារណរដ្ឋចិនបានចាប់ផ្តើមអនុវត្តវិធីសាស្ត្រដើម្បី គ្រប់គ្រង់តៃវ៉ាន់វិញ។
នៅឆ្នាំ១៩៤៩ រដ្ឋាភិបាលសាធារណរដ្ឋចិនបានប្តូរទៅកាន់កោះតៃវ៉ាន់ ដោយមានប្រជាជនចិន១លាន២សែននាក់ពីដីគោកទៅជាមួយ ក្នុងខណៈពេលដែលកំពុងធ្វើសង្គ្រាមស៊ីវិល ជាមួយបក្សកុម្មុយនីស្តចិន។ ចាប់តាំងពីពេលនោះមក កោះតៃវ៉ាន់ និងដែនដីចិនដីគោក ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិនដាច់ដោយឡែកពីគ្នា។
គួរបញ្ជាក់ថា ដែនដីកោះតៃវ៉ាន់មានទំហំ ៣៦ ១៩៣ គីឡូម៉ែត្រការ៉េ ចម្ងាយប្រមាណជា១៨០គីឡូម៉ែត្រភាគនិរតីនៃប្រទេសចិនដីគោក និងមានប្រជាជនសរុប២៣,៥៨ លាននាក់រស់នៅ។
អាមេរិកចូលចិត្តលេងល្បែងចាប់ដៃជាន់ជើងជាមួយចិនទាក់ទងកោះតៃវ៉ាន់។
ចាប់តាំងពីឆ្នាំ១៩៤៩ ឆ្នាំដែលបក្សកុម្មុយនិស្តឡើងកាន់អំណាចនៅប៉េកាំងមក និងក្រោយសង្គ្រាមស៊ីវិលបង្ហូរឈាមមក តៃវ៉ាន់ស្ថិតក្រោមការដឹកនាំដាច់ដោយឡែក និងមានរបបដឹកនាំផ្ទុយពីចិនដីគោកក្តី ក៏រដ្ឋាភិបាលក្រុងប៉េកាំងតែងតែចាត់ទុកតៃវ៉ាន់ជាចំណែកមួយនៃដែនដីទាំងមូលរបស់ចិនដដែល។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក ដែលបានកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់ តាំងពី១៩៧៩ ដើម្បីភ្ជាប់ទំនាក់ទំនងការទូត និងទទួលស្គាល់ប៉េកាំងជាតំណាងចិនតែមួយនោះ នៅតែរក្សាខ្លួនជាសម្ព័ន្ធមិត្តដ៏មានអំណាច និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ចំបងរបស់តៃវ៉ាន់ដដែល។
លើសពីនេះ ទំនាក់ទំនងរវាងអាមេរិក និងតៃវ៉ាន់ កាន់តែត្រូវបានលាតត្រដាង និងពង្រឹងបន្ថែមទៀត ដោយប្រធានាធិបតី ដូណាល់ ត្រាំ តាមរយៈចេតនា ចង់លក់សព្វាវុធទំនើបទៅឱ្យរដ្ឋាភិបាលក្រុងតៃប៉ិនោះ ហើយរដ្ឋការលោក ដូណាល់ ត្រាំ ក៏បានដាក់សំណើទៅសភារួចហើយអំពីគម្រោងចង់លក់សម្ភារៈបរិក្ខាយោធាទៅតៃវ៉ាន់ ក្នុងតម្លៃប្រមាណពីរពាន់លានដុល្លារសហរដ្ឋអាមេរិក។
ប្រជាជនតៃវ៉ាន់បាតុកម្មទាមទាររៀបចំប្រជាមតិសុំផ្តាច់ខ្លួនជាផ្លូវការពីចិន
យោងតាមវិទ្យុបារាំងអន្តរជាតិ ផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋតៃវ៉ាន់ ប្រមាណជាមួយសែននាក់ បាននាំគ្នាធ្វើបាតុកម្ម នៅក្រុងតៃប៉ិ ដើម្បីទាមទារឱ្យរដ្ឋាភិបាលតៃវ៉ាន់ រៀបចំប្រជាមតិសុំឯករាជ្យឱ្យដែនដីកោះនេះ។
នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីតៃវ៉ាន់បានក្លាយជាកោះប្រជាធិបតេយ្យមក ដែលមានការប្រមូលផ្តុំធ្វើបាតុកម្មទ្រង់ទ្រាយធំខ្លាំង សុំរៀបចំធ្វើប្រជាមតិ ដើម្បីប្រកាសទាមទារឯករាជ្យកោះជាផ្លូវការយ៉ាងដូច្នេះ។
គួរបញ្ជាក់ថា បាតុកម្មនេះទទួលការគាំទ្រដោយអតីប្រធានាធិបតីតៃវ៉ាន់ លោក លី តេងហុយ (Lee Teng-hui) និងលោក ឆេង ស៊ុយយបៀន (Cheng Shui-bian) ដោយមានបាតុករជាអ្នកឯករាជនិយមជាងមួយសែននាក់ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ ព្រមទាំងអង្គការសមាគមសាសនា។
