ខេត្តរតនគិរី÷ ឈើប្រណីតប្រភេទកកោះនិងសុក្រមបានជាច្រើនដុំដែលក្រុមឈ្មួញទុច្ច រឹតបានដឹកជញ្ជូនយកមកលាក់ទុកបម្រុងដឹកបន្តទៅលក់នៅប្រទេសវៀតណាមត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបនិងរឹបអូសយកមករក្សារទុក។
ប្រតិបត្តិការចុះបង្ក្រាបឈើខាងលើនេះធ្វើឡើងនៅវេលាម៉ោង២.៣០នាទីរសៀលថ្ងៃអាទិត្យ ១៤ កើត ខែជេស្ឋ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ត្រង់ចំណុចភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។
ការចុះបង្ក្រាបនោះមានកម្លាំងសមត្ថកិច្ចចម្រុះ កម្លាំងអធិការនគរបាលស្រុកអណ្តូងមាស កម្លាំងនគរបាលប៉ុស្តិ៍ឃុំញ៉ាង
កម្លាំងអាវុធហត្ថស្រុកអណ្តូងមាស និងសហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសព្រៃឈើ បាន២កន្លែងផ្សេងគ្នា។
ប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបបទល្មើសព្រៃឈើនោះផ្ទាល់បានឱ្យដឹងថា ឈើប្រភេទកកោះនិងសុក្រម មានមុខកាត់ឡាំងបួនជ្រុងប្រវែង២,៥ម៉ែត្រ បានជាច្រើនដុំប៉ុន្តែមិនទាន់ធ្វើការប្រមូលនិងរាប់ចំនួនដុំនៅឡើយទេ។
ប្រភពដដែលបន្តថា ឈើដែលបង្ក្រាបរឹបអូសខាងលើនេះ សមត្ថកិច្ចចម្រុះបានប្រគល់ទៅឱ្យជំនាញរដ្ឋបាលព្រៃឈើផ្នែកបរកែវដើម្បីអនុវត្តបន្ត។
ប្រភពពីតំបន់នោះថា ក្រុមឈ្មួញអ្នកដែលប្រមូទិញឈើនោះមានមុខដដែលៗទេតែងដឹកជញ្ជូនឈើដោយលួចលាក់ទៅលក់នៅប្រទេសវៀតណាម ខណ:ដែលភូមិសាស្ត្រខាងលើនេះនៅឆ្ងាយពីទីប្រជុំជន។
ហើយថ្នាក់ដឹកនាំក៏និងកំរ៉ទៅដល់ណាស់ទើបឈ្មួញឆ្លៀតឱកាសលួចដឹកជញ្ជូនឈើបានយ៉ាងរលូនបែបនេះតែត្រូវប្រជាពលរដ្ឋរាយការណ៍ក៏ឈានដល់មានការបង្ក្រាបតែម្តង៕
ដោយ ជីវន្ត័