ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចាប់ជនជាតិចិនសង្ស័យបង្ខាំងជនជាតិចិនដូចគ្នាជម្រិតទាប្រាក់កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅក្នុងផ្ទះសំណាក់ពីរកន្លែងផ្ទះសំណាក់សុផលថាវីនិងផ្ទះសំណាក់លីហ៊ូវក្នុងក្រុងប៉ោយប៉ែត។
ចាប់ឃាត់ខ្លួនជនជាតិជនបានសរុបចំនួន១២នាក់ ក្នុងថ្ងៃតែមួយ ២ទីតាំងផ្សេងគ្នា ពាក់ពន្ឋ័ទៅនឹងករណីប្រើហឹង្សា ចាប់មនុស្សបង្ខាំងទុក ជំរិតទារប្រាក់។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថាទីតាំងដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះមាន ផ្ទះសំណាក់យីហោ «សុផលថាវី » ឃាត់បានជនសង្ស័យជាជនជាតិ ចិនបានចំនួន ៦នាក់ រំដោះជនរងគ្រោះបាន១នាក់ រីឯមួយកន្លែងទៀត នៅផ្ទះសំណាក់«លីហ៊ូវ» ឃាត់បានជនជាតិចិនបានចំនួន៦នាក់ រំដោះជនរងគ្រោះបាន២នាក់។
ពាក់ព័ន្ធករណីខាងលើ នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនានេះ លោកព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ករណីនេះពិតជាមានមែន ដោយឃាត់ជនសង្ស័យជនជាតិចិន បាន១២នាក់ និងជួយជនរងគ្រោះជាជនចិនដូចគ្នាបាន០៣នាក់ផងដែរ។
ដោយលោកបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យដែលជាជនជាតិចិនទាំង១២នាក់ខាងលើ កំពុងធ្វើការសួរនាំ នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំណែកជនរងគ្រោះត្រូវយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ផងដែរ៕វណ្ណា