ភ្នំពេញ៖ ដោយសារតែជនខិលខូច មានចេតនាទុច្ចរិតក្នុងជំនួញរកសុីល្មើសច្បាប់ ចង់មាន ចង់បានជាសេដ្ឋីទាំងងងឹតងងល់ គឺម្ចាស់ក្លឹបAJR KTV ក្រុងប៉ោយប៉ែត ត្រូវបានខាងអង្គភាព (ស.ស.យ.ក )ខេត្តស្វាយរៀង ប្រកាសបដិសេធមិនទទួលស្គាល់ម្ចាស់ក្លឹបខារ៉ាអូខេឈ្មោះ AJR KTV ក្រុងប៉ោយប៉ែត ជាសមាជិក និងព្រមានចាត់វិធានការផ្លូវច្បាប់ ខណៈជនរូបនេះធ្វើអោយប៉ៈពាល់ដល់ភាពថ្លៃថ្នូ កិត្តិយស ស្ថាប័នដ៏មានប្រជាប្រិយភាពលេចធ្លោក្នុងសង្គមជាតិ ធ្វើសកម្មភាពជួយសង្គមរបស់ (ស.ស.យ.ក )។
ពាក់ព័ន្ធទីតាំងជួញដូរ ប្រើប្រាស់សារធាតុញៀននៅក្នុងក្លឹបAJR KTV ក្រុងប៉ោយប៉ែតដ៏ល្បី ហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបង្ក្រាបក្នុងបទល្មើសជាក់ស្តែង ហើយម្ចាស់ក្លឹបយកឈ្មោះ (ស.ស.យ.ក )ប្រើពង្រឹងជំនួញទុច្ចរិតនេះ ខាងសហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសបដិសេធមិនទទួលស្គាល់ម្ចាស់ក្លឹបកម្សាន្តឈ្មោះ AJR KTV ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបាននិយាយថា ខ្លួនជាសមាជិក ស.ស.យ.ក ស្វាយរៀង ហើយបើកអាជីវកម្មក្លឹបកម្សាន្ត មានបង្កប់ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន។
ក្នុងនោះ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តស្វាយរៀង បានអោយអ្នកសារព័ត៍មានដឹងថា៖ កាលពីម្សិលមិញបានបន្តថា៖ លោកមិនអាចទទួលយកបានទេ ចំពោះការអះអាងរបស់បុគ្គលឈ្មោះ ឡាយ ប៉េងអាន អាយុ៣២ឆ្នាំ ត្រូវបានគេផ្សព្វផ្សាយថា ជាក្រុមការងារយុវជន ស.ស.យ.ក ខេត្តស្វាយរៀង។
លោក បានមានប្រសាសន៍ថា «សមាជិក ស.ស.យ.កគឺជាយុវជនធ្វើអំពើល្អដើម្បីសង្គម មិនមែនធ្វើអំពើបែបនេះទេ។ ស.ស.យ.ក ខេត្តស្វាយរៀង សូមបដិសេធថា ម្នាក់នេះមិនមែនជាសមាជិក ស.ស.យ.ក ស្វាយរៀងទេ»។
លោកអភិបាលរងខេត្ត លោក តូច ប៉ូលីវ៉ា បានលើកឡើងថា បុគ្គលរូបនេះត្រូវចេញមុខបកស្រាយកែតម្រូវឡើងវិញ ចំពោះការអះអាងខាងលើនេះ បើមិនដូច្នេះទេ នឹងប្រឈមវិធានការផ្លូវច្បាប់។
ពាក់ព័ន្ធករណីនេះដែរ ផេកហ្វេសប៊ុកផ្លូវការរបស់ ស.ស.យ.ក បានផ្សាយសារបដិសេធថា «កាលពីពេលថ្មីៗនេះ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយថា “បុគ្គលឈ្មោះ ឡាយ ប៉េងអាន ម្ចាស់ក្លឹប AJR KTV ថា ជាក្រុមការងារ ស.ស.យ.ក ខេត្តស្វាយរៀង” ដែលធ្វើឲ្យមហាជនមានការភាន់ច្រឡំ។ ក្នុងនោះផងដែរ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សូមធ្វើការច្រានចោលនូវព័ត៌មាននេះ ដោយសារបុគ្គលឈ្មោះ ឡាយ ប៉េងអាន មិនមែនជាក្រុមការងារ ស.ស.យ.ក ខេត្តស្វាយរៀង ដូចការចុះផ្សាយនោះទេ»។
យោងតាមសេចក្តីរាយការណ៍ផ្សេងៗ បានឲ្យដឹងថាឈ្មោះ ឡាយ ប៉េងអាន ក្រៅពីបើកក្លឹបកម្សាន្តបង្កប់គ្រឿងញៀន បុគ្គលរូបនេះ មានហាងបញ្ចាំម៉ូតូក្តៅ ឡានក្តៅ ដោយខុសច្បាប់ ដើម្បីយកការប្រាក់ខ្ពស់ហួសហេតុ គឺពី៣ ទៅ៥ភាគរយ ក្នុងមួយថ្ងៃ។ មិនតែប៉ុណ្ណោះបុគ្គលរូបនេះ ថែមទាំងមានឃ្លាំងលក់រថយន្តទំនើបដ៏ធំ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងក្រុងប៉ោយប៉ែត។
សូមរំឭកថា កម្លាំងកងរាជអាវុធក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ បានបង្ក្រាបសម្បុកគ្រឿងញ្ញៀនដ៏ធំហើយបានសង្គ្រោះក្រុមយុវវ័យខ្មែរក្មេងៗ ដែលធ្លាប់តែគេចពីសាលាសង្ងំជក់ និងលេបថ្នាំញៀនក្នុងក្លឹបមួយនេះ។
ពាក់ព័ន្ធនិងជន ឈ្មោះ ឡាយ ប៉េងអាន ម្ចាស់ក្លឹប AJR KTV បើកក្លឹប ផ្តល់ជាទីតាំងជួញដូរ ប្រើប្រាស់សារធាតុញៀន , យកឈ្មោះ អង្គភាពសហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង ជាសមាជិក និងក្រុមការងារប្រើ ប៉ះពាក់ភាពស្អាតស្អំស្ថាប័នមួយនេះ, បង្កើតជំនួញទទួលបញ្ចាំ ឡាន ម៉ូតូ ខុសពីប្រក្រតី ផ្ទុយពីច្បាប់កំណត់លើអត្រាការប្រាក់ សុទ្ធតែជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការ ជាបន្ទាប់ ឈានដល់ចាប់ខ្លួន បុគ្គល ឈ្មោះ ឡាយ ប៉េងអាន ម្ចាស់ក្លឹប AJR KTV តាមនីតិវិធីច្បាប់។
មជ្ឈដ្ឋានទូទៅរបស់ប្រជាជន និងមន្ត្រីរាជការ កំពុងរងចាំថា៖ ជនរកសុីដោយជំនួញទុច្ចរិតនេះអាចប្រឈមនិងការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ដែរឬទេ ៕ ដោយ៖ សុខ ខេមរា