សម្រាប់ក្រុមបាតុករ មានតែការធ្វើប្រជាមតិទេ ទើបប្រពលរដ្ឋតៃវ៉ាន់អាចបង្ហាញសហគមន៍អន្តរជាតិទាំងមូល អំពីសិទ្ធិនៃការស្ថាបនាប្រទេសមួយឯករាជ្យ។ ហើយដល់វេលាដែលតៃវ៉ាន់ ត្រូវហ៊ានបញ្ចេញសកម្មភាព ធ្វើជាម្ចាស់លើខ្លួនឯង ក្លាយជាប្រទេសមួយដ៏ពេញលេញ និងមិនលេបត្របាក់បាត់ដោយចិនដីគោកនោះ។
បាតុកម្មនេះក៏កំពុងរុញច្រានឱ្យលោកស្រីប្រធានាធិបតីតៃវ៉ាន់ ឆៃ អ៊ីងវេន (Tsai Ing-wen) កំពុងស្ថិតក្នុងជំហរដ៏លំបាក ព្រោះត្រូវទ្រាំនឹងព្រនង់របស់មហាអំណាចចិនផង និងត្រូវទប់ទល់នឹងរលកឯករាជ្យផ្ទៃក្នុងផង។
ទោះបីជាយ៉ាងណា ដើម្បីអាចរៀបចំប្រជាមតិបាន គេត្រូវធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដែលហាមឃាត់មិនឱ្យមានបោះឆ្នោតណាប៉ះពាល់ប្តូរច្បាប់និងអធិបតេយ្យភាពនោះ។ ប៉ុន្តែ អ្នកវិភាគបានលើកឡើងថា លោកស្រី ឆៃ អ៊ីងវេន ទំនងជាគ្មានថ្ងៃធ្វើវិសោធកម្មច្បាប់ ហើយលោកស្រីប្រធានាធិបតីបានហាមឃាត់សកម្មជនបក្សទាំងអស់មិនឱ្យចូលរួមជាមួយចលនាបាតុកម្មពលរដ្ឋនេះឡើយ។
ប្រធានាធិបតីចិនអំពាវនាវឱ្យមានការបង្រួបបង្រួមគ្នាជាថ្មីដោយសន្តិវិធីជាមួយកោះតៃវ៉ាន់
យោងតាមសេចក្តីរាយការណ៍របស់វិទ្យុសំឡេងសហរដ្ឋអាមេរិក ផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) បានថ្លែងសុន្ទរកថាមួយថ្ងៃ ក្រោយពីលោកស្រីប្រធានាធិបតីតៃវ៉ាន់ ឆៃ អ៊ីងវេន (Tsai Ing-wen) បាននិយាយថា ប្រទេសចិនត្រូវតែទទួលស្គាល់ឋានៈនៃកោះតៃវ៉ាន់ជាកោះមួយគ្រប់គ្រងដោយខ្លួនឯង។
លោកប្រធានាធិបតី ស៊ី ជីនពីង បាននិយាយថា កោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងគួរបោះបង់ចោលគំនិតចង់បានឯករាជ្យ ហើយយល់ព្រមថាខ្លួនជាផ្នែកមួយនៃប្រទេសចិន។
លោកប្រធានាធិបតីចិន បានបញ្ជាក់ជាថ្មីទៀតអំពីគោលនយោបាយយូរយារមកហើយរបស់ប្រទេសជាតិលោកចំពោះកោះតៃវ៉ាន់ ដើម្បីកំណត់ខួបឆ្នាំទី៤០ នៃសុន្ទរកថាមួយគួរកត់សម្គាល់ក្នុងប្រវត្តិសាស្ត្រមានចំណងជើងថា «សារដល់ជនរួមជាតិនៅក្នុងកោះតៃវ៉ាន់» ដែលបាននាំឱ្យមានទំនាក់ទំនងខាងការទូតរវាងគូប្រជែងទាំងពីរនេះ។
លោកប្រធានាធិបតី ស៊ី ជីនពីង បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបើកចំហក្នុងការបង្កើត «ឱកាសដ៏ទូលំទូលាយមួយសម្រាប់ការបង្រួបបង្រួមគ្នាជាថ្មីឡើងវិញដោយសន្តិវិធី» ជាមួយកោះតៃវ៉ាន់ ដែលនឹងកើតមានឡើងតាមរយៈប្រព័ន្ធ «ប្រទេសមួយប្រព័ន្ធពីរ»។
ប៉ុន្តែ លោកក៏បានព្រមានថា ប្រទេសចិននឹងមិនអនុញាតឱ្យមានឱកាសសម្រាប់ «សកម្មភាពទាមទារបំបែករដ្ឋ» ទេ ហើយលោកបាននិយាយជាថ្មីទៀតអំពីការប្តេជ្ញារបស់ប្រទេសចិនថា នឹងធ្វើសកម្មភាពយោធាដើម្បីឱ្យបានសម្រេចការបង្រួបបង្រួមប្រទេសជាតិជាថ្មី ៕