ភ្លុកដំរី និងស្រកាសត្វពង្រួលជាង៧តោន ត្រូវប៉ូលិសវៀតណាមរឹបអូស

ចែករំលែក៖

ការជួញដូរ ភ្លុកដំរី និង ស្រកាសត្វពង្រួល ចូលទៅកាន់ប្រទេសវៀតណាម មានការកើន​ឡើង រយៈពេលចុងក្រោយនេះ  ហើយកម្លាំង ប្រឆាំងបទ​ល្មើសឆ្លងដែនវៀតណាម​តែងតែចាប់បានជាញឹកញាប់។

សារព័ត៌មាន AP បានផ្សាយ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះថា ប៉ូលិសវៀតណាមបានរឹបអូសភ្លុកដំរី និងស្រកាសត្វពង្រួល សរុប៧,៥តោន ។ នេះគឺជាការបង្ក្រាបករណីរត់ពន្ធសត្វព្រៃដ៏ធំបំផុត នៅក្នុងប្រទេស​វៀតណាម ។ 

ភ្នាក់ងារព័ត៌មានវៀតណាម VNA បានផ្សាយថា ប៉ូលិសវៀតណាម រឹបអូសភ្លុកដំរី បានចំនួន៣,៥តោន និងស្រកាសត្វពង្រួលចំនួន៤តោនទៀត។ វត្ថុតាងល្មើសច្បាប់ទាំងនេះ ត្រូវឈ្មួញខិលខូចបង្កប់លាក់ទុក នៅក្នុង​ធុងដែក។ ប៉ុន្តែមន្ត្រីគយវៀតណាម បានត្រួតពិនិត្យ នៅលើទូកុងតឺន័រ ខណៈដឹកជញ្ជូនមកដល់កំពង់​ផែ ហាយផុង (Hai Phong ) នៅភាគខាងជើង នៃប្រទេសវៀតណាម ហើយរកឃើញភ្លុក និងស្រកាសត្វពង្រួលទាំងនោះ។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ ប៉ូលិសវៀតណាម ចាប់ផ្តើមស៊ើបអង្កេត អំពីករណីឧក្រិដ្ឋ ទាក់ទងបទល្មើសនេះ ។

ក្រុមអាជ្ញាធរវៀតណាម និយាយថា អ្នកដែលប្រមាញ់ និងធ្វើពាណិជ្ជកម្មភ្លុកដំរី ឬស្រកាសត្វពង្រួល ពេលចាប់ខ្លួនបាន នឹងត្រូវផ្តន្ទាទោស ដាក់នៅក្នុងពន្ធនាគារយ៉ាងតិច៥ឆ្នាំ។

បើតាមសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត បានឲ្យដឹងថា ប្រទេសវៀតណាមក្លាយជាគោលដៅ និងជាផ្នែកមួយ នៃការរត់ពន្ធសត្វព្រៃផងដែរ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print